លោកពូទីនព្រមានជម្លោះសកល បើអឺរ៉ុបអនុញ្ញាតអ៊ុយក្រែនបាញ់មីស៊ីលចូលដីរុស្ស៊ី
  • ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
លោកពូទីនព្រមានជម្លោះសកល បើអឺរ៉ុបអនុញ្ញាតអ៊ុយក្រែនបាញ់មីស៊ីលចូលដីរុស្ស៊ី
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AFP

ការវាយប្រហារមីស៊ីលទៅក្នុងដីរុស្ស៊ី អ៊ុយក្រែនពិតជាត្រូវការផ្កាយរណប យោធា និងចារកិច្ចពីអឺរ៉ុបដើម្បីជួយ ហើយនេះជាការប្រឡូកក្នុងសង្រ្គាមដោយផ្ទាល់។ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បញ្ជាក់បែបនេះ នៅថ្ងៃទី២៨ ខែឧសភា ដោយព្រមានថា ជម្លោះអាចនឹងរីកជាសកល។
TTN-Free-Banner-In-Article-PC
 
បន្ទាប់ពីប្រមុខសម្ព័ន្ធយោធាណាតូ (NATO) បានលើកសំណើទៅកាន់សមាជិក ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារមីស៊ីលទៅក្នុងដីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រើពាក្យខ្លាំងៗដាក់លោកខាងលិចថា កុំលេងជាមួយភ្លើង។ 
 
«ការរីកធំឡើងនៃជម្លោះ នឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ»។ លោកពូទីន បានព្រមានបែបនេះ នៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងក្រុង តាស្កិន របស់អ៊ូសបេគីស្ថាន នៅថ្ងៃទី២៨ ខែឧសភា ដោយបន្តឌឺដងថា បើជម្លោះរីកធំនៅដែនដីអឺរ៉ុប អាម៉េរិកនឹងមានកាយវិការបែបណា។ ត្រង់ចំណុចនេះ លោកពូទីន បានប្រាប់អឺរ៉ុបឱ្យគិតដល់ពីចំនួនអាវុធយុទ្ធសាស្រ្តដែលរុស្ស៊ី និងអឺរ៉ុបមាន។ 
 
ក្នុងកិច្ចសម្ភាសនជាមួយសារព័ត៌មាន The Economist លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានអះអាងថា សមាជិកសម្ព័ន្ធយោធា គួរតែអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារទៅក្នុងដីរុស្ស៊ីដ៏ជ្រៅ ជាមួយអាវុធរបស់លោកខាងលិច។ យ៉ាងណាមិញ គំនិតបែបនេះ ត្រូវបានគាំទ្រដោយប្រទេសសមាជិកមួយចំនួន តែអាម៉េរិក បានជំទាស់។ 
 
ត្រង់ចំណុចនេះ លោកពូទីន បានបង្ហាញចម្ងល់របស់ខ្លួនថា អឺរ៉ុបពិតជាចង់ផុងខ្លួនទៅក្នុងជម្លោះសកលឬយ៉ាងណា។ បើតាមលោកប្រធានាធិបតី ការអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារលើរុស្ស៊ី​ វាពិតជាចាំបាច់ក្នុងការប្រើប្រាស់ផ្កាយរណប យោធា និងចារកិច្ចរបស់លោកខាងលិច ហើយនេះ ជាការចូលរួមដោយផ្ទាល់ក្នុងសង្រ្គាម។ 
 
មេដឹកនាំរុស្ស៊ីក៏បានប្រាប់ប្រទេសសមាជិកណាតូមួយចំនួនថា ប្រទេសតូចៗ គួរតែយល់ពីអ្វីដែលខ្លួនកំពុងប្រលែង ខណៈប្រទេសទាំងនោះ មានទាំងទំហំដីតូច និងប្រជាជនតិច។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រមុខវិមានក្រេមឡាំង បានជំរុញឱ្យសមាជិកណាតូចងចាំ បើចង់អនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារលើខ្លួន។
 
ជាងរយៈពេល២ឆ្នាំមកនេះ រុស្ស៊ីនៅតែបន្តវាយប្រហារ ខណៈទ្រព្យសម្បត្តិជាច្រើនត្រូវបានបំផ្លាញ និងខូចខាត។ រុស្ស៊ីបានគ្រប់គ្រងដែនដីអ៊ុយក្រែន ប្រមាណ ១៨ភាគរយ ហើយកំពុងបន្តវាយប្រហារលើតំបន់ Kharkiv ស្របពេលជំនួយជាច្រើនពាន់លានដុល្លាររបស់លោកខាងលិច បន្តបញ្ជូនទៅអ៊ុយក្រែន៕ 

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ