ក្រោយបិទជិត៤ឆ្នាំ ទេសចរអាចទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបវិញហើយ!
- ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ព្រឹក

ប្រាសាទប្រែរូប មើលពីលើអាកាស។
សៀមរាប៖ បន្ទាប់ពីបិទការចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប អស់ពេលជាង៣ឆ្នាំ និង៨ខែរួចមក អាជ្ញាធរអប្សរាបើកទីតាំងនេះឡើងវិញ ចាប់ពីថ្ងៃនេះតទៅ។ នេះយោងលើសេចក្ដីជូនដំណឹងរបស់អាជ្ញាធរអប្សរា។

ការបើកដំណើរការឡើងវិញនៅប្រាសាទប្រែរូបនេះ បន្ទាប់អ្នកជំនាញជួសជុលរួចរាល់ នៅចំណុចរងការខូចខាតរបស់ប្រាសាទប្រែរូបនេះរួចរាល់។ ក្នុងលខិតជូនដំណឹងនេះបញ្ជាក់ទៀតថា៖ «...ដើម្បីបន្ថែមបទពិសោធថ្មីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។
សម្រាប់ទេសចរដែលចូលចិត្តគយគន់ និងផ្ដិតរូបភាពសូរិយាអស្តង្គត អាចមកទីតាំងប្រាសាទនេះបាន។ទេសចរអាចឈរផ្នែកខាងក្រៅកំពែងពីជ្រុងនិរតី រួចចោលភ្នែកគយគន់ទិដ្ឋភាពប្រាសាទជាមួយនិងពន្លឺព្រះអាទិត្យដែលចាំងមកលើតួប្រាសាទឥដ្ឋពណ៌ដូចមាស។ ចំណែកនៅរដូវវស្សា បើមានទឹកដក់នៅបរិវេណខាងក្រៅកំពែង ភាពចាំងឆ្លុះក៏ជាទិដ្ឋភាពដែលទាក់ទាញមួយកម្រិតទៀតដែរ។
គួរជម្រាបផងដែរថា ប្រាសាទប្រែរូប ជាប្រាសាទឥដ្ឋក្រហមឆ្អិមឆ្អៅមួយ ស្ថិតក្នុងដែនសីមារមណីយដ្ឋាន អង្គរ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រាសាទនេះមានទីតាំងនៅខាងកើតឆៀងខាងជើងស្រះស្រង់មានចម្ងាយ ៥០០ ម៉ែត្រ និងនៅទិសខាងត្បូងបារាយណ៍ខាងកើត។ បើគិតពីទីប្រជុំជនក្រុងសៀមរាប វាមានចម្ងាយប្រមាណ១៤គីឡួម៉ែត្រ។
ប្រាសាទប្រែរូប ជាប្រាសាទឥដ្ឋធំជាងគេក្នុងសម័យអង្គរ កសាងតាំងពីសតវត្សទី១០ ឆ្នាំ៩៦១ នៃគ្រិស្តសករាជ។ យោងតាមសិលាចារឹកលេខសម្គាល់ K.806 នៃប្រសាទនេះ ទីនេះជាទេវស្ថានដែលកសាងឡើងក្នុងរាជព្រះបាទរាជេន្ទ្រវម៌្មទេវ ដើម្បឧទ្ទិសដល់ទេពក្នុងហិណ្ឌូសាសនា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: