លោក សិរីពិសិដ្ឋ៖ វត្តមានកីឡាករបារាំងកម្រិត A នឹងផ្ដល់បច្ចេកទេសថ្មីដល់ក្រុមជម្រើសជាតិ
- ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី យប់

រូបភាពពីផេកផ្លូវការរបស់លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) លើកឡើងថា កីឡាករបារាំង ៣រូប ដែលប្រកបអាជីពនៅលីគបាល់ទះកម្រិត A នៅបារាំង ក្លាយជាសមាជិកថ្មីក្រុមបាល់ទះវិសាខារយៈពេលខ្លី។ កីឡាករ Francois Rebeyrol, Thomas Gill និង Prierre Toledo ក៏នឹងដើរតួសំខាន់ ក្នុងការចែករំលែកបទពិសោធន៍ថ្មី ទៅកាន់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាផង សម្រាប់ត្រៀមការប្រកួតពានរង្វាន់ Sea V.League។

នាព្រឹកថ្ងៃទី២១ ខែឧសភា កីឡាករបារាំងទាំង ៣រូប រួមមានកីឡាករ Francois Rebeyrol លេងឱ្យក្លិប Nice Volley Ball ស្ថិតក្នុងលីគបាល់ទះលំដាប់ A ប្រទេសបារាំង និងជាកីឡាករជម្រើសជាតិបារាំង។ អតីតកីឡាករជម្រើសជាតិកម្រិត Junior រួមមានកីឡាករ Gill លេងឱ្យក្លិប Ajaccio ក្នុងលីគលំដាប់ B និងកីឡាករ Toledo មកពីក្រុម Chaumont VB52 លីគលំដាប់ A បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ទទួលបានការស្វាគមន៍ពីសំណាក់លោក សិរីពិសិដ្ឋ ដោយផ្ទាល់។
បន្ទាប់ពីធ្វើដំណើរដ៏វែងឆ្ងាយពីប្រទេសបារាំង មកកាន់ទឹកដីកម្ពុជា កីឡាករ Rebeyrol វ័យ ២៤ឆ្នាំ កីឡាករ Gill វ័យ ២៣ឆ្នាំ និង Toledo វ័យ ២៣ឆ្នាំ នឹងចូលរួមលេងឱ្យក្លិបវិសាខា ក្នុងរយៈពេលខ្លី ដោយបង្ហាញខ្លួនលើកដំបូងឱ្យក្រុម នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្លិបបាល់ទះ Lavie Long An មកពីវៀតណាម នៅក្នុងសាលបាល់ទះពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២៤ ខែឧសភា វេលាម៉ោង ៧យប់។

រូបភាពពីផេកផ្លូវការរបស់លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា
នៅថ្ងៃដដែលនោះ ក៏មានការប្រកួតរវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម ២០ឆ្នាំ ទល់នឹងក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វេលាម៉ោង ៥ល្ងាច ផងដែរ។
លោក សិរីពិសិដ្ឋ បានបង្ហាញក្តីរំពឹង ប្រាប់មកកាន់សារព័ត៌មានថ្មីៗថា ពិសោធន៍នៃបច្ចេកទេសការលេងបាល់ទះពីកីឡាករមកពីទ្វីបអឺរ៉ុប នឹងធ្វើឱ្យក្រុមកីឡាករជម្រើសជាតិកម្ពុជាដែលកំពុងប្រមូលផ្តុំ មានការវិវឌ្ឍន៍កើនឡើងបន្ថែមទៀត។
«នឹងហើយកីឡាករទាំង ៣ នេះ មករយៈពេលខ្លីទេ ដោយពួកគេមកជួយក្រុមបាល់ទះវិសាខា និងចែករំលែកបទពិសោធន៍ថ្មីបន្ថែមទៀតដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលកំពុងប្រមូលផ្តុំ ត្រៀមសម្រាប់ការប្រកួតពានរង្វាន់ Sea V.League ចុងខែសីហា ដែលកម្ពុជារបស់យើងធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំជឿជាក់ថាបទពិសោធន៍ថ្មី ពីកីឡាករដែលមានបទពិសោធន៍ពីអឺរ៉ុបនេះ នឹងធ្វើឱ្យអត្តពលិកកម្ពុជារបស់យើងមានការវិវឌ្ឍន៍សមត្ថភាពកាន់តែកើតឡើង។»។ លោក សិរីពិសិដ្ឋ ប្រាប់សារព័ត៌មានថ្មីៗតាមរយៈបណ្តាញសង្គមតេឡេក្រាមដូច្នេះ៕

រូបភាពពីសហព័ន្ធកីឡាបាល់ទះកម្ពុជា VFC
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: