Mbappe ទៅ Real តាមក្តីស្រមៃ ខណៈ Ronaldo ចង់ឃើញកីឡាករបារាំងរីកចម្រើន
  • ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ​​ ម៉ោង ១១:១៩ នាទី ព្រឹក
Mbappe ទៅ Real តាមក្តីស្រមៃ ខណៈ Ronaldo ចង់ឃើញកីឡាករបារាំងរីកចម្រើន

Kylian Mbappe បាននិយាយថាក្តីស្រមៃរបស់គេបានក្លាយជាការពិត ហើយក្នុងការផ្លាស់ទៅកាន់ក្លិប Real Madrid នាថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីរង់ចាំរយៈពេលដ៏យូរ។ Real Madrid ជាក្លិបដែលខ្សែប្រយុទ្ធបារាំង តែងមានបំណងចង់ទៅលេង ដោយ Cristiano Ronaldo ជានិមិត្តរូបរបស់ Mbappe  កាលពីក្មេង។
TTN-Free-Banner-In-Article-PC


កីឡាករវ័យ ២៥ឆ្នាំ នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Santiago Bernabeu ជាមួយកិច្ចសន្យារយៈពេល ៥ឆ្នាំ ដោយទទួលបានតម្លៃនឿយហត់ ១៦,២លានដុល្លារ ក្នុងមួយរដូវកាល។ Mbappe ក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំពោះការចុះកិច្ចសន្យាចំនួន ១៦២លានដុល្លារផ្សេងទៀតផងដែរ។ 
 
«គ្មាននរណាបានដឹងឡើយ ថាតើខ្ញុំរីករាយយ៉ាងណានៅពេលនេះ។ វាជាក្តីស្រមៃក្លាយជាកាតពិត ដូច្នេះ ខ្ញុំរីករាយ និងមានមោទកភាពដែលបានចូលរួមក្លិបដែលខ្ញុំតែងមានបំណង និងក្តីស្រមៃតាំងពីក្មេង។»។ Mbappe បានសរសេរបង្ហោះពីភាពរីករាយ នៅលើបណ្តាញសង្គម Instagram បែបនេះ។
  


Mbappe ចូលរួមក្រុម Real Madrid បន្ទាប់ពី​បញ្ចប់រដូវកាលដ៏ជោគជ័យ ដោយឈ្នះពាន La Liga លើកទី៣៦ និងពានរង្វាន់ UEFA Champions League លើកទី១៥ ក្រោយឈ្នះ Borussia Dortmund នៅវគ្គផ្តាច់ព្រ័ត។ Mbappe នឹងអាចធ្វើដំណើរទៅបង្ហាញខ្លួននៅលើទឹកដីអេស្ប៉ាញ ចំពោះមុនអ្នកគាំទ្រ មុនពេលរូបគេត្រូវមានភារកិច្ចទៅលេងព្រឹត្តិការណ៍ Euro 2024 ជាមួយជម្រើសជាតិបារាំង។
 
កីឡាករម្ចាស់ពាន World Cup 2018 ទៀតសោត ត្រូវបានគេដឹងថាបានយល់ព្រមចុះកិច្ចសន្យាជាមួយ Real Madrid តាំងពីខែកុម្ភៈ មកម្ល៉េះ ហើយនៅក្នុងខែឧសភា កីឡាករវ័យ ២៥ឆ្នាំ បានប្រកាសពីការចាកចេញ ពីក្រុមជើងឯក Ligue 1។
  


ក្លិប Real Madrid អាចនិយាយថា ជាក្លិបដែល Kylian Mbappe តែងស្រមៃចង់ចូលរួមតាំងពីវ័យកុមារ មកម្ល៉េះ ហើយនិមិត្តរូបនៅក្នុងក្លិបយក្សអេស្ប៉ាញ កាលពីរូបគេនៅវ័យកុមារនោះគឺជាខ្សែប្រយុទ្ធ Cristiano Ronaldo។ បន្ទាប់ពីឃើញការបង្ហោះផ្លូវការ ក្លិប Real Madrid បង្ហាញពីវត្តមានរបស់ Mbappe សម្រាប់រដូវកាលក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ នៅលើការបង្ហោះរបស់ Mbappe នោះ កីឡាករខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ ចូលទៅបញ្ចេញមតិដោយផ្ទាល់ ថាចង់ឃើញតារាបាល់ទាត់បារាំង រីកចម្រើនក្នុងអាជីព និងរះខ្ពស់ខ្លាំង ជាមួយក្លិបម្ចាស់ពាន UCL ១៥សម័យ។
 
Ronaldo បានសរសេរដូច្នេះ៖«ពេលនេះជាពេលដ៏រីករាយ ដែលខ្ញុំត្រូវរង់ចាំមើលអ្នករះឡើងនៅ Bernabeu វិញហើយ។»៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង