វៀតណាម៖ សិស្សមត្តេយ្យ៥ឆ្នាំបាត់បង់ជីវិត ក្រោយជាប់លើរថយន្ត ១១ម៉ោង
- ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ២:៥៩ នាទី រសៀល

រថយន្តសាលានៅខេត្ត ថាយ ប៊ិញ ដែលក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ត្រូវបានទុកចោលអស់ ១១ ម៉ោង ហើយបានស្លាប់នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤។ រូបភាព ៖ VnExpress
សិស្សសាលាមត្តេយ្យម្នាក់ អាយុ ៥ឆ្នាំ បានបាត់បង់ជីវិត បន្ទាប់ភ្លេចនៅលើឡានក្រុងសាលាអស់ ១១ម៉ោងក្រោមសីតុណ្ហភាព ៣៥អង្សាសេ នៅខេត្តភាគខាងជើងវៀតណាម។ នេះបើតាមសារព័ត៌មាន VnExpress ។

នៅវេលាម៉ោង៦ និង២០នាទីព្រឹក កុមារឈ្មោះ Gia Huy ស្ថិតនៅខេត្ត ថៃ ប៊ិញ បានជិះរថយន្តក្រុង ២៩កៅអី ទៅសាលាមត្តេយ្យ Hong Nhung 2 ចម្ងាយ ៥គីឡូម៉ែតពីផ្ទះ។ នៅលើឡានក្រុងមានសិស្ស១០នាក់ និងគ្រូម្នាក់ដែលបំពេញភារកិច្ចចាំទទួលសិស្ស។
ពេលទៅដល់សាលារៀន អ្នកបើកបរបានបើកទ្វារឲ្យសិស្ស និងគ្រូចូលក្នុងថ្នាក់រៀន បន្ទាប់មកចតនៅខ្លោងទ្វារសាលា រួចចាកចេញទៅវិញ។ នៅក្នុងថ្នាក់រៀន គ្រូបានថតរូបសិស្ស និងស្រង់អវត្តមានចូលរៀន ប៉ុន្តែមិនឃើញវត្តមាន Gia Huy ទេ។ យ៉ាងណាមិញ គ្រូក៏មិនបានជូនដំណឹងដល់គ្រួសារសិស្សដែរ។ នេះបើយោងតាមប៉ូលីសខេត្ត Thai Binh ។
លុះដល់ម៉ោង ៥ល្ងាចថ្ងៃដដែល ពូរបស់ក្មេងម្នាក់នេះបានទៅសាលាទទួលក្មួយ តែគ្រូប្រាប់ថា មិនបានឃើញ Gia Huy មករៀននោះទេ ។ ពេលនោះ ស្រាប់តែបុរសម្នាក់នោះរត់យ៉ាងលឿនសំដៅទៅឡានក្រុងដែលចតនៅខ្លោងទ្វារសាលា ហើយវាយបំបែកទ្វារជាមួយអ្នកដទៃទៀត ស្រាប់តែឃើញក្មួយនៅក្នុងឡានក្នុងសភាពអស់កម្លាំង។
គ្រានោះ Gia Huyស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារនៅក្នុងរថយន្តអស់រយៈពេលជិត ១១ម៉ោង។ តំណាងមន្ទីរពេទ្យខេត្ត Thai Binh បាននិយាយថា កុមារនោះបានស្លាប់មុនពេលចូលមន្ទីរពេទ្យ។
បើតាមអាជ្ញាធរក្នុងតំបន់ ម្តាយរបស់ Gia Huy បានទៅធ្វើការនៅក្រៅប្រទេស ហើយកូនស្នាក់នៅជាមួយជីដូន និងពូ។
សាលារៀន Hong Nhung 2 ជាសាលាមត្តេយ្យឯកជនមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលមានសាខាចំនួន២ ដែលមានសិស្សប្រហែល ៤០០នាក់។ នៅថ្ងៃទី២៩ ខែឧសភា សាលាបានធ្វើការបញ្ចប់ឆ្នាំសិក្សា ដូច្នេះសិស្សត្រឡប់មកផ្ទះយឺតជាងធម្មតា។
ខេត្ត ថាយ ប៊ិញ កំពុងជួបប្រទះនឹងអាកាសធាតុក្តៅខ្លាំង ដោយសីតុណ្ហភាពខាងក្រៅខ្ពស់បំផុតគឺប្រហែល ៣៥អង្សារសេ។ បើតាមអ្នកជំនាញ ប្រសិនបើរថយន្តបិទទ្វារ ហើយទុកចោលក្រោមពន្លឺថ្ងៃ ហើយមិនបើកម៉ាស៊ីនត្រជាក់ សីតុណ្ហភាពខាងក្នុងរថយន្តអាចឡើង ១០អង្សារសេលើសពីខាងក្រៅ។
នៅឆ្នាំ ២០១៩ ក្នុងឧបទ្ទវហេតុស្រដៀងគ្នានេះនៅទីក្រុងហាណូយ ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានទុកចោលនៅលើឡានក្រុង។ អ្នកបើកបរ អ្នកគ្រប់គ្រងសិស្ស និងគ្រូបង្រៀនម្នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ ពីបទមនុស្សឃាតដោយអចេតនា និងការធ្វេសប្រហែស៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: