យុវជនជនជាតិដើមភាគតិច ជួន ខ្វិត ចង់ក្លាយជាអ្នកព័ត៌មានអាជីពមួយរូប
- ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៣:១៦ នាទី រសៀល

ភ្នំពេញ៖ រយៈពេល២ខែហើយ ដែលយុវជន ជួន ខ្វិត បានចាកចេញពីស្រុកកំណើត មករាជធានីភ្នំពេញលើកដំបូងបំផុតក្នុងជីវិត។ វ័យ២៤ឆ្នាំ ខ្វិត មិនដែលបានមករាជធានីភ្នំពេញនោះទេ។ ជនជាតិដើមភាគតិចពូនងរូបនេះ កំពុងហ្វឹកហាត់ការងារជាអ្នកសារព័ត៌មាននៅសារព័ត៌មានឌីជីថលថ្មីៗ។

ជួន ខ្វិត បានបញ្ចប់ការសិក្សាថ្នាក់ទី១២ កាលពីឆ្នាំ២០២១ ប៉ុន្តែដោយសារជីវភាពក្រីក្រ ខ្វិត ត្រូវបង្ខំចិត្តនៅស្រុកកំណើតដើម្បីធ្វើចម្ការជាមួយឪពុកម្ដាយ។ យុវជនរូបនេះ ត្រូវរង់ចាំពេលវេលា និងថវិកា ដែលអង្គការ ជួយឧបត្ថម្ភ ទើបអាចមកបំពេញការងារនៅរាជធានីភ្នំពេញ។
យុវជន ជួន ខ្វិត បញ្ជាក់ពីមូលហេតុមិនបានរៀនសូត្របន្តដូច្នេះ៖ «ខ្ញុំ ចង់រៀននៅសាកលវិទ្យាល័យដែរ ក៍ប៉ុន្តែខ្ញុំអត់មានថវិកា។ ភូមិរបស់ខ្ញុំ អ្នកបានរៀនចូលសកលវិទ្យាល័យប្រមាណ ៥ ទៅ៦នាក់ប៉ុណ្ណោះ។»
ដើម្បីមានថវិកាសិក្សានៅសាកលវិទ្យាល័យ យុវជនរូបនេះ រំពឹងលើការងារប៉ុណ្ណោះ ប៉ុន្តែគ្មានបទពិសោធន៍ការងារ ខ្វិត បានខ្មីឃ្មាតរកកន្លែងហ្វឹកហាត់ការងារ ដើម្បីមានចំណេះ និងជំនាញ។
«ខ្ញុំចង់រៀនសរសេរព័ត៌មាន ដោយសារ នៅភូមិរបស់យើង មានបញ្ហាដីធ្លី។ ភូមិរបស់យើងនៅឆ្ងាយពីក្រុង មិនសូវមានអ្នកយកព័ត៌មាននៅតាមភូមិទេ។» យុវជនមកពីខេត្តមណ្ឌលគិរីរូបនេះ បញ្ជាក់ដូច្នេះ។
ជួន ខ្វិត បានមករៀននៅសរសេរព័ត៌មាន និងចង់ដឹងអ្វីថ្មីៗ។ យុវជនសុភាពរូបនេះ ចង់ឱ្យក្មេងៗជំនាន់ក្រោយមករៀនព័ត៌មានដែរ។ «កន្លែងខ្ញុំរៀនសរសេរព័ត៌មាននេះ គឺមានអ្នកកាសែតច្រើន ខ្ញុំចង់ចេះពូកែដូចគេដែរ ដើម្បីជួយផ្សព្វផ្សាយជនជាតិដើម ឱ្យបរទេសស្គាល់។ ខ្ញុំចង់ក្លាយជាអ្នកកាសែតជនជាតិដើមភាគតិចព្នង ដូចអ្នកកាសែតខ្មែរដែរ។» លោក ជួន ខ្វិត រៀបរាប់ពីបំណងអនាគតដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: