ប្រតិមាព្រះនារាយណ៍ផ្ទុំធ្វើពីសំរឹទ្ធ និងបំណែក៣៩ទៀត នឹងត្រូវបញ្ជូនទៅជួសជុលនៅបារាំង
- ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ២:៤០ នាទី រសៀល

ភ្នំពេញ៖ ប្រតិមាព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធ មកពីប្រាសាទមេបុណ្យខាងលិច និងបំណែកចំនួន៣៩ នឹងត្រូវបញ្ជូនទៅប្រទេសបារាំង នាប៉ុន្មានថ្ងៃខាងមុខ។ ការបញ្ជូនប្រតិមាសំរឹទ្ធដ៏វិចិត្រនេះ ជាគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសមួយ រវាងបារាំង និងកម្ពុជា ដែលបានឯកភាពគ្នា តាំងពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ-១៩។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនៅក្នុង «ពិធីប្រោះព្រំសុំសេចក្តីសុខ នាអំឡុងពេលនៃការវេចខ្ចប់ និងដឹកជញ្ជូនប្រតិមា វិចិត្រ ព្រះនារាយណ៍ថ្មី ពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ» ដែលរៀបចំនៅសារមន្ទីរជាតិកម្ពុជា នាថ្ងៃទី៧ ខែឧសភានេះថា គម្រោងនេះ មានបំណង ក្នុងការជួសជុល អភិរក្ស និងសិក្សាវិភាគ សមាសភាពផ្សំ លើប្រតិមាព្រះនារាយណ៍ថ្មី នៅវិទ្យាស្ថាន Centre de recherche et de restoration des musées de France (C2RMF) នៃប្រទេសបារាំង ដើម្បីឈ្វេងយល់បន្ថែម ពីបច្ចេកទេសដ៏ប៉ិនប្រសព្វ នៃការសិតលោហៈខ្នាតធំមហាសាល ក្នុងអារ្យធម៌ខ្មែរនាសម័យអង្គរ។
«លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងបោះពុម្ពផ្សាយ យ៉ាងទូលំទូលាយដើម្បីចែករំលែក ពីបទពិសោធន៍ និងទេពកោសល្យ ក្នុងការសិតលោហៈ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។ លោកស្រី ភឿង សកុណា បន្តដូច្នេះមុននឹងបន្ថែមថា ក្រៅពីការវិភាគបច្ចេកទេស ក្រុមអ្នកជំនាញ នឹងសាកល្បងផ្តុំបំណែកទាំង៣៩ ដែលបាន ដាច់ចេញពីដងខ្លួនអស់រយៈកាលជិត ១ ០០០ឆ្នាំមកហើយ និងរៀបចំផ្គុំតម្លើងជា 3D ដើម្បីបានដឹងពីទីតាំងនៃចំណែកទាំងនោះ។

បើតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយគម្រោងអភិរក្ស និងវិភាគស្រាវជ្រាវ នេះបញ្ចប់ ប្រតិមាដ៏វិចិត្រនេះ នឹងជាក់តាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍ នៅសារមន្ទីរ សិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ នឹងបានបន្ថែមរូបចម្លាក់អំពីសំរឹទ្ធ ចំនួន ១២៦ ផ្សេងទៀត ដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជា ដំណាក់កាលទី២។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ បន្ថែមថា ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី សំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព នឹងរៀបចំនៅសារមន្ទីរជាតិហ្គីមេ នាអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ដោយបង្ហាញពីការវិវឌ្ឍបច្ចេកទេសនៃការសិតលោហៈ ក្នុងអារ្យធម៌ខ្មែរ រាប់ចាប់ពីសម័យបុរេ ប្រវត្តិសាស្ត្រដល់សម័យក្រោយអង្គរ។ ក្រោយបញ្ចប់ពិព័រណ៍មិនអចិន្ត្រៃយ៍ នៅសារមន្ទីរហ្គីមេ ប្រតិមានេះ នឹងបន្តដំណើរទៅដាក់តាំងនៅសហរដ្ឋ អាម៉េរិកចំនួន៣ ទីតាំងបន្ថែមទៀត។

លោកស្រី ភឿង សកុណា បន្តថា៖ «ការធ្វើដំណើររបស់ប្រតិមាព្រះនរាយណ៍ផ្ទុំដែល ជាអាទិទេពព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យអង្គរ ប្រៀបដូចជាការនាំយកនូវទេពកោសល្យល្អឯក នៃបច្ចេកទេសសិតលោហៈដ៏អស្ចារ្យរបស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ឲ្យសាធារណជនបានឈ្វេង យល់បន្ថែមពីភាពឧត្តុងឧត្តមខ្ពង់ខ្ពស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ។ »។
ជាច្រើនទសវត្សមកហើយ ដែលបារាំងនិងកម្ពុជា មានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នាគ្រប់វិស័យ ជាពិសេស វិស័យវប្បធម៌។ ពេលបច្ចុប្បន្ននេះ ក្រសួងវប្បធម៌ មានកិច្ចសហការលើគម្រោងស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី ជាគម្រោងនាំមុខនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការ វិទ្យាស្ថាន សាកលវិទ្យាល័យ និងស្ថាប័ននានាពីប្រទេសបារាំង ដែលភាគច្រើនអនុវត្តន៍នៅតំបន់រមណីយដ្ឋាន បេតិកភណ្ឌវប្បធម៌។ នេះបើតាម លោកស្រី ភឿង សកុណា ដែលបានបញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះ កម្ពុជា ទទួលបានកញ្ចប់ ថវិកា៩០ម៉ឺនអឺរ៉ូ ពីបារាំង សម្រាប់ប្រើប្រាស់ក្នុងការសិក្សាគម្រោង ពង្រីកសារមន្ទីរជាតិកម្ពុជា ហើយការងារនេះនឹងមានរយៈពេលពីរឆ្នាំ។
សម្រាប់រដ្ឋមន្ត្រីក្រសួងវប្បធម៌ លទ្ធផលនៃកិច្ចសហការនានាកន្លងមក បានបង្ហាញអំពីឆន្ទៈ មោះមុត រវាងប្រទេសទាំងពីរ ក្នុងការជួយជ្រោមជ្រែងគាំទ្រលើផ្នែកវប្បធម៌៕



អ្នកសរសេរអត្ថបទ
ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕
កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ ThmeyThmey25។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ