តើការប្រើប្រាស់អុីមែលបង្កការបំភាយឧស្ម័នផ្ទះកញ្ចក់តាមរបៀបណា?
- ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៩:៣៩ នាទី ព្រឹក

រូបភាព Pexels
ការបញ្ចេញកាបូនដោយប្រើប្រាស់អ៊ីមែល (Email Carbon Footprint) ជាបរិមាណនៃឧស្ម័នផ្ទះកញ្ចក់ ដែលបញ្ចេញ ទៅក្នុងបរិយាកាសនៅពេលដែលមនុស្សបានបានបង្កើត ផ្ញើ រក្សាទុក និងអានអ៊ីមែល។

ដើម្បីសរសេរអ៊ីមែលមួយ អ្នកត្រូវការប្រើឧបករណ៍អេឡិចត្រូនិចដូចជា ទូរស័ព្ទ កុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុជាដើមដែលទាមទារថាមពល ដើម្បីដំណើរការ ហើយថាមពលដែលបានមក ភាគច្រើនគឺមកពីការដុតឥន្ធនៈហ្វូស៊ីលដែលផ្ដល់ផលជាការបំពុលខ្យល់ និងបរិយាកាស។ នៅពេលដែលសរសេរ និងផ្ញើអ៊ីមែល នោះបរិមាណជាក់លាក់មួយនៃឧស្ម័នផ្ទះកញ្ចក់ ក៏ត្រូវបានបញ្ចេញទៅបរិយាកាសផងដែរ។
បន្ថែមពីនេះ ប្រសិនបើបុគ្គលដែលទទួលបានអ៊ីមែលមិនលុបអ៊ីមែលនោះទេ សារនោះត្រូវ បានរក្សាទុកនៅលើម៉ាស៊ីនមេផ្ទុកទិន្នន័យដែលត្រូវការថាមពលជាច្រើនដើម្បីដំណើរការ។ កាលណានរណាម្នាក់រក្សាទុកអ៊ីមែលកាន់តែយូរនោះកាបូនក៏នឹងត្រូវបានបង្កើតកាន់តែច្រើនឡើងផងដែរ។
តាមអ្នកជំនាញខាងការបញ្ចេញកាបូនដោយប្រើប្រាស់អ៊ីមែល លោក Berners Lee បានលើកឡើងក្នុងសៀវភៅរបស់លោកដែលមានចំណងជើង៖ «How Bad Are Bananas?: The carbon footprint of everything» ថា អ៊ីមែលខ្លីមួយផ្ញើពីកុំព្យូទ័រយួរដៃមួយទៅកុំព្យូទ័រមួយទៀតបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ០,៣ ក្រាម ខណៈអ៊ីមែលដ៏វែងមួយដែលចំណាយពេល ១០ នាទីដើម្បីសរសេរ និង ៣ នាទីដើម្បីអាន ហើយត្រូវបានផ្ញើពីកុំព្យូទ័រយួរដៃមួយទៅកុំព្យូទ័រមួយទៀតបញ្ចេញឧស្ម័ន ១៧ក្រាម។
ក្នុងរយៈពេលមួយឆ្នាំ ការប្រើប្រាស់អ៊ីមែលជាមធ្យមរបស់មនុស្សម្នាក់ប្រែប្រួលចន្លោះពី ៣ ទៅ ៤០ គីឡូក្រាម។ ស្រដៀងគ្នានេះ ការប្រៀបធៀបការផ្ញើ ៦៥ អ៊ីមែលគឺស្មើនឹងការបើកបរ ១ គីឡូម៉ែត្រសម្រាប់ឡាន។ ដូច្នេះការរួមចំណែកនៃការប្រើប្រាស់អ៊ីមែលដោយមនុស្សម្នាក់ៗបង្កជាការបំភាយជាសកល អាចមានចំនួនច្រើន ខណៈអ្នកប្រើប្រាស់អ៊ីមែលទូទាំង ពិភពលោកមានរហូតដល់ ៣,៩ពាន់លាននាក់។
ការកាត់បន្ថយការបំភាញចេញពីអ៊ីមែលដោយបុគ្គលប្រើប្រាស់ម្នាក់ៗ គឺធ្វើឡើងតាមរយៈការកាត់បន្ថយការផ្ញើអ៊ីមែលណាដែលមិនចាំបាច់ និងជៀសវាងការផ្ញើអ៊ីមែលខ្លីទៅវិញទៅមក, ការផ្ញើតំណភ្ជាប់ (link) ទៅឯកសារជាជាងភ្ជាប់ឯកសារនោះ (attachment) ទៅនឹងអ៊ីមែលផ្ទាល់, ការលុបអ៊ីម៉ែលដែលមិនចាំបាច់ចោល, និងការបិទការទទួលអ៊ីមែលពាណិជ្ជកម្ម ឬការផ្សព្វផ្សាយណាមួយ (unsubscription)៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: