កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងដាក់ដំណើរការបណ្ដោះអាសន្ននៅចុងឆ្នាំ២០២៤
- ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៥:២៩ នាទី ល្ងាច

រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២២ និងបន្តអភិវឌ្ឍន៍បន្ថែមមកដល់ឆ្នាំ២០២៤នេះ នឹងដាក់ដំណើរការបណ្ដោះអាសន្ននៅចុងឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចពិភាក្សាពិសេសអំពី «ស្ថានភាពនៃការអភិវឌ្ឍ និងការធ្វើប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត»។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ មិនទាន់ដាក់ឱ្យដំណើរការជាផ្លូវការឡើយ។ បន្ទាប់ពីបញ្ចប់ការសាងសង់ កំពង់ផែទេសចរណ៍នេះ បានបន្តអភិវឌ្ឍន៍បន្ថែមរហូតដល់ឆ្នាំ២០២៤នេះ។
ក្នុងកិច្ចពិភាក្សាពិសេសអំពី «ស្ថានភាពនៃការអភិវឌ្ឍ និងការធ្វើប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលជាអ្នកសម្របសម្រួល បានចោទសួរលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ ថា ហេតុអ្វីកំពង់ផែនេះ ត្រូវការអភិវឌ្ឍន៍បន្តមុននឹងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ?
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា៖«កន្លងមកកំពង់ផែ មិនទាន់បើកឱ្យប្រើប្រាស់ជាផ្លូវការនោះទេ ដោយមិនទាន់បានជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករ។ យោងតាមកិច្ចព្រមព្រៀងហរិញ្ញប្បទានរវាងរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី តម្រូវឱ្យមានការដេញថ្លៃជាសាធារណៈស្របតាមក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន»។


លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ (ឆ្វេង) និងលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល(ស្ដាំ)។ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
បើតាមលោករដ្ឋមន្រ្តី ការដេញថ្លៃនេះ ត្រូវជ្រើសរើសក្រុមហ៊ុនវិនិយោគឯកជន ដែលមានទុនវិនិយោគ និងបទពិសោធន៍គ្រប់គ្រាន់ធ្វើជាប្រតិបត្តិករកំពង់ផែនេះ។ ជាមួយគ្នានេះ នាបច្ចុប្បន្ន រដ្ឋាភិបាលកំពុងបិទបញ្ចប់នីតិវិធីជ្រើសរើសក្រុមហ៊ុនឯកជន និងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនវិនិយោគឯកជន ក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៤។
កិច្ចពិភាក្សាពិសេស រដ្ឋមន្រ្តីក្រសួងសាធារណការ អះអាងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ នឹងគ្រោងដំណើរការបណ្ដោះអាសន្ននៅក្នុងអំឡុងត្រីមាសទី៣ និងបើកដំណើរការផ្លូវការនៅចុងឆ្នាំ២០២៤។ កំពង់ផែនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ជិត១០លានដុល្លារ។


លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ។ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
ទាក់ទងនឹងការបន្តអភិវឌ្ឍន៍កំពង់ផែនេះ មុននឹងដាក់ឱ្យដំណើរការ លោក ប៉េង ពោធិ៍នា ឆ្លើយតបបែបនេះ៖«ក្នុងគោលបំណងធានាឱ្យកំពង់ផែនេះ មានសុវត្ថិភាពល្អ មាននិរន្តរភាពសម្រាប់នាវាគ្រប់ប្រភេទធ្វើចរាចរណ៍ដោយរលូន រដ្ឋាភិបាល តម្រូវឱ្យក្រុមហ៊ុនប្រតិបត្តិករកំពង់ផែ អនុវត្តកាតព្វកិច្ចចាំបាច់មួយចំនួន។ ការជីក បូមស្ដារផ្លូវទឹកឱ្យបានធំទូលាយ ការសិក្សាបន្ថែមលើបច្ចេកទេសនាវាចរណ៍ ការបំពាក់ឧបករណ៍សញ្ញាជំនួយនាវាចរណ៍ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាពកំពង់ផែ ដើម្បីធានាបានថា កំពង់ផែនេះ ក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិពេញលេញ ស្របតាមបទដ្ឋានបច្ចេកទេសជាតិ និងអន្តរជាតិ»។
សូមបញ្ជាក់ថា កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រសំខាន់ ក្នុងការដឹកជញ្ជូនទេសចរ ទៅកាន់បណ្ដាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត ទៅកាន់ពិភពលោក។ កំពង់ផែមួយនេះ ក៏នឹងជួយជំរុញបន្ថែមលើការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានា ក្នុងខេត្តកំពត ,រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា៕

រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: