តើប្រទេសណាខ្លះមានកម្រិតគុណភាពខ្យល់ប្រកបដោយសុវត្ថិភាព?
- ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:៣៩ នាទី យប់

របាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុនបច្ចេកវិជ្ជាគុណភាពខ្យល់របស់ស្វីស IQAir បង្ហាញថា មានប្រទេសតែប្រាំពីរប៉ុណ្ណោះក្នុងពិភពលោកបានជួបកម្រិតបរិយាកាសដោយសុវត្ថិភាពក្នុងឆ្នាំ ២០២៣។ ការសិក្សានេះបានទាញយកទិន្នន័យពីស្ថានីយ៍ត្រួតពិនិត្យជាង៣ម៉ឺនកន្លែងក្នុង ១៣៤ ប្រទេស ដែនដី និងតំបន់។

ក្នុងចំណោមនោះ ១២៤ ប្រទេស ដែនដី និងតំបន់ត្រូវរកឃើញថា បានបំពាន កម្រិតសុវត្ថិភាពខ្យល់ PM2.5 ដែលយោងតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។
ភាគល្អិតមីក្រូទស្សន៍ទាំងនេះដែលមានទំហំតូចជាង ២,៥ មីក្រូក្នុងអង្កត់ផ្ចិត អាចត្រូវបាន ស្រូបចូលជ្រៅទៅក្នុងសួត ហើយថែមទាំងទៅដល់ចរន្តឈាមទៀតផង។ ភាគល្អិតនេះត្រូវ បានផ្សារភ្ជាប់ទៅនឹងជំងឺបេះដូង និងសួត ជំងឺលើសឈាម ការកើនឡើងហានិភ័យនៃជំងឺហឺត ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ និងការស្លាប់មុនអាយុផងដែរ។
តើប្រទេសណាខ្លះដែលឆ្លើយតបនឹងកម្រិតគុណភាពខ្យល់ប្រកបដោយសុវត្ថិភាព?
ប្រទេសចំនួនប្រាំពីរដែលបានបំពេញតាមគោលការណ៍ណែនាំប្រកបដោយសុវត្ថិភាពចំនួន ប្រាំមីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ (µg/m3) ឬតិចជាងនេះគឺអូស្ត្រាលី អេស្តូនី ហ្វាំងឡង់ ហ្គ្រើណាដ អ៊ីស្លង់ ម៉ូរីស និងនូវែលសេឡង់។
ទឹកដី Puerto Rico, Bermuda និង French Polynesia ក៏ស្ថិតក្នុងកម្រិតសុវត្ថិភាពផងដែរ។ នៅអឺរ៉ុប អ៊ីស្លង់មានខ្យល់អាកាសបរិសុទ្ធបំផុតចំនួន៤មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ បន្ទាប់មកអេស្តូនីមាន៤,៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ និងហ្វាំងឡង់មាន៤,៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
មាត្រដ្ឋានពណ៌ត្រូវបានប្រើដើម្បីចង្អុលបង្ហាញពីកម្រិតការបំពុលដោយប្រទេសនៅអឺរ៉ុបជាច្រើនបានធ្លាក់ក្នុងប្រភេទពណ៌បៃតងដោយបង្ហាញពីកម្រិតល្អរហូតដល់ទ្វេដងនៃស្តង់ដារសុវត្ថិភាព។
ចំណែកឯប្រទេសដែលមានការបំពុលតិចតួចបំផុតទាំងនេះរួមមាន ស៊ុយអែត អៀរឡង់ ន័រវែស ព័រទុយហ្កាល់ លិចតិនស្ដាញ ដាណឺម៉ាក ចក្រភពអង់គ្លេស អង់ដូរ៉ា ឡេតូនី អ៊ុយក្រែន ហូឡង់ លុចសំបួ ស្វីស អាល្លឺម៉ង់ បែលហ្សិក បារាំង អូទ្រីស អេស្ប៉ាញ និងរុស្ស៊ី។
ទីក្រុងនានានៅអឺរ៉ុបបានបង្ហាញពីភាពប្រសើរឡើងចាប់តាំងពីរបាយការណ៍ឆ្នាំ ២០២២ ដោយ ៥៤ ភាគរយត្រូវបានចាត់ថ្នាក់ពណ៌បៃតងនៅឆ្នាំ ២០២៣ ធៀបនឹង ៣៩ ភាគរយកាលពី ឆ្នាំមុន៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com