ឥណ្ឌា៖ យ៉ាងហោចណាស់ ៥៦នាក់ស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំង
- ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

កង្វះទឹកស្របពេលពេលកម្ក្តៅកើនឡើងថ្មីៗនេះ បានបង្ខំប្រជាជនក្នុងតំបន់ Chanakyapuri កណ្តាលទីក្រុងញូវដេលីពឹងផ្អែកលើរថយន្តដឹកទឹករបស់រដ្ឋាភិបាល។ រូបភាព ៖ ANI
រលកកំដៅនៅទូទាំងប្រទេសឥណ្ឌាចាប់ពីខែមីនាដល់ខែឧសភា បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៥៦នាក់បានស្លាប់ និង ២៥ពាន់ករណីសង្ស័យថាមានខ្យល់គរដោយសារកម្តៅឡើងនៅក្នុងខ្លួនខ្លាំង ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែមិថុនា។

ឥណ្ឌាបានជួបប្រទះនឹងកម្ដៅខ្លាំងក្នុងខែឧសភា នៅពេលដែលសីតុណ្ហភាពក្នុងរដ្ឋធានីញូវដេលី និងរដ្ឋ Rajasthan បានឡើងដល់ ៥០អង្សា។ ការវាស់ស្ទង់កម្តៅក្នុងតំបន់ Mungeshpur ទីក្រុងញូវដេលីកាលពីថ្ងៃទី ២៩ ខែឧសភា បានកត់ត្រាសីតុណ្ហភាពខ្ពស់ ៥២,៩ អង្សា ប៉ុន្តែក្រោយមករដ្ឋាភិបាលបានរកឃើញកំហុសឧបករណ៍ចាប់កម្តៅ ដែលបណ្តាលឱ្យកម្រិតសីតុណ្ហភាពដែលបានកត់ត្រាលើសពីជាក់ស្តែង ៣អង្សា។
ទិន្នន័យពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺរបស់ឥណ្ឌា (NCDC) បានបង្ហាញថា នៅក្នុងខែឧសភាមានអ្នកស្លាប់ដោយសារកំដៅចំនួន ៤៦នាក់ និងមនុស្ស ១៩១៨៩នាក់ អាចមានកម្តៅឡើងនៅក្នុងខ្លួនខ្លាំង។
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា ចាប់ពីខែមីនា ដល់ខែឧសភា ប្រទេសនេះបានកត់ត្រាអ្នកស្លាប់យ៉ាងហោចណាស់ ៥៦នាក់ និងប្រហែល ២៥០០០ករណី ប្រឈមនឹងខ្យល់គរដោយសារកម្លៅឡើងនៅក្នុងខ្លួនខ្លាំង។ កាលពីថ្ងៃទី៣១ ខែឧសភា ឥណ្ឌាបានរាយការណ៍ថាមានអ្នកស្លាប់យ៉ាងតិច ៤០នាក់ដោយសារកំដៅក្នុងនោះ ២៥នាក់ជាបុគ្គលិកបោះឆ្នោតនៅក្នុងរដ្ឋ Uttar Pradesh និង Bihar ។
ប្រសិនបើរាប់បញ្ចូលករណីសង្ស័យ និងមិនអាចបញ្ជាក់បាន នោះចំនួនអ្នកស្លាប់សរុបដោយសារកំដៅនៅឥណ្ឌាអាចឡើងដល់ ៨០នាក់។
ទីភ្នាក់ងារអាកាសធាតុឥណ្ឌាបានព្យាករថា កំដៅនឹងចុះត្រជាក់នៅថ្ងៃទី៥ ខែមិថុនា ហើយខ្យល់មូសុងនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងចាប់តាំងពីសប្តាហ៍មុន ក៏បានធ្វើឱ្យអាកាសធាតុក្តៅបានធូរស្រាលមួយផ្នែក។
ឥណ្ឌា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបានចាត់ទុកថាទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ។ ប្រទេសនេះជារឿយៗទទួលរងពីរលកកំដៅក្នុងរដូវក្តៅនៃខែឧសភា និងមិថុនា ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រលកកំដៅតែងតែមកមុនរដូវ និងមានរយៈពេលយូរ៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: