កម្ពុជា សហប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនតាមQR Code ជាមួយកូរ៉េ ដើម្បីលើកកម្ពស់លុយជាតិ
- ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១០:៤៩ នាទី ព្រឹក

លោកស្រី ជា សិរី ទេសាភិបាលជាធនាគារជាតិនៃកម្ពុជាបង្ហញនូវឯកសារដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត» ជាមួយអ្នកតំណាងវិស័យហិរញ្ញវត្ថុរបស់សាធារណរដ្ឋកូរ៉េ ក្រោមវត្តមានវត្តសម្តេច ហ៊ុន ម៉ាណែត នៅទីក្រុងសេអ៊ូល នាថ្ងៃទី១៦ឧសភា។
ធនាគារជាតិនៃកម្ពុជា សម្រេចបាននូវកិច្ចសហប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនតាមឃ្យូអរកូត(QR Code) ជាមួយសាធារណរដ្ឋកូរ៉េ។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលដៅសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ ជាពិសេសលើកកម្ពស់ការទូទាត់ឆ្លងដែន រួមទាំងការផ្ទេរប្រាក់ ដោយប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា និងប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង។

លោក ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត» ចំនួន៣ ជាមួយស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាដំណើរទស្សនកិច្ចផ្លូវការ នៅថ្ងៃទី១៦ឧសភា។ ក្នុងនោះ ធនាគារជាតិ បានចុះអនុស្សរណៈជាមួយធនាគារគូកមីន (Kookmin Bank Co., Ltd.), ជាមួយស្ថាប័ន JB Financial Group Co., Ltd. និងជាមួយធនាគារអ៊ូរី (Woori Bank)។
«កិច្ចសហប្រតិបត្តិការចំនួន៣ ដែលត្រូវបានចុះហត្ថលេខានេះ គឺដើម្បីលើកកម្ពស់ការទូទាត់ឆ្លងព្រំដែន និងការផ្ទេរប្រាក់ត្រឡប់មកស្រុកកំណើតវិញពីពលករចំណាកស្រុករបស់ប្រទេសយើង»។ លោកស្រី ជា សិរី បានបញ្ជាក់បែបនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។
ក្រៅពីកិច្ចសហប្រតិបត្តិការខាងលើ ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ របស់កម្ពុជាក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគីជាមួយក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (កូរ៉េ) និងធនាគារ JEONBUK ដើម្បីចែករំលែកព័ត៌មានឥណទានឆ្លងដែន ផងដែរ។

ធនាគារជាតិនៃបានប្រកាសថា កិច្ចសហប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនតាមឃ្យូអរកូតទាំងនេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ។ ការណ៍នេះ គឺសំដៅដល់ការបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ ព្រមទាំងរួមចំណែកពង្រឹងការផ្លាស់ប្តូរព័ត៌មានឥណទានកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។
ក្រៅពីកិច្ចសហប្រតិបត្តិទូទាត់ឆ្លងដែនតាមQR Code ជាមួយសាធារណរដ្ឋកូរ៉េ បច្ចុប្បន្ន កម្ពុជាក៏មានកិច្ចសហការលើការទូទាត់នេះជាមួយប្រទេសក្នុងតំបន់ និងបណ្តានានា រួមទាំងក្រុមហ៊ុនធំៗមួយចំនួនក្នុងពិភពលោក។ ដូចជា៖ ជាមួយប្រទេសថៃ ឡាវ វៀតណាម ជប៉ុន និងជាមួយក្រុមហ៊ុនAlipay របស់ចិន ជាដើម។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជា ក៏មានផែនការពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌា ផងដែរ។
ធនាគារជាតិ ប្រឹងប្រែងធ្វើបែបនេះ ក្នុងគោលដៅជំរុញការប្រើប្រាស់រៀល ជំនួសឱ្យការប្រើប្រាស់ប្រាក់ដុល្លារក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម និងលំហូរទេសចរ ជាដើម ។ សមិទ្ធផលដែលធនាគារជាតិនៃកម្ពុជា សម្រេចបានជាបន្តបន្ទាប់នាពេលនេះបានឆ្លុះបញ្ចាំងពីគោលបំណងនៃសហគមន៍អាស៊ាន ដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ក៏ដូចជាបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា ជាមួយដៃគូ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: