ម៉ាឡេស៊ីនាំមុខថៃ ក្លាយជាទីផ្សាររថយន្តធំទីពីរនៅអាស៊ាន
- ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១១:១២ នាទី ព្រឹក

រថយន្តធ្វើដំណើរលើផ្លូវហាយវ៉េមួយកន្លែងនៅម៉ាឡេស៊ី ។ រូបភាព ៖ The Star
ចាប់ពីត្រីមាសទី៣ ឆ្នាំមុន រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៤ ម៉ាឡេស៊ីបាននាំមុខថៃ ដោយជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងទីផ្សាររថយន្តអាស៊ាន ខណៈឥណ្ឌូណេស៊ីនៅឈរកំពូលតារាង។

ទិន្នន័យបញ្ចេញដោយសារព័ត៌មាន Nikkei Asia ស្តីពីការប្រកាសរបស់សាជីវកម្មរថយន្តក្នុងបណ្តាប្រទេសនានារួមមាន ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម បានបង្ហាញថា ការលក់រថយន្តនៅម៉ាឡេស៊ី ដែលជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងតំបន់អស់រយៈពេលជាយូរមកហើយនោះ បានវ៉ាថៃចាប់តាំងពីត្រីមាសទី៣ ឆ្នាំមុន ដោយក្លាយជាទីផ្សាររថយន្តធំទីពីរនៅអាស៊ីអាគ្នេយ៍។
តាមសមាគមយានយន្តម៉ាឡេស៊ី (MAA) ការលក់បានកើនឡើង ៥ភាគរយនៅក្នុងត្រីមាសទី១ ធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានរថយន្តចំនួន ២០២២៤៥គ្រឿង។ នៅឆ្នាំ ២០២៣ ការលក់នៅក្នុងទីផ្សារនេះ បានឈានដល់កម្រិតខ្ពស់ជាមួយចំនួនលក់រថយន្តចំនួន ៧៩៩ ៧៣១គ្រឿង។
ការលើកលែងពន្ធសម្រាប់រថយន្តដែលផលិតក្នុងស្រុក បានក្លាយជាឱកាសសម្រាប់ម៉ាកក្នុងស្រុកដូចជា Perodua និង Proton ដែលបច្ចុប្បន្នកាន់កាប់ប្រហែល ៦០ភាគរយនៃចំណែកទីផ្សារ។
គោលនយោបាយលើកលែងពន្ធបានចាប់ផ្តើមពីឆ្នាំ២០២២ ក្នុងអំឡុងពេលជំងឺរាលដាលកូវីដ-១៩ ទោះបីជាវាបានបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២២ ក៏ដោយ ដំណើរការនៃការបំពេញការបញ្ជាទិញដែលបានកក់ពីមុននៅតែជួយបង្កើនការលក់នៅឆ្នាំ ២០២៣ ។
«រថយន្តជាច្រើនម៉ូដែលទើបចេញថ្មីៗ រួមទាំងរថយន្តអគ្គិសនីក្នុងតម្លៃប្រកួតប្រជែង ក៏មានការកើនឡើងនៃការសល់»។ សមាគមយានយន្តម៉ាឡេស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះ។
លោក Ivan Khoo អ្នកលក់រថយន្ត Toyota នៅទីក្រុង Kuala Lumpur បានអះអាងថា ការលក់ក្នុងរយៈពេល២ខែឆ្នាំនេះ គឺល្អជាងការរំពឹងទុក ហើយប្រភេទ Vios គឺជារថយន្តដែលលក់ដាច់ជាងគេ ដោយសារតម្លៃរបស់ប្របហាក់ប្រហែល ២១០០០ដុល្លារ ។
«ខ្ញុំឃើញផ្នែកទាំងពីរ ទាំងម៉ាស៊ីនចំហេះខាងក្នុង និងរថយន្ត Toyota Hybrid បន្តរីកចម្រើន»។ លោក Ivan Khoo បានមើលឃើញបែបនេះ។
ផ្ទុយទៅវិញ ការលក់រថយន្តនៅថៃមានការថយចុះ។ ត្រូវបានគេស្គាល់ថាជាទីក្រុង Detroit of Asia ដោយសារតែការប្រមូលផ្តុំនៃឧស្សាហកម្មរថយន្ត ថៃបានកាន់កាប់តំណែងទី២ អស់រយៈពេលជាយូរមកហើយ រហូតដល់ការលក់បានធ្លាក់ចុះ ២៥ភាគរយនៅក្នុងត្រីមាសទីមួយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ការលក់រថយន្តប្រចាំខែនៅថៃបានធ្លាក់ចុះចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ដោយសារតែការកើនឡើងកម្រិតបំណុល និងការប្រើប្រាស់ធ្លាក់ចុះ។ ចំណែកទីផ្សាររថយន្តអគ្គិសនីបានកើនឡើង ដោយសារការហូរចូលរបស់ក្រុមហ៊ុនផលិតរថយន្តចិន។
ចំណែក ឥណ្ឌូណេស៊ីមានសន្ទុះធ្លាក់ចុះដែរ។ ការលក់រថយន្តនៅក្នុងត្រីមាស១ បានថយចុះ ២៤ភាគរយ ដោយសារតែការកើនឡើងអត្រាការប្រាក់ធ្វើឱ្យអ្នកប្រើប្រាស់ពន្យារពេលការទិញ។ នៅឆ្នាំ២០២៣ ការលក់រថយន្តនឹងមានត្រឹមតែជាង១លានគ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ និងរថយន្តតិចជាងឆ្នាំ២០១៩ ចំនួន ៣០០០០គ្រឿង ដែលទាបជាងគោលដៅចំនួន ១,០៥លានគ្រឿងរបស់សមាគមឧស្សាហកម្មរថយន្តឥណ្ឌូណេស៊ី (Gaikindo)។
សម្រាប់នៅវៀតណាម នៅចុងត្រីមាសី១ ទិន្នន័យពីសមាគម VAMA មានការលក់រថយន្តត្រឹម ៥៨១៦៥គ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ១៨ភាគរយ។ ទន្ទឹមនេះ ទីផ្សារហ្វីលីពីនបានកើនឡើង ១៣ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសទាំង៥។
នៅឆ្នាំ ២០២៤ សមាគមរថយន្តម៉ាឡេស៊ីប៉ាន់ប្រមាណថាមានការថយចុះ ៧,៥ភាគរយនៃការលក់រថយន្តសរុប ទោះបីជាស្ថានភាពអាជីវកម្មនៃរថយន្តកូនកាត់ និងរថយន្តអគ្គិសនីសុទ្ធត្រូវបានរំពឹងថានឹងកើនឡើងក៏ដោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: