អ្វីទៅជាកសិកម្មកោសិកា?
  • ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
អ្វីទៅជាកសិកម្មកោសិកា?

សត្វ ជាប្រភពអាហារសំខាន់មួយរបស់មនុស្ស។ ជាធម្មតា ផលិតផលសាច់សត្វ ជាការយកសាច់របស់សត្វតែម្ដង។ ប៉ុន្តែការវិវត្តបច្ចេកវិទ្យា កំពុងសម្រួលដល់ផលិតកម្មសាច់នេះដោយប្រើកោសិកាសត្វវិញ ឬហៅថាកសិកម្មកោសិកា។ ជាដំណើរការផលិតអាហារសាច់ និងផលិតផលសត្វផ្សេងទៀតដោយ ផ្ទាល់ពីកោសិកាសត្វ។ ដើមឡើយការអនុវត្តនេះបានត្រួសត្រាយផ្លូវនៅអឺរ៉ុប ហើយឥឡូវនេះ មានក្រុមហ៊ុនច្រើនជាង ១០០ នៅទូទាំងពិភពលោកកំពុងសិក្សា និងដំណើរការផលិតកម្ម។
TTN-Free-Banner-In-Article-PC
 
កសិកម្មតាមកោសិកាអាចផ្គត់ផ្គង់សាច់ ត្រី ឬផលិតផលទឹកដោះគោដែលលូតលាស់នៅក្នុង បរិយាកាសគ្រប់គ្រងមួយ ដូចជាមន្ទីរពិសោធជាដើម។
 
ដំណើរការផលិតគឺផ្អែកលើបច្ចេកវិទ្យាថែរក្សាកោសិកាក្នុងលក្ខខណ្ឌដែលសមរម្យសម្រាប់ការលូតលាស់ដែលត្រូវបានប្រើនៅក្នុងទ្វីបអ៊ឺរ៉ុបអស់ជាច្រើនទសវត្សរ៍មកហើយ ឧទាហរណ៍សម្រាប់ការរីកលូតលាស់​ ដំបែសម្រាប់ដុតនំ ឬសម្រាប់ផលិតអង់ស៊ីម (rennet) នៅក្នុងឈីស។ ដោយចាប់ផ្តើមជាមួយនឹងគំរូតូចមួយនៃកោសិកាសត្វ ហើយចិញ្ចឹមពួកវានៅ ក្នុងឧបករណ៍ផ្ទុកសារធាតុចិញ្ចឹម កោសិកានឹងលូតលាស់ និងអភិវឌ្ឍទៅជាសាច់ដុំ ខ្លាញ់ ឬជាលិកាផ្សេងទៀតដើម្បីបង្កើតជាផលិតផលសត្វ។
 
កសិកម្មកោសិកាអាចជាប្រភពប្រូតេអ៊ីនជំនួសមួយដែលមានសុពលភាពយូរ និងនិរន្តរភាព។ ជាការពិត ការអភិវឌ្ឍនៃកសិកម្មកោសិកាត្រូវបានជំរុញដោយតម្រូវការក្នុងការអភិវឌ្ឍប្រព័ន្ធ ផលិតកម្មអាហារប្រកបដោយនិរន្តរភាព និងដើម្បីដោះស្រាយការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច ហួសកម្រិត សុវត្ថិភាពចំណីអាហារ និងទឹក បរិស្ថាន និងសុខុមាលភាពសត្វ។
 
ទោះបីជាយ៉ាងណាក៏ដោយកសិកម្មកោសិកាត្រូវការការសហការគ្នា និងបំពេញបន្ថែម សមត្ថភាពផលិតកម្មប្រកបដោយនិរន្តរភាព ជាមួយការចិញ្ចឹមសត្វតាមធម្មតាប្រកបដោយ និរន្តរភាពដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើងសម្រាប់ប្រូតេអ៊ីន។ បច្ចេកវិទ្យា នេះអាចត្រូវបានរួមបញ្ចូលដោយជោគជ័យជាមួយនឹងប្រព័ន្ធអាហារបច្ចុប្បន្នតាមរយៈការគាំ ទ្រ និងការវិនិយោគលើអ្នកផលិតក្នុងស្រុក ការផ្តល់សិទ្ធិអំណាចដល់សហគមន៍ និងផ្តល់ឱកាសឱ្យកសិករដែលមានស្រាប់ក្នុងការបង្កើតប្រភពចំណូលថ្មីរួមជាមួយនឹងផលិតកម្មតាមបែបធម្មតា។
 
សមាហរណកម្មកសិកម្មកោសិកាជាមួយកសិកម្មចិញ្ចឹមសត្វតាមធម្មតាអា​ចធានាបាន សន្តិសុខសេដ្ឋកិច្ច និងសមធម៌សង្គមសម្រាប់កសិករនៅពេលដែលវិស័យផ្លាស់ប្តូរទៅជា ប្រព័ន្ធរួមដែលមានតុល្យភាពធម្មជាតិ និងនិរន្តរភាពជាងមុន៕

អ្នកសរសេរអត្ថបទ

ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោង​នៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។   CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.   

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ជា ពេជ្រដាឡែន