មគ្គទេសក៍តែម្នាក់នាំភ្ញៀវចម្រុះជាតិសាសន៍ច្រើននាក់ ជាបទពិសោធន៍ថ្មីរបស់លោក ជូ ស៊ីឡុង
- ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៩:១៩ នាទី ព្រឹក

សៀមរាប៖ ជប៉ុន កូរ៉េ អាម៉េរិក បារាំង អ៊ីតាលី និងជនជាតិបរទេសផ្សេងទៀត ស្ថិតក្នុងដំណើរទសចរណ៍រួមគ្នានៅតំបន់សៀមរាប-អង្គរ តាមរយៈកញ្ចប់សេវាកម្ម Siem Reap Shuttle Tours។ ១៦ឆ្នាំ ក្នុងអាជីពជាមគ្គទេសក៍ ប៉ុន្តែនេះបទពិសោធន៍ដ៏ថ្មីសន្លាងរបស់លោក ជូ ស៊ីឡុង ដែលនាំភ្ញៀវពីប្រទេសផ្សេងៗគ្នា ដើរកម្សាន្តទៅបណ្តាទីតាំងទេសចរណ៍ក្នុងពេលតែមួយ។

«មគ្គទេសក៍មិនមែនជាអាជីពថ្មីឡើយសម្រាប់ខ្ញុំ តែបទពិសោធន៍ថ្មីដែលខ្ញុំបានជួបនៅពេលនេះ គឺការនាំភ្ញៀវចម្រុះជាតិសាសន៍ដើរក្នុងពេលតែមួយ»។ លោក ជូ ស៊ីឡុង ដែលទើបតែចូលបម្រើការនៅភ្នាក់ងារទេសចរណ៍ Siem Reap Shuttle Tours បានលើកឡើងយ៉ាងដូច្នេះក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានឌីជីថលថ្មីៗ។
ជាមគ្គទេសក៍របស់ Siem Reap Shuttle លោក ស៊ីឡុង គឺជាអន្តរការីដ៏សំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងភ្ញៀវទេសចរដែលមកពីប្រភពផ្សេងៗគ្នា ទាំងអាស៊ី ទាំងអឺរ៉ុប។ ក្នុងដំណើរតាមរថយន្តទៅកាន់គោលដៅទេសចរណ៍ មគ្គទេសក៍វ័យ៤៦ឆ្នាំរូបនេះ ប្រាប់ទៅភ្ញៀវណែនាំខ្លួនដើម្បីឱ្យពួកគាត់ស្គាល់គ្នា និងអាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។
Siem Reap Shuttle Tours ផ្តល់កញ្ចប់សេវាកម្មទេសចរណ៍ថ្មីមួយ សម្រាប់ភ្ញៀវដែលមកដើរកម្សាន្តតែម្នាក់ឯង ឬជាក្រុម ទៅកាន់ប្រាសាទ និងទីតាំងលេចធ្លោនានានៅក្នុងខេត្តសៀមរាប។ សេវាកម្មទេសចរណ៍នេះ នាំទេសចរចម្រុះជាតិសាសន៍ ទទួលបានបទពិសោធថ្មី តាមរយៈការធ្វើដំណើររួមគ្នាក្នុងពេលតែមួយ។

«ខ្ញុំសប្បាយចិត្ត ដោយបានឃើញពួកគាត់ស្គាល់គ្នា សប្បាយជាមួយគ្នា ប្រៀបដូចគ្រួសារតែមួយ»។ មគ្គទេសក៍ ជូ ស៊ីឡុង ដែលប្រឡូកក្នុងអាជីពអស់រយៈពេល១៦ឆ្នាំ បង្ហាញពីអារម្មណ៍រំភើបរបស់ខ្លួន ជាមួយនឹងបទពិសោធន៍ថ្មីនៅ Siem Reap Shuttle Tours។
នាពិធីបុណ្យឆ្លងសហសវត្សរ៍ កាលពីឆ្នាំ២០០០ លោក ស៊ីឡុង បានកត់សម្គាល់ពីសក្តានុពលទេសចរណ៍នៅខេត្តសៀមរាប ទីកំណើតរបស់លោក ហើយចាប់ពីពេលនោះមក លោកក៏បានចិញ្ចឹមចិត្តលើការងារផ្នែកសេវាកម្មទេសចរណ៍ រហូតមានឱកាសធ្វើជាមគ្គទេសក៍ផ្នែកភាសាអង់គ្លេស ដល់បច្ចុប្បន្ន។

ក្រៅពីការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រវត្តិប្រាង្គប្រាសាទបុរាណនៅតំបន់អង្គរ និងការប្រាស្រ័យទាក់ទងជាមួយភ្ញៀវបរទេស ដែលជាជំនាញប្រចាំថ្ងៃ លោក ស៊ីឡុង ក៏ត្រូវណែនាំភ្ញៀវឱ្យស្គាល់ពីប្រពៃណី វប្បធម៌ សហគមន៍ទេសចរណ៍ បរិបទជីវិតរបស់ប្រជាជន និងម្ហូបអាហារ ផងដែរ។
ជាទម្លាប់ទៅហើយសម្រាប់លោក ស៊ីឡុង ក្នុងការដឹកនាំភ្ញៀវលក្ខណៈជាក្រុម និងជាតិសាសន៍តែមួយ ប៉ុន្តែក្រោយចូលរួមជាមួយ Siem Reap Shuttle ជាងមួយខែ លោកទទួលបានបទពិសោធន៍ថ្មីក្នុងនាមជាមគ្គទេសក៏ម្នាក់ទល់ជាមួយភ្ញៀវចម្រុះជាតិសាសន៍ជាច្រើននាក់។
«ពួកគាត់មកពីប្រទេសផ្សេងគ្នា ឥរិយាបថផ្សេងគ្នា ភ្ញៀវខ្លះចូលចិត្តថតរូប ភ្ញៀវខ្លះចូលចិត្តចង់ដឹងពីព័ត៌មានច្រើន។ ក្នុងនាមជាមគ្គទេសក៏ ខ្ញុំត្រូវបែងចែកពេលវេលាឱ្យបានល្អ ដើម្បីឆ្លងតបតម្រូវការរបស់ពួកគាត់ ពោលគឺត្រូវមានសិល្ប៍វិធី សម្របសម្រួលជាមួយពួកគាត់ ដើម្បីឱ្យពួកគាត់ស្វែងយល់ពីគ្នាទៅវិញទៅមក»។ នេះជាការពន្យល់របស់មគ្គទេសក៍ ស៊ីឡុង។

កញ្ចប់សេវាកម្មនីមួយៗរបស់ Siem Reap Shuttle Tours មានតម្លៃខុសគ្នា ទៅតាមទិសដៅទស្សនា ដូចជា កញ្ចប់សេវាកម្មទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ការទស្សនាវង់តូច ការធ្វើដំណើរទៅកាន់ប្រាសាទបន្ទាយស្រី ដំណើរកម្សាន្តទៅកាន់ប្រាសាទកោះកេរ និងបេងមាលា ទឹកធ្លាក់ភ្នំគូលែន កំពង់ភ្លុក ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com
Tag: