ដើមកំណើតកាសែតភាសាខ្មែរ និងបារាំងនៅកម្ពុជា
- ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១១:២៩ នាទី ព្រឹក

ភ្នំពេញ៖ សារព័ត៌មាន«នគរវត្ត»ចាប់ផ្តើមចេញផ្សាយនៅឆ្នាំ១៩៣៦ រីឯ សារព័ត៌មាន«កម្ពុជា» ចេញផ្សាយនៅឆ្នាំ១៩៤៦។ មុនឆ្នាំ១៩៣៦ ឬអាចថា មុនឆ្នាំ១៩២៥ ប្រទេសកម្ពុជាមានកាសែតជាភាសាបារាំងចំនួនពីរដែលមានឈ្មោះថា L’Avenir du Cambodge និង L’Echo du Cambodge។ L’avenir du Cambodge មានន័យថា អនាគតកម្ពុជា រីឯ L’écho du Cambodge មានន័យថា សំឡេងកម្ពុជា។

លោកបណ្ឌិតប្រវត្តិសាស្រ្តខ្មែរ ស៊ន សំណាង ធ្លាប់បានឲ្យដឹងថា សារព័ត៌មានជាភាសាបារាំងទាំងពីរនេះ ដឹកនាំដោយជនជាតិបារាំងដោយមានការចូលរួមពីអ្នកសារព័ត៌មានខ្មែរ។ បើយោងតាមលោក សំណាង, សារព័ត៌មាន L’Avenir du Cambodge et L’Echo du Cambodge បានបង្កើតឡើងនៅមុនឆ្នាំ១៩២៥ ព្រោះ សារព័ត៌មានទាំងពីរនេះ បានសរសេរពីប្រវត្តិនៃការសម្លាប់លោករ៉េស៊ីដង់ បាដែស (ជនជាតិបារាំង) នៅក្នុងខេត្តកំពង់ឆ្នាំនៅឆ្នាំ១៩២៥ ដោយសាររដ្ឋបាលបារាំងជំនាន់នោះដំឡើងពន្ធដារ។ លោក បាដែស មានតួនាទីដូចជាចៅហ្វាយខេត្ត ឬជាចៅហ្វាយតំបន់នាសម័យនោះ(ជំនាន់បារាំង)។ តែត្រង់ថា កាសែត L’avenir du Cambodge និង L’écho du Cambodge បង្កើតនៅឆ្នាំណាឲ្យពិតប្រាកដនោះ គ្មាននរណាអាចបញ្ជាក់បានឡើយ។
លោក ស៊ន សំណាង បណ្ឌិតប្រវត្តិសាស្រ្តខ្មែរ ធ្លាប់បានអោយដឹងថា កាសែតប្រចាំសប្តាហ៍ខ្មែរទី១ឈ្មោះ«នគរវត្ត»ជាភាសាខ្មែរត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៦ នៅទីក្រុងភ្នំពេញដោយមានចាងហ្វាងឈ្មោះ ប៉ាច ឈឺន។ លោក ប៉ាច ឈឺន ទទួលបានមនោគមន៍វិជ្ជាប្រជាធិបតេយ្យច្រើនពីប្រទេសបារាំង មុនពេលដែលគាត់សម្រេចចិត្តបង្កើតកាសែតសន្លឹកនៅឆ្នាំ១៩៣៦។ ថ្ងៃបង្កើតសារព័ត៌មាន «នគរវត្ត» ត្រូវបានគេផ្តល់ព័ត៌មានពីរផ្សេងគ្នា។ មតិទី១ថា សារព័ត៌មាន នគរវត្ត បានបង្កើតឡើងនៅថ្ងៃទី១៩ខែធ្នូឆ្នាំ១៩៣៦ តែមតិទី២ថា កាសែតនេះ បានបង្កើតឡើងនៅថ្ងៃទី២៦ខែធ្នូឆ្នាំ១៩៣៦។
លោក ប៉ាច ឈឺន គឺជាអតីតអ្នកបកប្រែអោយរដ្ឋបាលបារាំងក្នុងសង្រ្គាមលោកលើកទី១ពីឆ្នាំ១៩១៤-១៩១៨។ ក្នុងបេសកកម្មរបស់លោកនៅក្នុងប្រទេសបារាំងក្នុងនាមជាអ្នកបកប្រែឲ្យរដ្ឋបាលបារាំង លោកបានរៀនសូត្រមនោគមន៍វិជ្ជាប្រជាធិបតេយ្យជាច្រើនពីប្រទេសបារាំង ហើយលោកក៏ជាអ្នកប្រឆាំងនឹងអាណានិគមនិយមបារាំងដ៏ខ្លាំងក្លាម្នាក់ដែរ។ អាចារ្យ ហែម ចៀវ ដែលជាបញ្ញវន្តប្រឆាំងនឹងបារាំងដែរនោះ ក៏បានចូលរួមបង្កើតការសែត«នគរវត្ត» នោះដែរ។
លោក ស៊ន សំណាង បានកត់សម្គាល់ថា អ្នកសំណេរកាលនោះភាគច្រើនដាក់ឈ្មោះដូចជា អាចារ្យ កង អាចារ្យ កុយ។ល។
សូមបញ្ជាក់ថា មុនមានវត្តមានសារព័ត៌មានជាភាសាខ្មែរជាផ្លូវការនៅឆ្នាំ១៩៣៦ និងឆ្នាំ១៩៤៦ បទបញ្ជាផ្សេងៗពីរដ្ឋាភិបាលត្រូវបានគេផ្សព្វផ្សាយតាមរយៈសេវារដ្ឋបាលរបស់រដ្ឋ ឬជាភាសាបារាំងនៅក្នុងកាសែតជាភាសាបារាំង។
(រូបភាពផ្តល់ឲ្យដោយលោកបណ្ឌិតប្រវត្តិសាស្រ្តខ្មែរ ស៊ន សំណាង)។
អ្នកសរសេរអត្ថបទ
Mr. Ky Soklim has a bachelor’s Degree in French Literature and a Diploma in Journalism from The Royal University of Phnom Penh. He has a High Diploma of French language in Business from the Paris Chamber of Commerce....

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: