កូរ៉េខាងត្បូង នាំចេញមីកញ្ចប់កើនលើស១០០លានដុល្លារលើកដំបូងក្នុងខែមេសា
- ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៩:០០ នាទី យប់

រូបភាព Reuters
ការនាំចេញមីកញ្ចប់របស់កូរ៉េខាងត្បូងបាន លើសពីតម្លៃ ១០០ លានដុល្លារជាលើកដំបូងកាលពីខែមេសា ដោយសារការកើនឡើងនៃប្រជាប្រិយភាពនៃវប្បធម៌ និងអាហារកូរ៉េ រួមទាំងផ្សំនឹងកត្ដាផ្សេងៗមួយទៀត។ នេះបើតាមទិន្នន័យបញ្ចេញដោយមន្រ្តីគយកូរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែឧសភា។

ការនាំចេញមីកញ្ចប់ ឬហៅថា «ramyeon» ជាភាសាកូរ៉េបានកើនឡើងដល់ ១០៨,៦ លានដុល្លារក្នុងខែមេសាដែលកើនឡើង ៤៦,៨ ភាគរយធៀបនឹងឆ្នាំមុន និងការកើនឡើង ក្នុងល្បឿនលឿនបំផុតចាប់តាំងពីខែឧសភា ឆ្នាំ ២០២២។ នេះបើយោងតាមសេវាគយកូរ៉េ (KCS)។ នេះជាលើកដំបូងដែលតួលេខប្រចាំខែមានលើសពី ១០០ លានដុល្លារ។
ការនាំចេញមីកញ្ចប់បានកើនឡើងឥតឈប់ឈរចាប់តាំងពីឆ្នាំ២០១៥ ហើយត្រូវបានរំពឹងថា នឹងឡើងដល់កម្រិតខ្ពស់ក្នុងឆ្នាំនេះ ស្របតាមការពេញនិយមនៃភាពយន្តកូរ៉េ រឿងភាគ និងតន្ត្រីក៏ដូចជាតម្រូវការខ្ពស់សម្រាប់ផលិតផលម្ហូបអាហារដែលត្រៀមរួចជាស្រេចដែលមានតម្លៃសមរម្យខណៈមានអតិផរណាខ្ពស់។
កាលពីឆ្នាំមុន ការនាំចេញរបស់មីកញ្ចប់កូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៩៥២ លានដុល្លារ ដោយកើនឡើង ២៤,៤ ភាគរយធៀបនឹងឆ្នាំ ២០២២។ មន្រ្តីគយកូរ៉េខាងត្បូង បានរំពឹងការនាំចេញនឹងលើសពី ១ ពាន់លានដុល្លារនៅឆ្នាំនេះ។
Samyang Foods ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ធំរបស់កូរ៉េខាងត្បូងបានមើលឃើញថាការ លក់របស់ខ្លួនកើនឡើង ៥៧ ភាគរយពីឆ្នាំមុនដល់ ២៨៤,៥ លានដុល្លារនៅក្នុងត្រីមាស ទីមួយ។ ប្រាក់ចំណូលរបស់ខ្លួនពីទីផ្សារក្រៅប្រទេសបានកើនឡើង ៨៥ ភាគរយដោយ សារភាពពេញនិយមនៃរសជាតិកាបូណារ៉ា នៃមីកញ្ចប់ដែលហឹរ Buldak Ramen។ យោងតាមក្រុមហ៊ុន Samyang ខាងលើ ប្រាក់ចំណូលនៅក្រៅប្រទេសមានចំនួន ៧៥ ភាគរយនៃការលក់សរុបក្នុងត្រីមាសទីមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: