ចិន បន្តនាំមុខគេក្នុងការវិនិយោគនៅកម្ពុជា
- ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ២:៣៩ នាទី រសៀល

សកម្មភាពបំពេញការងាររបស់កម្មករ-កម្មការិនី នៅក្នុងរោងចក្រដេរកាបូបមួយកន្លែង ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
ដោយ៖ ជ ដារី
ភ្នំពេញ៖ គម្រោងវិនិយោគថ្មីចំនួន២៤ និងគម្រោងពង្រីកផលិតកម្មចំនួន១ ដែលមានទុនសរុបជាង២៤៦លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត កាលពីខែឧសភាកន្លងទៅ។ គម្រោងវិនិយោគទាំងអស់នេះ អាចបង្កើតការងារបានប្រមាណ ១៥ ០០០កន្លែង។

បើតាមសេចក្តីសេចក្តីប្រកាសព័ត៌មានរបស់ CDC ការវិនិយោគមកពីប្រទេសចិន គ្របដណ្តប់ ជិត៥០ភាគរយ នៃទុនវិយោគសរុប ឬស្មើនឹងប្រមាណ១២៣ដុល្លារ។ ចំណែកការវិនិយោគរបស់កម្ពុជា ឈរនៅលំដាប់ទី២ បន្ទាប់ពីចិន ដោយមានចំណែកទុនវិនិយោគចំនួន ៣០.៨០ភាគរយ ខណៈសិង្ហបុរីមាន ១០.១៥ភាគរយ។ ក្រៅពីនេះ មានទុនវិនិយោគមកពីប្រទេសអូស្ត្រាលី ២.៣៣ភាគរយ, វៀតណាម ២.២៩ភាគរយ, កូរ៉េ ២.០៥ភាគរយ, សេណេហ្គាល់ ២.០៣ភាគរយ និងសហរដ្ឋអាម៉េរិក ០.៦៣ភាគរយ។
ក្នុងចំណោមគម្រោងវិនិយោគដែលត្រូវបាន CDC អនុម័តនៅខែឧសភានោះ គម្រោងដែលមានភាពលេចធ្លោ រួមមានគម្រោងអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទុនវិនិយោគជាង ៦៥លានដុល្លារ។
គម្រោងបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ដែលមានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគជាង ២៦លានដុល្លារ។ គម្រោងបង្កើតរោងចក្រផលិតបំពង់ទីបដែក នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគជាង ១៦លានដុល្លារ។ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស ជាំងស៊ូ ផ្លូវជាតិលេខ៦ ក្នុងទុនវិនិយោគចំនួន ២៥លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com