របង, ដើមឈើ, រចនាបថអគារ បង្កើនតម្លៃចំពោះវិទ្យាស្ថានស្រាវជ្រាវបារាំង EFEO នៅសៀមរាប
  • ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ​​ ម៉ោង ៦:៣៧ នាទី ល្ងាច
របង, ដើមឈើ, រចនាបថអគារ បង្កើនតម្លៃចំពោះវិទ្យាស្ថានស្រាវជ្រាវបារាំង EFEO នៅសៀមរាប

សៀមរាប៖ មែនទែនទៅសាលាបារាំងចុងបូព៌ាប្រទេស Ecole Française d’Extrem-Orient (EFEO) បានបង្កើតឡើងនៅឆ្នាំ១៩០០នៅក្នុងប្រទេសវៀតណាមក្នុងគោលបំណងសិក្សាពីប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌នៅក្នុងតំបន់អាស៊ីនិយាយជារួម និងតំបន់ឥណ្ឌូចិននិយាយដោយឡែក។ បច្ចុប្បន្ន ទីស្នាក់ការធំរបស់ EFEO ស្ថិតនៅក្នុងប្រទេសបារាំង។ រីឯស្ថាប័នអភិរក្សអង្គរនៅក្នុងខេត្តសៀមរាបត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០៨ ហើយទីតាំងវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសនៅក្នុងខេត្តសៀមរាបានបង្កើតឡើងនៅក្នុងទសវត្សរ៍៥០។
TTN-Free-Banner-In-Article-PC
 
សាលាបារាំងចុងបូព៌ាប្រទេស (EFEO) មានវត្តមាននៅក្នុង១៨ប្រទេស ជាពិសេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន។ល។ 



នៅក្នុងប្រទេសកម្ពុជា ទីស្នាក់ការវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស (EFEO) ស្ថិតនៅជាប់មាត់ស្ទឹងសៀមរាបក្នុងភូមិដូនប៉ា ឃុំស្លក្រាម ក្រុងខេត្តសៀមរាប ហើយស្ថាប័នដ៏ល្បីល្បាញមួយនេះ មានតួនាទីសិក្សាស្រាវជ្រាវរឿងរ៉ាវជាច្រើនទាក់ទងទៅនឹង ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌នៃប្រទេសកម្ពុជា ជាពិសេស រឿងរ៉ាវនានា នាសម័យអង្គរ មុនអង្គរ និងក្រោយអង្គរ។ 
 
កិច្ចការ ឬតួនាទីរបស់វិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស (EFEO) ពិតជាមានសាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សជាតិ និងជាពិសេសសម្រាប់ប្រទេសកម្ពុជា។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ម្យ៉ាងទៀតនោះ គឺលក្ខណៈពិសេសនៃទីតាំងនោះតែម្តង។ វិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប មានរបងទាបៗ និងគ្របដណ្តប់ដោយដើមឈើធំៗ។ បើនិយាយពីសំណង់អគារវិញ សំណង់អគារបែបទាន់សម័យបន្តិច តែរក្សារចនាបថខ្មែរបុរាណដែលមើលទៅគួរជាទីគយគន់។ 


 
នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានឌីជីថលថ្មីៗ និង Cambodianess, លោក Brice Vincent នាយកវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស (EFEO) នៃខេត្តសៀមរាប បាននិយាយថា៖«ទាំងអគារ ទាំងរបងសុទ្ធតែមានលក្ខណៈពិសេស និងកម្រ។ អគារធ្វើឡើងដោយរក្សាចរន្តខ្យល់ចេញចូលល្អ និងគ្រប់ពេល។ សំណង់របង គឺជារបងទាប ចំហ ដែលគ្រួសារខ្មែរចូលចិត្តសង់កាលពីទសវត្សរ៍៥០ ឬ៦០ ពោល គឺមុនសង្រ្គាមឆ្នាំ១៩៧៥។ នៅក្នុងក្រុងសៀមរាបឥឡូវនេះ គេកម្រឃើញរបងរបៀបនេះណាស់»។ 
 
ទីតាំងវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសមានទំហំដីជាង១ហិកតា និងបន្តមានវត្តមានដើមឈើធំៗដែលអាចមានអាយុដល់ជាងរយឆ្នាំ និងសត្វស្លាបជាច្រើន។ ប៉ុន្តែ បច្ចុប្បន្ននេះ មិនមានទៀតឡើយ វត្តមានសត្វខ្លា និងដំរី។ ក្នុងទសវត្សរ៍៥០ ក្រោយការបង្កើតវិទ្យាស្ថាន EFEO កូនខ្លាពីរក្បាល និងសត្វដំរីក៏បានមកជ្រកកោននៅក្នុងវិទ្យាស្ថាននេះដែរ។ 


 
កូនខ្លាពីរក្បាលនេះត្រូវបានអ្នកទទួលខុសត្រូវវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសនាពេលនោះសង្រ្គោះមកពីតំបន់ភ្នំគូលែន ក្នុងខណៈពេលដែលមេរបស់វាត្រូវបានព្រានព្រៃបាញ់សម្លាប់។ កូនខ្លាទាំងពីរធំដឹងក្តីក្នុងបរិវេណវិទ្យាស្ថានបារាំងចុងបូព៌ា ប្រទេសរហូតដល់ដើមទសវត្សរ៍៧០ ទើបពួកវាត្រូវបានបញ្ជូនទៅកាន់សួនសត្វនៃប្រទេសបារាំងដើម្បីគេចចេញពីសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ រីឯ ជីវិតសត្វដំរី ត្រូវបានទាហានបាញ់សម្លាប់ក្នុងទសវត្សរ៍៧០។ 
 
នៅក្នុងរបបប៉ុលពត វិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសត្រូវបានគ្រប់គ្រង និងស្នាក់នៅដោយមេខ្មែរក្រហម។ ទើបតែនៅឆ្នាំ១៩៩២ វិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស
បានបើទ្វារឡើងវិញ ហើយពេលនោះ សកម្មភាពស្រាវជ្រាវនានារបស់អ្នកជំនាញជាតិ និងអន្តរជាតិក៏ដំណើរការឡើងវិញផងដែរ៕ 
 
















អ្នកសរសេរអត្ថបទ

Mr. Ky Soklim has a bachelor’s Degree in French Literature and a Diploma in Journalism from The Royal University of Phnom Penh. He has a High Diploma of French language in Business from the Paris Chamber of Commerce. ...

© រក្សាសិទ្ធិដោយ thmeythmey.com

គី សុខ​លីម (Ky Soklim)