ហេតុអ្វីបានជាគុណភាពខ្យល់នៅទីក្រុងអាស៊ីខាងត្បូងពុលខ្លាំង?
- ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:២៩ នាទី ព្រឹក

នៅឆ្នាំ២០២៣ បង់ក្លាដែសបានកត់ត្រាគុណភាពខ្យល់អាក្រក់បំផុតក្នុងចំណោម១៣៤ ប្រទេសដែលត្រូវបានត្រួតពិនិត្យដោយក្រុមអាកាសធាតុស្វីស IQAir ។ ប៉ាគីស្ថាន និង ឥណ្ឌាស្ថិតនៅលំដាប់បន្ទាប់ពីបង់ក្លាដែស ខណៈតំបន់អាស៊ីខាងត្បូងទាំងមូលទទួលរង ការបំពុលដ៏អាក្រក់បំផុតនៅក្នុងពិភពលោកទាំងមូល។

របាយការណ៍ដោយក្រុមអាកាសធាតុស្វីស IQAir រកឃើញថា គុណភាពខ្យល់មិនល្អនៅ អាស៊ីខាងត្បូង ជារឿយៗកាន់តែធ្លាក់ចុះបន្ថែមទៀតដោយសារការបំភាយឧស្ម័នចេញពី ការផលិតឥដ្ឋដុត ឧស្សាហកម្មផ្សេងៗ ការដុតកាកសំណល់កសិកម្ម និងការអនុវត្តបូជាសព។ បន្ថែមពីនេះ ការដុតឥន្ធនៈរឹងសម្រាប់ចម្អិនអាហារ និងកំដៅ ជាពិសេសក្នុងអំឡុងពេល ខែត្រជាក់បន្ថែមការបំពុលបរិយាកាសផងដែរ។
នៅបង់ក្លាដែស ឡឥដ្ឋមានប្រមាណ៨ពាន់កន្លែង ដែលខ្លះដំណើរការដោយ ខុសច្បាប់។ ការដុតសំរាមប្លាស្ទិក និងផ្សែងរថយន្តក៏រួមចំណែកធ្វើឱ្យគុណភាពខ្យល់ធ្លាក់ ចុះផងដែរ។ ក្នុងរដូវដុតដំណាំ ផ្សែងចេញពីឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថានក៏អាចរសាត់ចូល បង់ក្លាដែសដែរ។
ឯភាគខាងជើងឥណ្ឌា និងក្រុងញូវដេលីមានគុណភាពខ្យល់មិនល្អ ជាពិសេសដោយសារតែការ ដុតជីវម៉ាស ឬដុតកាកសំណល់ឈើ ឬដំណាំដើម្បីធ្វើជាឥន្ធនៈ ការដុតធ្យូងថ្ម និងការបំភាយ យានយន្ត។ ការដុតដំណាំប្រចាំឆ្នាំដែលកសិករនៅឥណ្ឌា និងប៉ាគីស្ថានដុតបំផ្លាញសំណល់ រុក្ខជាតិបន្ទាប់ពីប្រមូលផលស្រូវដើម្បីរៀបចំវាលស្រែសម្រាប់ចំការស្រូវសាលីក៏ជាការរួមចំណែកដល់ការបំពុលបរិយាកាសផងដែរ។
យោងតាមសន្ទស្សន៍ជីវិតគុណភាពខ្យល់ (AQLI) ដែលបោះពុម្ពដោយវិទ្យាស្ថានគោល នយោបាយថាមពលនៅសាកលវិទ្យាល័យឈីកាហ្គោ (EPIC) ក្នុងខែសីហា ឆ្នាំ២០២៣ អាយុកាលជាមធ្យមរបស់ប្រជាជនឥណ្ឌាត្រូវបានកាត់បន្ថយត្រឹម៥ឆ្នាំ ៣ខែ ដោយសារ តែការបំពុលខ្យល់ដល់កម្រិត PM2.5 ។ នៅទីក្រុងញូវដេលី អាយុកាលជាមធ្យមត្រូវបាន កាត់បន្ថយរហូតដល់១០ឆ្នាំ។
បន្ថែមពីនេះ របាយការណ៍បានរកឃើញថាប្រជាជនប៉ាគីស្ថានជាមធ្យមនឹងរស់នៅបានយូរ ជាងនេះរហូតដល់៣,៩ឆ្នាំ ប្រសិនបើគុណភាពខ្យល់បំពេញតាមគោលការណ៍ណែនាំរបស់ អង្គការសុខភាពពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com