ជប៉ុនបានវាយកម្ទេចអគារផ្ទះល្វែងមួយ ដែលបិទទេសភាពភ្នំហ្វូជី
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៩:៥៨ នាទី ព្រឹក

ទេសភាពភ្នំហ្វ៊ូជី ។ រូបភាព ៖ AFP
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនឹងរុះរើអគារផ្ទះល្វែងកម្ពស់ ១០ជាន់ ដែលជិតរួចរាល់ក្នុងទីក្រុងតូក្យូ ដោយសារតែមានការត្អូញត្អែរថា វាបានបិទទិដ្ឋភាពភ្នំហ្វូជី។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sekisui House បានសម្រេចចិត្តដោយស្ម័គ្រចិត្ត ដើម្បីបញ្ឈប់គម្រោងអគារផ្ទះល្វែងកម្ពស់ ១០ជាន់ នៅភាគខាងលិចខេត្តទីក្រុងតូក្យូ។ អគារនេះ ត្រូវបានសាងសង់នៅលើផ្លូវដ៏ល្បីល្បាញមួយ ដែលមានទេសភាពមើលឃើញភ្នំហ្វ៊ូជី ដែលមានកម្ពស់ ៣ ៧៧៦ម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Today។
« វាមិនអាចបដិសេធបានទេថា ស្ថានភាពបច្ចុប្បន្នមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទេសភាព។ យើងបានសម្រេចចិត្តផ្តល់អាទិភាព ដល់ការមើលឃើញទេសភាពភ្នំនៅតាមផ្លូវ»។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sekisui House បានបញ្ជាក់បែបនេះ។

អាគារផ្ទះល្វែងរបស់ក្រុមហ៊ុន Sekisui House នៅស្រុក Kunitachi ។ រូបភាព ៖ Jiji
មើលពីចុងផ្លូវ Fujimi នៃតំបន់ Kunitachi អាចមើលឃើញភ្នំហ្វ៊ូជី ឈរទល់នឹងមេឃបង្កើតភាពទាក់ទាញយ៉ាងពិសេសសម្រាប់ទីក្រុង។ គម្រោងផ្ទះល្វែងរបស់ Sekisui House ដែលបានចាប់ផ្តើមសាងសង់ក្នុងខែមករា ឆ្នាំ២០២៣ ត្រូវបានជំទាស់តាំងពីដើមមក ដោយសារតែអគារនេះ នឹងបាំងបិទពាក់កណ្តាលនៃទិដ្ឋភាពនៃភ្នំហ្វ៊ូជី។
«យើងយល់ថា វប្បធម៌ក្នុងស្រុកឱ្យតម្លៃលើទេសភាព ប៉ុន្តែមិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ។ យើងក៏សូមអភ័យទោស ដល់ភាគីជាប់កិច្ចសន្យាផងដែរ»។ ក្រុមហ៊ុនបានបន្ថែម។
សម្រាប់ប្រជាជនដែលរស់នៅទីនោះ ការសម្រេចចិត្តរុះរើរបស់ក្រុមហ៊ុនជាដំណឹងល្អ។ អ្នកស្រុកម្នាក់បាននិយាយថា៖ «យើងមិនចង់បាត់បង់ភាពទាក់ទាញរបស់ទីក្រុង ដែលនៅថ្ងៃមានពន្លឺថ្ងៃច្បាស់លាស់ អ្នកអាចមើលឃើញភ្នំហ៊្វូជីបានយ៉ាងច្បាស់»។
មន្ត្រីស្រុក Fujikawaguchiko កាលពីខែមុនបានសាងសង់របងកាត់ផ្លូវមួយផ្នែក ដើម្បីថតទិដ្ឋភាពភ្នំហ្វ៊ូជី ពីចិញ្ចើមផ្លូវទល់មុខផ្សារទំនើបនៅក្នុងតំបន់ ដើម្បីការពារភ្ញៀវទេសចរ ពីការសម្រុកទៅតំបន់នោះ ដើម្បីថតរូបភ្នំហ្វ៊ូជី។
នេះជាចំណុច Check in ដ៏ល្បីល្បាញនៅលើបណ្តាញសង្គម ប៉ុន្តែប្រជាពលរដ្ឋក្នុងស្រុក បានត្អូញត្អែរម្តងហើយម្តងទៀត អំពីស្ថានភាពភ្ញៀវទេសចរបរទេស ចតរថយន្តខុសច្បាប់នៅលើចិញ្ចើមផ្លូវ ហើយថែមទាំងឡើងលើដំបូលរថយន្ត ដើម្បីថតរូបទៀតផង៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ