មន្រ្តីថា ថៃទំនងប្តូរទីតាំងរាជធានីដោយសារបម្រែបម្រួលអាកាសធាតុ
- ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

ទឹកជំនន់នៅទីក្រុងបាងកកលើផ្លូវមួយកន្លែង ។ រូបភាព ៖ Xinhua
រដ្ឋាភិបាលថៃ អាចពិចារណាលើការផ្លាស់ទីតាំងរាជធានីបាងកក ដោយសារទឹកភ្លៀងជន់លិចទីក្រុងជារៀងរាល់ឆ្នាំ និងកម្ពស់ទឹកសមុទ្រកើនឡើង។ នេះបើតាមសារព័ត៌មាន The Thaiger។

មន្រ្តីជាន់ខ្ពស់ថៃមួយរូប នៅថ្ងៃទី១៥ ខែឧសភា បានលើកឡើងពីភាពចាំបាច់ដែល ថៃអាចផ្លាស់ប្តូររាជធានីបាងកក ដោយសារការគំរាមកំហែងពីកម្រិតទឹកសមុទ្រកើនឡើង ដែលបង្កពីការប្រែប្រួលអាកាសធាតុ។
លោក Pavich Kesavawong អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងបរិស្ថានថៃបាននិយាយថា មានការព្យាករជាច្រើនបង្ហាញថារាជធានីបាងកកស្ថិតនៅក្នុងតំបន់ទំនាប ហើយប្រឈមនឹងហានិភ័យនៃការលិចលង់ដោយទឹកសមុទ្រនៅមុនដំណាច់សតវត្សនេះ។ តំបន់ភាគច្រើននៅក្នុងទីក្រុងបាងកក ក៏ប្រឈមមុខការជន់លិចក្នុងរដូវវស្សាដែរ។
បើតាមលោកPavich Kesavawong សីតុណ្ហភាពពិភពលោកបានកើនឡើងលើសពី ១,៥អង្សាសេ បើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្មចាប់ផ្តើម ហើយប្រសិនបើអ្វីៗនៅតែបន្តបែបនេះ ទីក្រុងបាងកកអាចនឹងលិចលង់ដោយទឹកសមុទ្រ។ ដូច្នេះហើយ បច្ចុប្បន្នជាពេលគិតគូរពីការសម្របខ្លួន។
មន្រ្តីរូបនេះ បានបន្តថា រដ្ឋាភិបាលទីក្រុងបាងកក កំពុងសិក្សាវិធានការនានារួមទាំងការសាងសង់ទំនប់ទឹកដែលយកគំរូស្រដៀងហូឡង់។ លើសពីនេះ រដ្ឋាភិបាលក៏កំពុងពិចារណាលើផែនការផ្លាស់ប្តូរទីតាំងរាជធានីផងដែរ ប៉ុន្តែនេះជាបញ្ហាស្មុគស្មាញ ហើយត្រូវការពិភាក្សាច្រើន។
ទោះបីជាការផ្លាស់ប្តូរទីតាំងរាជធានី ជារឿងដ៏វែងឆ្ងាយមុនឈានដល់ការអនុម័ត តែនេះមិនមែនជារឿងដែលមិនធ្លាប់មាននៅអាស៊ីអាគ្នេយ៍នោះទេ។ ឥណ្ឌូណេស៊ី កំពុងរៀបចំរដ្ឋធានីថ្មី នូសានតារា ដោយជំនួសទីក្រុងហ្សាការតាដែលកំពុងត្រូវបានបំពុលបរិស្ថាន និងគំរាមកំហែងដោយទឹកសមុទ្រ។
គួរបញ្ជាក់ថា ថៃកំពុងទទួលរងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុក្នុងតំបន់ខ្លាំង ខណៈកសិករតស៊ូជាមួយនឹងកំដៅ និងគ្រោះរាំងស្ងួត ស្របអាជីវកម្មទេសចរណ៍រងផលប៉ះពាល់ដោយសារការប្រែពណ៌ផ្កាថ្ម និងការបំពុលជាដើម។ ថៃមានបំណងធ្វើឱ្យមានកាបូនអព្យាក្រឹតត្រឹមឆ្នាំ ២០៥០៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: