សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការ ជាអ្នកកែសន្លឹកកិច្ចការបេក្ខជនប្រឡងគ្រូអនុវិទ្យាល័យ
- ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី យប់

សិស្សមន្រ្តីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល កំពុងកែសន្លឹកកិច្ចការដល់បេក្ខជនប្រឡងគ្រូអនុវិទ្យាល័យ។ រូបភាពពីក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាលប្រមាណ ១៤០នាក់ ត្រូវបានផ្ដល់ឱកាសក្លាយជាអ្នកកែសន្លឹកកិច្ចការបេក្ខជនដែលបានប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ។ គិតមកដល់ព្រឹកថ្ងៃទី៨ ឧសភានេះ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជន សម្រេចបានប្រមាណ ៣០ភាគរយ ទៅ ៤០ភាគរយ។

សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាលប្រមាណ ១៤០នាក់ កំពុងមមាញឹកកែសន្លឹកកិច្ចការដល់បេក្ខជនជាង ៣ម៉ឺននាក់ ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ កាលពីថ្ងៃទី២-៥ ខែឧសភា។ ការកែសន្លឹកកិច្ចការនេះ គឺកែទៅតាមអត្រាកំណែរបស់លោកគ្រូអ្នកគ្រូ ដែលបានចេញវិញ្ញាសាពហុជ្រើសរើស។
ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងគ្រូអនុវិទ្យាល័យ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារអនុគណៈកម្មការជំនាញ ក្រុមអ្នកសង្កេតការណ៍ជាតំណាងសាកលវិទ្យាល័យ និងសាធារណជនចុះឈ្មោះស្ម័គ្រចិត្ត។
បើតាមក្រសួងមុខងារសាធារណៈ គិតត្រឹមព្រឹកថ្ងៃទី៨ ខែឧសភា ការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រេចបានប្រមាណ ៣០ភាគរយ ទៅ ៤០ភាគរយ។ ក្នុងដំណើរការកំណែសន្លឹកកិច្ចការនាព្រឹកថ្ងៃទី៨ ឧសភានេះ ក៏មានវត្តមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង។ លោក ហ៊ុន ម៉ានី បានចុះពិនិត្យវឌ្ឍនភាពការងារ និងជាសាក្សីសម្រាប់ការកំណែសន្លឹកកិច្ចការរបស់បេក្ខជន។

លោក ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងគ្រូអនុវិទ្យាល័យ។ រូបភាពពីក្រសួងមុខងារសាធារណៈ
ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងគ្រូអនុវិទ្យាល័យ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារអនុគណៈកម្មការជំនាញ ក្រុមអ្នកសង្កេតការណ៍ជាតំណាងសាកលវិទ្យាល័យ និងសាធារណជនចុះឈ្មោះស្ម័គ្រចិត្ត។
អត្ថបទទាក់ទង
សូមបញ្ជាក់ថា ពីថ្ងៃទី២-៥ ខែឧសភា គឺជាដំណើរការនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ។ ការប្រឡងនេះ រៀបចំនៅសាលាភូមិន្ទរដ្ឋបាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ដំណើរការប្រឡងទាំង៤ថ្ងៃនេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ៣៣ ៣១៤នាក់។ ក្រសួងនឹងជ្រើសរើសយកបេក្ខជនចំនួន ១ ៣២៣នាក់ ដើម្បីទៅប្រឡងវគ្គទី២ ដើម្បីសម្រាំងយកបេក្ខជន តែ ៤៤១នាក់ប៉ុណ្ណោះ។ បេក្ខជន ៤៤១នាក់ នឹងត្រូវចូលរៀននៅសាលាគរុកោសល្យនៅទូទាំងប្រទេស តាមរយៈពេលដែលបានជ្រើសរើសការបណ្ដុះបណ្ដាលបន្ថែម៕

រូបភាពពីក្រសួងមុខងារសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: