តោកំណាចអង់គ្លេស ពិតជាត្រូវការ Kane នៅ Euro 2024
- ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៨:៣៩ នាទី យប់

ក្រុមជម្រើសជាតិអង់គ្លេស ពិតជាត្រូវការ Harry Kane ជាចាំបាច់ និង រំពឹងប្រធានក្រុម ជាសះស្បើញពីបញ្ហារបួសខ្នងពេញលេញ ១០០ភាគរយ មុនការប្រកួតព្រឹត្តិការណ៍ UEFA Euro 2024។ នេះជាការលើកឡើងរបស់លោក Gareth Southgate គ្រូបង្វឹកក្រុមអង់គ្លេស។

Harry Kane ខ្សែប្រយុទ្ធក្រុម Bayern Munich កន្លងមករូបគេជួបបញ្ហារបួសខ្នង នៅប៉ុន្មានខែចុងរដូវកាល ២០២៣-២៤។ អំឡុងការប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមបូស្នី កាលពីថ្ងៃទី៣ ខែមិថុនា កីឡាករខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ បានប្តូរចូលលេងបានត្រឹមតែ ៣០នាទី ប៉ុណ្ណោះ ហើយរូបគេក៏រកបានគ្រាប់ទី៣ ចំណោមជ័យជម្នះលទ្ធផល ៣-០ នោះ។
យ៉ាងណា មុនឈានដល់ព្រឹត្តិការណ៍ធំ ធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី២០ ខែកក្កដា លោក Southgate បានបញ្ជាក់ចំៗថា អង់គ្លេស ត្រូវការឱ្យ Kane ជាសះស្បើយពីរបួសពេញ ១០០ភាគរយតែម្តងមុនព្រឹត្តិការណ៍មក។
លោក Southgate បាននិយាយទាក់ទងនឹង Kane ដូច្នេះថា៖«កីឡាករ Toney នឹងស្ថិតក្នុងការប្រកួតថ្ងៃទី៨ ខែមិថុនា ប៉ុន្តែខ្ញុំត្រូវការឱ្យ Harry Kane ជាសះស្បើញធម្មតាផងដែរ។ ដូច្នេះពេលខ្លះ អាទិភាពនៃអ្វីដែលត្រូវការ និងអ្វីដែលអ្នកចង់ឃើញផងដែរ អ្នកមិនអាចសម្រេចបាននូវបំណងទាំងអស់នោះទេ សមញ្ញដូច្នេះ។»។
ការដាក់ឱ្យ Kane ស្ថិតនៅកៅអីបម្រុង នឹងព្យាយាមឱ្យកីឡាករប្រធានក្រុមជាសះស្បើយពីបញ្ហារបួសខ្នង ជាតម្រូវការចាំបាច់បំផុតសម្រាប់ក្រុមរហស្សនាមតោកំណាចអង់គ្លេស ក្នុងការរក្សាទម្រង់លេងដ៏ល្អមួយដើម្បីប្រជែងពាន Euro 2024។
លោក Southgate ដដែលបានអះអាងបន្ថែមត្រង់ចំណុចនេះថា ក្រុមអង់គ្លេស ចង់កសាងទម្រង់លេងឱ្យបានខ្លាំង ហើយភាពរឹងមាំនៃកម្លាំងកាយ គឺជារឿងសំខាន់បំផុតសម្រាប់កីឡាករគ្រប់រូប។
តោកំណាចអង់គ្លេស នឹងត្រូវចាប់ផ្តើមការប្រកួតពានរង្វាន់ UEFA Euro 2024 នៅថ្ងៃទី១៦ ខែមិថុនា ដោយការប្រកួតបើកឆាកពូល C ទល់នឹងក្រុម ស៊ែប៊ី មុនពេលទៅជួបក្រុមដាណឺម៉ាក់ ថ្ងៃទី២០ ហើយចុងក្រោយក្រុមស្លូវ៉េនី នៅថ្ងៃទី២៦ ខែមិថុនា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: