ចិន សន្យាជួយកម្ពុជាឲ្យរួចផុតពីការគំរាមកំហែងដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
- ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១០:២៩ នាទី យប់

លោក វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិន ថតរូបជាមួយលោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃអាជ្ញាធរមីន នាឱកាសជម្រាបលាពីការបំពេញបេសកកម្មការទូតនៅកម្ពុជា នាថ្ងៃទី២១ឧសភា។ រូបថត៖ ទំព័រហ្វេសប៊ុក លោក លី ធុជ
ចិន សន្យាជួយកម្ពុជាលើការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះរហូតលែងមានការគំរាមកំហែងពីបញ្ហានេះតទៅទៀត។ ការសន្យានេះ ត្រូវបានលើកឡើងដោយលោក វ៉់ាង វិនធាន អគ្គរដ្ឋទូចចិនប្រចាំកម្ពុជានៅចំពោះមុខ លោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន នាថ្ងៃទី២១ឧសភា។

លោក វ៉ាង វិនធាន បានបញ្ជាក់ថា ប្រទេសចិន នៅតែបន្តគាំទ្រយ៉ាងមុះមុតក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រហូតកម្ពុជារួចផុតពីការគំរាមដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ។ ជុំវិញនៃការប្តេជ្ញានេះ លោក លី ធុជ បានសាទរ លោក វ៉ាង វិនធាន ដែលតែងតែផ្តល់ការគាំទ្រលើវិស័យសកម្មភាពមីននៅកម្ពុជា រហូតនាំកម្ពុជាអាចសម្រេចបាននូវគោលដៅគ្មានមីន នៅត្រឹមឆ្នាំ២០២៥។
លោកឯកអគ្គរដ្ឋទូតចិនរូបនេះ នឹងបញ្ចប់បេសកកម្មរបស់លោកនៅកម្ពុជាឆាប់ៗ បន្ទាប់ពីបានបំពេញបេសកកម្មនេះតាំងពីឆ្នាំ២០១៩មក។ ទាំងលោក Wang Wentian និងលោក លី ធុជ សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ជាពិសេសក្នុងនាមសហគមន៍វាសនារួម។
បើតាមការប្រកាសរបស់អាជ្ញាធរមីន ចិនគឺជាប្រទេសមួយដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវសមិទ្ធផលលើសកម្មភាពសម្អាតមីន។

ចាប់ពីឆ្នាំ ២០១៨មក ចិនបានផ្តល់ជំនួយសំណងចំនួន១៤,៤ លានដុល្លារ ដល់កម្ពុជា និងចូលរួមសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទះក្នុងទំហំផ្ទៃដីប្រមាណ១០៧ គីឡូម៉ែត្រក្រឡា។ ក្នុងសកម្មភាពទាំងនោះ រកឃើញ និងកម្ទេចចោលមីន និងគ្រាប់ចំនួន ៧៧៩៥៤ គ្រាប់។ ជាមួយគ្នានេះ ចិនក៏បានផ្តល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋប្រមាណជា ១,៥ លាននាក់ ផងដែរ។
ក្រៅពីនេះ ប្រទេសចិនក៏បានផ្ដល់ការបណ្ដុះបណ្ដាលសិក្ខាកាមកម្ពុជាចំនួន ១៩៩នាក់ មកពីអាជ្ញាធរមីន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កងទ័ពជើងគោក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គិតចាប់ពីឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦ មក។
របាយការណ៍ពីអាជ្ញាធរមីនបានបង្ហាញថា ក្នុងរយៈពេលជាង៣០ឆ្នាំនេះ កម្ពុជាសម្រេចបានការរំដោះដីដែលមានមីននិងគ្រាប់មិនទាន់ផ្ទុះបាន ៣ ០២៤ គីឡូម៉ែត្រការ៉េ និងបានប្រកាសរាជធានីភ្នំពេញ និងខេត្ត១៤ផ្សេងទៀត ជាខេត្តគ្មានគ្រាប់មីន។
សម្រាប់ឆ្នាំ២០២៣ គឺជាឆ្នាំដែលការបោសសម្អាតមីនទទួលបានផ្ទៃដីធំរហូតដល់ ៤៤៤ គីឡូម៉ែត្រការ៉េ ។ នេះជាទំហំផ្ទៃដីធំបំផុតក្នុងចំណោមសកម្មភាពបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះនៅលើសកលលោក ដែលអាជ្ញាធរប្រឹងអនុវត្តដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ កម្ពុជាគ្មានគ្រាប់មីននៅឆ្នាំ២០២៥៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: