សមាជិកបក្សប្រឆាំងម្នាក់ ជាប់ពន្ធនាគារ២ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រថៃ
- ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី យប់

លោកស្រី Chonthicha Jaengraew ក្នុងព្រឹត្តិការណ៍មួយនៅ Pathum Thani កាលពីខែមេសា ឆ្នាំ២០២៣។ រូបភាព ៖ Reuters។
សមាជិកសភាគណបក្សឆ្ពោះទៅមុខលោកស្រី Chonthicha Jaengraew ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ អំឡុងការការចូលរួមតវ៉ាដោះលែងអ្នកទោសនយោបាយកាលពីឆ្នាំ២០២១។

មេធាវីរបស់លោកស្រី Chonthicha Jaengraew បានបញ្ជាក់នៅថ្ងៃទី២៧ ខែឧសភា ថា តុលាការនៅ Thanyaburi ភាគខាងជើងទីក្រុងបាងកក បានសម្រេចកាត់ទោសលោកស្រី Chonthicha Jaengraew ពីបទបំពានច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ និងកាត់បន្ថយការជាប់ពន្ធនាគារពី ៣ឆ្នាំទៅ២ឆ្នាំ ដោយកិច្ចសហប្រតិបត្តិការរបស់លោកស្រី ។ បច្ចុប្បន្នសមាជិកសភា Chonthicha កំពុងស្ថិតនៅក្រៅឃុំដើម្បីប្តឹងឧទ្ធរណ៍ជាមួយនឹងចំនួនប្រាក់ធានាចំនួន ៤០០០ដុល្លារ។
កាលពីឆ្នាំ២០២១ លោកស្រី Chonthicha Jaengraew បានចូលរួមក្នុងការតវ៉ា និងថ្លែងនៅមុខតុលាការ ដើម្បីទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយ។ កន្លងមក លោកស្រីបញ្ជាក់ថា គ្មានចេតនាប្រមាថព្រះមហាក្សត្រទេ ប៉ុន្តែគ្រាន់តែចង់ចង្អុលបង្ហាញពីបញ្ហានៃការអនុវត្តច្បាប់ប្រមាថព្រះមហាក្សត្រក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ។
លោកស្រី Chonthicha Jaengraew ជាសមាជិកបក្សឆ្ពោះទៅមុខ ដែលជាគណបក្សទទួលបានអាសនៈសភាច្រើនជាងគេនៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំមុន ប៉ុន្តែមិនមានសិទ្ធិបង្កើតរដ្ឋាភិបាលទេ។ គណបក្សនេះបានទាក់ទាញការចាប់អារម្មណ៍អំឡុងពេលបោះឆ្នោតដោយសារតែប្តេជ្ញាកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ។
មាត្រា ១១២នៃក្រមព្រហ្មទណ្ឌថៃ គឺជាពាក់ព័ន្ធច្បាប់ប្រមាថព្រះមហាក្សត្រដែលចែងថា ជនណាដែលបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថ ឬគំរាមកំហែងព្រះមហាក្សត្រ ព្រះមហាក្សត្រី អ្នកស្នងរាជ្យ រាជវង្សានុវង្ស នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ ទៅ១៥ឆ្នាំ។
កន្លងមក អ្នកតំណាងរាស្រ្តបក្សឆ្ពោះទៅមុខម្នាក់ទៀតគឺលោកស្រី Rukchanok Srinork ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំកាលពីចុងឆ្នាំមុន ពីបទប្រមាថព្រះរាជវង្សានុវង្សថៃ និងរំលោភលើអំពើឧក្រិដ្ឋកម្មកុំព្យូទ័រ។
គួរបញ្ជាក់ថា ថៃជាប្រទេសដែលមានច្បាប់ប្រមាថព្រះមហាក្សត្រតឹងរ៉ឹងបំផុតក្នុងពិភពលោក។ បន្ទាប់ពីចលនាតវ៉ាឆ្នាំ ២០២០ ប្រទេសនេះរឹតបន្តឹងច្បាប់ប្រមាថព្រះមហាក្សត្រ និងបង្កើននិតិវិធីដោះស្រាយចំពោះអ្នកបំពានច្បាប់នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: