រួមសុខរួមទុក្ខជាមួយកុមារកម្ពុជា ២០ឆ្នាំហើយ លោក Scott Neeson គ្មានពាក្យថា ស្ដាយក្រោយឡើយ
- ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៩:៥៣ នាទី ព្រឹក

លោក Scott Neeson ប្រធានអង្គការមូលនិធិកុមារកម្ពុជា ថតរូបជាមួយកុមារ ដែលលោកបានជួយសង្គ្រោះឱ្យមានឱកាសសិក្សា
ភ្នំពេញ៖ ២០ឆ្នាំហើយ ដែលលោក Scott Neeson បានជួយសង្រ្គោះ និងផ្ដល់ពន្លឺនៃជីវិតដល់កុមារកម្ពុជា រស់នៅលើគំនរសំរាមស្ទឹងមានជ័យ ។ រួមសុខរួមទុក្ខជាមួយកុមារ និងមនុស្សចាស់ អស់ពីរទសវត្សរ៍នេះ លោក Neeson គ្មានពាក្យថាស្ដាយក្រោយឡើយ។ ផ្ទុយទៅវិញ លោក Neeson ត្រេកអរដែលបានរួមដំណើរជាមួយកុមារកម្ពុជា និងជួយតម្រង់ទិសពួកគេ។

ស្ថិតនៅក្នុងអាគារដ៏ទំនើបមួយដែលខុសប្លែកពីសំណង់ផ្សេងៗទៀត ក្នុងតំបន់ស្ទឹងមានជ័យ លោក Neeson ពាក់អាវយឺតពណ៌ខ្មៅ ដែលមានឈ្មោះអង្គការជាភាសាអង់គ្លេស Cambodian Children’s Fund អមជាមួយលេខ២០ ដែលបញ្ជាក់ពីខួបលើកទី២០ នៃអង្គការ បានចង្អុលទៅកាន់ អាគារពណ៌ត្នោតលាយស មួយ ជាមួយស្នាមញញឹមលេចចេញលើផែនផ្ទាល់។ លោកចង់បង្ហាញពីសមិទ្ធផលនៃអាគារមួយនេះ ដែលជាសាលារៀនស្ដង់ដាអន្តរជាតិ Neeson Cripps Academy សម្រាប់សិស្សានុសិស្សដែលស្ថិតនៅក្រោមការថែទាំរបស់អង្គការ។
«មើលទៅកាន់អាគារនេះចុះ! ពួកយើងបង្រៀន STEM បច្ចេកវិទ្យា វិស្វកម្ម គណិវិទ្យា និងមនុស្សយន្ត។ យើងនឹងមើលឃើញពីការផ្លាស់ប្ដូរ ដែលសិស្សានុសិស្សារៀនទីនេះ ទទួលបាន។ សិស្សស្ទើរតែទាំងអស់បានបញ្ចប់សកលវិទ្យាល័យ និងនាំក្រុមគ្រួសាររបស់ពួកគេចាកចេញពីភាពក្រីក្រ។ វាជាអារម្មណ៍មួយអស្ចារ្យសម្រាប់ខ្ញុំ។» លោក Neeson បានថ្លែងបែបនេះ ខណៈផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានជាភាសាអង់គ្លេស Cambodianess។
ក្ដីសង្ឃឹមសម្រាប់កុមារ នៅគំនរសំរាម
អង្គការមូលនិធិកុមារកម្ពុជា ឬហៅកាត់ថា CCF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយដំបូងឡើយបានជួយសង្គ្រោះកុមារីម្នាក់ និងគ្រួសាររបស់នាង ដែលលោកបានជួបអំឡុងដំណើរកំសាន្តវិស្សមកាល មកកាន់ភូមិភាគអាស៊ីអាគ្នេយ៍ នៅឆ្នាំ ២០០៣ ឱ្យបានចាកចេញពីគំនរសំរាមនៅស្ទឹងមានជ័យ និងបានចូលសាលារៀន។ ក្នុងឆ្នាំ ២០០៤ លោក Neeson សម្រេចចិត្តចាកចេញពីការងារជានាយកប្រតិបត្តិ នៅ Hollywood និងចាប់ផ្ដើមការងារសប្បុរសធម៍ ដើម្បីជួយឱ្យកុមាររស់នៅលើគំនរសំរាមទាំងនោះ បានចូលសាលារៀន។ អង្គការមូលនិធិកុមារកម្ពុជា មានគោលបំណងលើកកម្ពស់សហគមន៍ ឱ្យចាកចេញពីភាពក្រីក្រ និងចូលទៅក្នុងយុគសម័យថ្មីនៃក្តីសង្ឃឹម តាមរយៈការអប់រំ។
សម្រាប់លោក Neeson វាជារឿងចៃដន្យមួយ ដែលលោកបានមកដល់កម្ពុជា ហើយក៏បានធ្វើដំណើរទៅដល់ទីលានចាក់សំរាមនៅស្ទឹងមានជ័យ និងបានឃើញនូវរាល់ទិដ្ឋភាព ដែលលោកពុំធ្លាប់ជួបប្រទះពីមុនមក។ នោះគឺ ក្មេងៗជាមួយសម្លៀកបំពាក់រហែក ដើរពាសពេញទីលានចាក់សំរាម នៅក្រោមកំដៅថ្ងៃដ៏ក្ដៅ ខណៈកុមារមួយចំនួនពុំមានឪពុកម្ដាយនោះទេ។ គ្រួសារខ្លះទទួលទានអាហារក្នុងមុង ដើម្បីចៀសវាងពីការរំខានពីសត្វរុយ ប៉ុន្តែក្លិនអសោចនៅតែសាយភាយជាប់នឹងច្រមុះ។

«ពួកគេរត់មករកខ្ញុំ ហើយនិយាយថា សុំទៅរៀន។ ក្មេងៗទាំងនោះមើលទៅដូចជាយល់ថា មានតែការអប់រំទេ ដែលជាដំណោះស្រាយរយៈពេលវែង និងអាចជួយពួកគេឱ្យចាកចេញពីទៅកន្លែងនោះជារៀងរហូត។ ពួកគេគ្រប់គ្នា ពិតជាចង់ជួយក្រុមគ្រួសារឱ្យចាកចេញពីភាពក្រីក្រ ជាពិសេសគឺម្ដាយរបស់ពួកគេ ដែលមានជំងឺ និងសភាពពុំសូវប្រសើរប៉ុន្មាននោះទេ។» ស្ថាបនិកអង្គការរូបនេះបានរំលឹករឿងអតីតកាល ដោយបន្ថែមថា កម្ពុជា បានជ្រើសរើសយករូបលោក មិនមែនលោកសម្រេចចិត្តជួយកុមារកម្ពុជានោះទេ។
«ខ្ញុំមិនចង់ចូលរួមសប្បុរសធម៌អីនោះទេ។ ខ្ញុំរកលុយបានច្រើនហើយ។ ខ្ញុំកំពុងផលិតខ្សែភាពយន្តនៅហូលីវូដ ប៉ុន្តែក្មេងៗនៅទីនេះពុំមានអ្វីនោះទេ តែពួកគេមានអ្វីម្យ៉ាងពិសេស។ ប្រសិនបើមិនមែនសម្រាប់កម្ពុជាទេ ខ្ញុំនឹងត្រលប់មកកាន់ការងារហូលីវូដរបស់ខ្ញុំវិញ។ ក្មេងៗ ឪពុកម្តាយ និងជីដូនជីតា មានភាពឱនលំទោន និងកក់ក្តៅណាស់។ អ្វីដែលពួកគេចង់់បាន គឺគ្រាន់តែជាសិទិ្ធមូលដ្ឋានសាមញ្ញមួយ។ ពួកគេចង់ចូលសាលារៀន។» បុរសវ័យចំណាស់រូបនេះបានលើកឡើងភ្លាម តបទៅកាន់សំណួរ អំពីការសម្រេចចិត្តរបស់គាត់ ហេតុអ្វីមិនជ្រើសរើសយកប្រទេសផ្សេងទៀត?
ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនកុមារដែលលោកបានជួយឱ្យបានចូលសាលារៀន បានកើនឡើងជាលំដាប់។ បន្ទាប់ពីកុមារីម្នាក់ដំបូងដែលលោកបានជួយឱ្យចូលរៀន នាឆ្នាំ២០០៤ ។ ចំនួនកុមារទាំងនោះ បានកើនពី ៤០នាក់ ទៅ៨០នាក់ រហូតដល់ ១៦០នាក់ និងឈានដល់ ៤០០នាក់ក្នុងមួយឆ្នាំ។ សព្វថ្ងៃ កុមារចំនួន ១៨០០នាក់ កំពុងទទួលបានការសិក្សា និងឧបត្ថម្ភពីអង្គការមូលនិធិកុមារកម្ពុជា សិក្សាកម្រិតមតេយ្យ បឋមសិក្សា វិទ្យាល័យ និងសាកលវិទ្យាល័យ។

បន្ថែមពីនេះ អង្គការសាងសង់ផ្ទះចំនួន ៥០០ សម្រាប់គ្រួសារ និងកុមារដែលមានតម្រូវការ និងផ្ដល់ជូនការថែទាំមាតា សេវាសុខភាពទូទៅ សេវាព្យាបាលធ្មេញ និងសេវាថែទាំសុខភាពផ្លូវចិត្ត ដែលបម្រើដល់មនុស្សប្រហែល ២៤, ០០០នាក់ក្នុងមួយឆ្នាំ។ អង្គការនេះ ក៏ផ្ដល់ជូននូវកម្មវិធីថែទាំកុមារ កម្មវិធីជំនាញអាជីព និងជីវិត និងការគាំពារកុមារ ។ កិច្ចការនេះ អង្គការសហការជាមួយប៉ូលីស ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ ដែលមានរយៈពេល១០ឆ្នាំមកហើយ។
លើសពីនេះ អង្គការមូលនិធិកុមារកម្ពុជា ក៏មានគម្រោងមួយ គាំទ្រ និងគាំពារមនុស្សចាស់ជរា ដែលមានជីវភាពក្រីក្រលំបាក និងគ្មានទីពឹង។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ និងបានជួយមនុស្សចាស់ជិត៣០០ នាក់។ គម្រោងនេះគឺសម្រាប់មនុស្សចាស់ដែលងាយរងគ្រោះ ,មិនមានគ្រួសារ ,មិនអាចបង់ថ្លៃព្យាបាល និងមិនមានទីជម្រក។ អ្នកទទួលផលគឺមកពីខេត្តផ្សេងៗ ដូចជាខេត្តតាកែវ កំពង់ចាម និងព្រៃវែង។
លោក Neeson បានលើកឡើងថា៖ «ពេលខ្ញុំមកដល់ទីនេះដំបូង ខ្ញុំបានឃើញជីដូនចាស់ៗរើសអេតចាយ និងសុំទាន។ ខ្ញុំក៏ចង់ធ្វើអ្វីម្យ៉ាងដើម្បីពួកគាត់ដែរ។ ខ្ញុំក៏មានគំនិតមួយថា វិធីល្អបំផុតសម្រាប់បង្កើតទំនួលខុសត្រូវរបស់មនុស្សម្នាក់ គឺការមើលថែទាំអ្នកដទៃ។ ដូចនេះ យុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ត្រូវមានទំនួលខុសត្រូវក្រៅពីការសិក្សា គឺមើលថាំទាំជីដូនចាស់ដែលអង្គការបានជួយ។ ពោលគឺ ពួកគេត្រូវទៅលេងលោកយាយពីរដងក្នុងមួយអាទិត្យ និយាយលេងជាមួយលោកយាយ និងប្រាកដថា ពួកគាត់មានទឹក និងចំណីអាហារគ្រប់គ្រាន់។»

អ្វីជាគម្រោងបន្តទៀតសម្រាប់លោក Neeson និងអង្គការរបស់លោក?
លោក Neeson ពុំទាន់មានគម្រោងអ្វីបន្ទាប់ជាក់លាក់នោះទេ ប៉ុន្តែសព្វថ្ងៃ លោកនៅតែផ្ដោតទៅលើការស្វែងរកជំនួយបន្ថែមដើម្បីគាំទ្រកុមារ និងកិច្ចការដែលអង្គការបានធ្វើកន្លងមក។ យ៉ាងណាក៏ដោយ លោក Neeson មានគម្រោងផ្តោតទៅលើការកសាងសមត្ថភាពរបស់គ្រូបង្រៀននៅសាលារបស់លោក ដោយមានមូលនិធិសម្រាប់ចំណាយប្រតិបត្តិការរយៈពេលវែង។
រូបលោកជឿថា កម្មវិធីអប់រំរបស់អង្គការ គឺជាកម្មវិធីល្អបំផុតមួយ ដែលមានការបញ្ជាក់វិជ្ជាជីវៈជាមួយសាកលវិទ្យាល័យអង់គ្លេស។ យ៉ាងណាក៏ដោយ លោកបានមើលឃើញពីភាពចាំបាច់ត្រូវធ្វើបន្ថែមទៀត ដូចជាការពង្រីកកម្មវិធី ដើម្បីកសាងសមត្ថភាពគ្រូបង្រៀននៅទូទាំងប្រទេស។

មិនខុសពីមនុស្សទូទៅនោះទេ លោក Neeson ក៏ប្រឈមមុខនឹងឧបសគ្គក្នុងការទ្រទ្រង់មូលនិធិ និងផ្តួចផ្តើមកម្មវិធីដែរ ប៉ុន្តែស្ថាបនិករូបនេះមិនដែលចង់បោះបង់ និងចាកចេញពីកម្ពុជាម្ដងណាឡើយ។ លោកបន្តថា ជនបរទេសជារឿយៗផ្តោតលើការនិយាយ ប៉ុន្តែការផ្លាស់ប្តូរ អាចសម្រេចបានតាមរយៈសកម្មភាព។
«ប៉ុន្មានឆ្នាំមកនេះ ជាពេលវេលាល្អបំផុតក្នុងជីវិតរបស់ខ្ញុំ ជាការសម្រេចចិត្តមួយត្រឹមត្រូវ។ ខ្ញុំមិនត្រូវការលុយនៅទីនេះទៀតនោះទេ ប៉ុន្តែខ្ញុំស្រលាញ់ទីនេះណាស់ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ស្កប់ស្កល់។ ពេលខ្ញុំក្រឡេកមើលទៅក្រោយ មើលទៅអតីតកាល ខ្ញុំបានកសាងកេរ្តិ៍ដំណែលមួយ។ វាដូចជាឋានសួគ៍សម្រាប់ខ្ញុំ ពេលខ្ញុំបានឃើញក្មេងៗបានចូលសាលារៀន រៀនពូកែ មានសុខភាពល្អ ហើយជីដូនចាស់ៗរស់នៅដោយភាពសប្បាយរីករាយ។» លោក Neeson បានបន្លឺឡើងបែបនេះ ខណៈការសម្ភាស៍បានដល់ទីបញ្ចាប់ មេឃក៏ចាប់ផ្ដើមងងឹត ប្រុងនឹងបង្អុរភ្លៀងចុះមក៕
© រក្សាសិទ្ធិដោយ thmeythmey.com