ប្រឡងគ្រូអនុវិទ្យាល័យ៖ បេក្ខជន ១ ៣២៣នាក់ នឹងប្រឡងលើកទី២ នៅថ្ងៃទី១៨ឧសភានេះ
- ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១១:៥៩ នាទី ព្រឹក

លោក ហ៊ុន ម៉ានី ដើរពិនិត្យដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ។ រូបភាពពីក្រសួងមុខងារសាធារណៈ
ការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ ដំណាក់កាលទី២ នឹងរៀបចំឡើងនៅថ្ងៃទី១៨ ខែឧសភានេះ។ ការប្រឡងដំណាក់កាលទី២នេះ មានបេក្ខជនចំនួន ១ ៣២៣នាក់ ដោយពួកគេជាអ្នកដែលបានជាប់លើវិញ្ញាសាសរសេរលើកទី១។ ការប្រឡងនេះ រៀបចំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ដល់ម៉ោង៥ល្ងាច។

ដំណើរការប្រឡងលើវិញ្ញាសាសរសេរលើកទី១ ដែលមានបេក្ខជនចូលប្រឡងជាង ៣ម៉ឺននាក់ បានរកឃើញបេក្ខជនជាប់សម្រាំងលើកទី១ ចំនួន ១ ៣២៣នាក់។ បេក្ខជនទាំង ១ ៣២៣នាក់នេះ នឹងត្រូវប្រជែងគ្នាលើកទី២ នៅថ្ងៃទី១៨ ឧសភានេះ ដោយក្រសួងមុខងារសាធារណៈ នឹងសម្រាំងយកបេក្ខជនតែ ៤៤១នាក់ប៉ុណ្ណោះ ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ការប្រឡងនេះ បានបែងចែកសម្រាប់បេក្ខជនប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ + ១, ប្រព័ន្ធបណ្តុះបណ្តាល ១២ + ៤ និងប្រព័ន្ធបណ្តុះបណ្តាល ១២ + ២។ ក្នុងនោះ ប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ + ១ (កម្រិតបរិញ្ញាបត្រ) ឯកទេសគណិតវិទ្យា ឬ រូបវិទ្យា នឹងប្រឡងរយៈពេល ២ម៉ោង និងភាសាអង់គ្លេស ឬ ភាសាបារាំង រយៈពេល ២ម៉ោងផងដែរ។

លោក ហ៊ុន ម៉ានី ដើរពិនិត្យដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ។ រូបភាពពីក្រសួងមុខងារសាធារណៈ
ដោយឡែក ប្រព័ន្ធបណ្តុះបណ្តាល ១២ + ៤ (កម្រិតថ្នាក់ទី១២) ឯកទេសគីមីវិទ្យា ឬជីវវិទ្យា នឹងប្រឡងរយៈពេល ២ម៉ោង និងភាសាអង់គ្លេស ឬ ភាសាបារាំង រយៈពេល ២ម៉ោង។ ចំណែក ប្រព័ន្ធបណ្តុះបណ្តាល ១២ + ២ (កម្រិតថ្នាក់ទី១២) មានមុខវិជ្ជាឯកទេសទី១ រយៈពេល ២ម៉ោង (១២:៣០នាទី-១៤:៣០នាទី) និងមុខវិជ្ជាឯកទេសទី២ រយៈពេល ២ម៉ោង។
អត្ថបទទាក់ទង
សូមបញ្ជាក់ថា បេក្ខជនចំនួន ៤៤១នាក់ ប៉ុណ្ណោះ នឹងត្រូវជ្រើសរើសជាគ្រូបង្រៀនអនុវិទ្យាល័យ ក្រោយប្រឡងជាប់ដំណាក់កាលទី១ និងទី២។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន នាដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ក្នុងដំណាក់កាលទី១ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ដោយសារកំណើននៃការចុះឈ្មោះច្រើន ទើបតម្រូវឱ្យមានការរៀបចំការប្រឡងជា ២ដំណាក់កាល៕

រូបភាពពីក្រសួងមុខងារសាធារណៈ
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: