សម្តេច ហ៊ុន ម៉ាណែត បង្កើតមូលនិធិអភិរក្សសិល្បៈដែលរងហានិភ័យខ្ពស់ និងប្រឈមការបាត់បង់
- ថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១២:៥៩ នាទី រសៀល

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត ប្រកាសបង្កើតមូលនិធិ ដើម្បីអភិរក្សសិល្បៈដែលរងហានិភ័យខ្ពស់ និងប្រឈមនឹងការបាត់បង់ នៅក្នុងកម្មវិធី«អ្នកស្នងមរតក» ដែលរៀបចំដោយសមាគមសិល្បករខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ កាលពីថ្ងៃទី៣១ ខែឧសភា។

ប្រមុខរដ្ឋាភិបាល ប្រកាសបង្កើតមូលនិធិនេះ បន្ទាប់ពីសង្កេតឃើញថា បច្ចុប្បន្នទម្រង់សិល្បៈមួយចំនួន កំពុងប្រឈមនឹងការបាត់បង់ និងរងហានិភ័យខ្ពស់ ដោយកត្តាទីផ្សារ និងការមិនសូវចាប់អារម្មណ៍ពីសាធារណជន។
បើតាមសម្តេច នាយករដ្ឋមន្រ្ដីកម្ពុជា មូលនិធិនេះ នឹងជួយជំរុញ និងលើកទឹកចិត្តដល់សិល្បៈដែលរងហានិភ័យ ឱ្យមានភាពរស់រវើកឡើងវិញ។ «យើងត្រូវរួមគ្នាបង្កើត អភិវឌ្ឍន៍ និង អភិរក្ស ជាពិសេសថែរក្សានូវអ្វីដែលជិតបាត់បង់»។ សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ ដូច្នេះ។


រូបភាពពីSTPM
ក្រៅពីប្រកាសអភិរក្សទម្រង់សិល្បៈដែលមានហានិភ័យ សម្ដេច ហ៊ុន ម៉ាណែត ក៏ជំរុញឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិក្សាស្រាវជ្រាវ និងចងក្រង ទម្រង់សិល្បៈដែលបានបាត់បង់ឡើងវិញផងដែរ ដើម្បីផ្សព្វផ្សាយ ដល់យុវជនជំនាន់ក្រោយ។ ចំណែកទម្រង់សិល្បៈដែលអាចរីកចម្រើន ឬមានភាពរស់រវើកស្រាប់ ត្រូវខិតខំជំរុញច្នៃប្រឌិតបន្ដទៀត។
«មិនចាំបាច់ទាល់តែមានទីផ្សារ បានរស់បាននោះទេ។ មានរបស់ខ្លះអាចរស់បានដោយចីរភាព ប៉ុន្តែរបស់ខ្លះជាពិសេសវប្បធម៌ សិល្បៈរបស់យើង ដែលជាកេរដំណែលដូនតារបស់យើង។ ទោះបីមានទីផ្សារ ឬគ្មានទីផ្សារ ជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ត្រូវតែឱ្យមានជីវតរស់នៅ កុំឱ្យបាត់សាបសូន្យ។ នេះជាអ្វីដែលសំខាន់»។ សម្តេច នាយករដ្ឋមន្រ្តីកម្ពុជា បានសង្ងត់ធ្ងន់ដូច្នេះ មុននឹងបន្តអំពាវនាវឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បៈនានា សិល្បករ សិល្បការិនី និងជនរួមជាតិទាំងអស់ រួមគ្នាដើម្បីថែរក្សា និងអភិរក្ស លើកស្ទួយ ការពារសិល្បៈបុរាណកុំឱ្យបាត់បង់៕

រូបភាពពីSTPM
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ