សុក សំណាង បញ្ចប់អាជីពកីឡាករបាល់ទាត់ទាំងសោកស្ដាយ ដោយសាររបួសជង្គង់រ៉ាំរ៉ៃ
- ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ព្រឹក

សុក សំណាង នៅខាងស្ដាំដៃ និងមានកាន់សៀវភៅ ក្នុងដៃ រូបពីក្លិបព្រះខ័នរាជស្វាយរៀង
សុក សំណាង សមាជិកក្រុមព្រះខ័នរាជស្វាយរៀង បានចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ក្រោយចប់រដូវកាល ឆ្នាំ២០២៣-២០២៤។ ខ្សែបម្រើវ័យ ៣១ឆ្នាំរូបនេះ មិនចង់ព្យួរស្បែងជើងនៅវ័យនេះឡើយ ប៉ុន្ដែដោយសាររបួសជង្គង់រ៉ាំរ៉ៃ ទើបសម្រេចចិត្តបែបនេះ។

បន្ទាប់ពីជួយក្លិបព្រះខ័នរាជស្វាយរៀង លើកពានសំខាន់២ គឺពានសម្ដេច ហ៊ុន សែន និងពានលីគកំពូលកម្ពុជា កីឡាករ សុក សំណាង បានសម្រេចចូលនិវត្តិន៍តែម្តង។ ការសម្រេចបញ្ចប់អាជីពត្រឹមអាយុ៣១ឆ្នាំនេះ សម្រាប់ សំណាង គឺជារឿងសោកស្ដាយ ព្រោះកាយសម្បទា និងកម្លាំងនៅតែអាចប្រកួតបាន ៩០នាទី។ ដោយឡែក បញ្ហារបួសជង្គង់ម្ដងហើយម្ដងទៀត គឺជាហេតុធ្វើឲ្យកីឡាកររូបនេះ ព្យួរស្បែកជើងពីទីលានប្រកួតបាល់។ ប៉ុន្ដែ សំណាង ក៏ត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង ឲ្យធ្វើជាគ្រូបង្វឹកក្រុមថ្នាល់អាយុក្រោម ១៣ឆ្នាំ។
ខ្សែបម្រើរូបនេះ បាននិយាយប្រាប់ថា៖«ដោយសារបញ្ហារបួសជង្គង់ពេក ខ្ញុំ ក៏សម្រេចចិត្តចូលនិវត្តន៍ជាមួយនិងក្លិប ហើយក្លាយជាគ្រូបង្វឹកថ្នាល់អាយុក្រោម១៣ឆ្នាំ របស់ក្លិប។ ខ្ញុំ មិនចង់ទៅណាទៀត ព្រោះបានបន្ដអាជីពនៅទីនេះយូហើយដែរ ទើបសម្រេចបញ្ចប់អាជីពនៅទីនេះ និងធ្វើការនៅទីនេះ។ ខ្ញុំ ស្ដាយអាជីពនេះដែរ ប្រសិនជាមិនសូវរបួសជង្គង់ញឹកញាប់ទេ ខ្ញុំ មិនទាន់ចូលនិវត្តន៍ ត្រឹមវ័យប៉ុន្នេះទេ»។

ការប្រជែងបាល់គ្នារវាងកីឡាករព្រះខ័នរាជស្វាយរៀង និងវិសាខា រូបពី Cambodian Premier League
គួរបញ្ជាក់ផងដែរថា សុក សំណាង បានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០២៤ ក្រោយចប់រដូវកាល Cambodian Premier League 2023-2024។
កីឡាកររូបនេះ បានលើកពានសម្ដេច ហ៊ុន សែន ចំនួន៥លើក និងពានលីគកំពូលកម្ពុជា ចំនួន៣លើក ជាមួយក្លិបព្រះខ័នរាជស្វាយរៀង។ នៅចន្លោះឆ្នាំ២០១៦-២០១៧ កីឡាកររូបនេះ ក៏ធ្លាប់ជាប់ជាជម្រើសជាតិកម្ពុជា ប្រកួតក្នុងពានរង្វាន់ AFC U-23 Championship។ ពេលនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងពូល J ដោយមាន៣ក្រុមផ្សេងទៀត មាន៖ចិន ជប៉ុន និងហ្វីលីពីន។ សំណាង គឺជាកីឡាករកម្ពុជាម្នាក់គត់ ដែលគ្រាប់បាល់បានពីព្រឹត្តិការណ៍នោះ ដោយបានទាត់បញ្ចូលទី ហ្វីលីពីន នៅនាទី៥៩៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: