សិង្ហបុរីពង្រឹងសន្តិសុខ ក្រោយអំពើវាយប្រហារពីជនអ៊ីស្លាមជ្រុលនិយម ជាប់ព្រំដែនម៉ាឡេស៊ី
- ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី យប់

លោក ឡរ៉ែនស៍ វ័ង នៅថ្ងៃឡើងកាន់តំណែង នាយករដ្ឋមន្ត្រីសិង្ហបុរី ជាផ្លូវការ។ REUTERS - Edgar Su
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
នាយករដ្ឋមន្ត្រីថ្មី របស់សិង្ហបុរី លោក ឡរ៉ែនស៍ វ័ង បានប្រកាសវិធានការរឹតបន្តឹងសន្តិសុខសុវត្ថិភាពនៅក្នុងប្រទេស។ ការពង្រឹងសន្តិសុខនេះ បន្ទាប់ពីមានព្រឹត្តិការណ៍វាយប្រហារពីជនអ៊ីស្លាមជ្រុលនិយម សម្លាប់ប៉ូលិស២នាក់ នៅក្នុងទឹកដីម៉ាឡេស៊ី ជាប់ព្រំដែនសិង្ហបុរី។

សិង្ហបុរី បានពង្រឹងសន្តិសុខសុវត្តិភាព យ៉ាងតឹងតែងខ្លាំង នៅតាមគ្រប់ច្រកចេញចូល ព្រំដែន ទាំងផ្លូវទឹកនិងផ្លូវអាកាស។ នេះជាវិធានការដាក់ចេញដោយ នាយករដ្ឋមន្ត្រីថ្មី លោក ឡរ៉ែនស៍ វ័ង ដោយបញ្ជាក់ថែមទៀត ប្រាប់ឲ្យប្រជាពលរដ្ឋសិង្ហបុរី ត្រូវរាយការណ៍ផ្តល់ដំណឹងភ្លាមភ្លែត ជាបន្ទាន់ទៅដល់សមត្ថកិច្ច ប្រសិនបើបានសង្កេតឃើញ ឬជួបប្រទះហេតុភេទណាមួយ គួរឲ្យសង្ស័យ។ ថ្នាក់ដឹកនាំរដ្ឋាភិបាលសិង្ហបុរី ក៏ចេញបញ្ជាឲ្យភ្នាក់ងារកងកម្លាំងសមត្ថកិច្ច ត្រូវបន្តតាមដានឲ្យកៀកកិត ជុំវិញស្ថានការណ៍វិវឌ្ឍនានា ទាក់ទងនឹងសន្តិសុខក្នុងតំបន់និងពិភពលោក។
ការដាក់ចេញវិធានាការសន្តិសុខរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃអង្គារ ទី២១ឧសភា បន្ទាប់ពីមានព្រឹត្តិការណ៍សម្លាប់នគរបាលម៉ាឡេស៊ី ២នាក់ និងរបួសប៉ូលិសម្នាក់ផង ជាស្នាដៃបង្កឡើងពីខ្មាន់កាំភ្លើងម្នាក់ ដែលត្រូវគេសង្ស័យថាពាក់ព័ន្ធនឹងក្រុមអ៊ីស្លាមជ្រុលនិយម។ នាយករដ្ឋមន្ត្រី លោក ឡរ៉ែនស៍ វ័ង ចាត់ទុកថា ព្រឹត្តិការណ៍សម្លាប់មនុស្សនេះ ជាសញ្ញាគំរាមកំហែងភេរវកម្ម ជាថ្មី នៅក្នុងតំបន់។
ហេតុការណ៍នោះ បានកើតឡើង កាលពីថ្ងៃសុក្រ ទី១៧ឧសភា ក្នុងរដ្ឋហ្សូនោរ ជាប់ព្រំដែនទឹករបស់សិង្ហបុរី និងឋិតនៅប៉ែកខាងត្បូងម៉ាឡេស៊ី។ ប៉ូលិសម៉ាឡេស៊ីបានបាញ់សម្លាប់ខ្មាន់កាំភ្លើង និងបានបើកការស៊ើបអង្កេតឆែកឆេរនៅផ្ទះរបស់ជនដៃដល់ នៅមិនឆ្ងាយប៉ុន្មានពីប៉ុស្តិនគរបាល។ បើតាមកាសែតក្នុងស្រុកម៉ាឡេស៊ី ក្រុមកម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុភស្តុតាងផ្សេងៗជាច្រើន បង្ហាញពីការជាប់ទាក់ទង រវាង គ្រួសារខ្មាន់កាំភ្លើង ជាមួយនិង ក្រុមចលនាអ៊ីស្លាម ចេម៉ាហ៍ អ៊ីស្លាមីយ៉ាហ៍ ពិសេសឪពុកជនដៃដល់ផ្ទាល់តែម្តង ដែលជាខ្សែបណ្តាញ។ សមាជិកក្រុមគ្រួសារ ៥ នាក់ ត្រូវនគរបាលម៉ាឡេស៊ី ចាប់ខ្លួន យកទៅសួរចម្លើយ ហើយក្នុងនោះ មាន ២នាក់ កំពុងត្រូវបន្តឃុំឃាំង។
ចលនាអ៊ីស្លាម ចេម៉ាហ៍ អ៊ីស្លាមីយ៉ាហ៍ ជាខ្សែបណ្តាញពួកឧទ្ទាមភេរវនិយម អាល់-កៃដា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងដែលមានសន្ទុះកើនឡើង ចាប់ពីដើមឆ្នាំ២០០០។ ចលនាអ៊ីស្លាមនេះ មានគម្រោងបង្កើតរដ្ឋអ៊ីស្លាម១ នៅឥណ្ឌូណេស៊ី។ បក្សពួកដៃជើងរបស់ពួកគេ មានរាយប៉ាយនៅតាមប្រទេស ឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា និង ហ្វីលីពីន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានកាតារ អាល់-ហ្សាហ្សេរ៉ា។ មេក្រុមក្បាលម៉ាស៊ីនធំជាងគេ ឈរជើងនៅម៉ាឡេស៊ី ដើម្បីរៀបចំយុទ្ធសាស្ត្រនិងប្រមូលធនធានលុយកាក់សម្រាប់រៀបចំគម្រោងផែនការ។ នៅម៉ាឡេស៊ី ពួកគេទាំងនោះ ក៏បានបង្កើតសាលាបណ្តុះមនោគមវិទ្យារបស់ខ្លួន នៅក្នុងរដ្ឋហ្សូនោរ គឺជាទីដែលមានផ្ទុះហេតុការណ៍បាញ់សម្លាប់ នគរបាល ២ នាក់ កាលពីសប្តាហ៍មុន។
ខែតុលា ឆ្នាំ២០០២ ចលនាអ៊ីស្លាម ចេម៉ាហ៍ អ៊ីស្លាមីយ៉ាហ៍ បានធ្វើភេរវកម្មបំផ្ទុះ នៅកោះបាឡី សម្លាប់មនុស្សអស់ ជាង ២០០ នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com