តើប្រទេសណាទទួលភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេលើលោក?
  • ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ ​​ ម៉ោង ១០:០០ នាទី ព្រឹក
តើប្រទេសណាទទួលភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេលើលោក?
ភ្ញៀវទេសចរកម្សាន្តនៅជិតប៉ម tour eiffel ទីក្រុងប៉ារីស។ រូបភាព ៖ AFP

បារាំងជាគោលដៅទេសចរកំពូលដែលមានភ្ញៀវអន្តរជាតិដល់ជាង១០០លាននាក់កាលពីឆ្នាំ២០២៣។ ប្រទេសអឺរ៉ុបភាគច្រើនទទួលបានភ្ញៀវទេសចរច្រើន ស្របពេលនៅអាស៊ីមានតែប្រទេស៣ប៉ុណ្ណោះដូចជា ចិន តួកគី និងថៃ។ 
 
នៅប៉ុន្មានទសវត្សរ៍កន្លងមកនេះ ការរីកចម្រើនវិស័យអាកាសចរណ៍ពាណិជ្ជកម្មបានធ្វើឱ្យការធ្វើដំណើរជុំវិញពិភពលោកកាន់តែងាយស្រួល។ នៅឆ្នាំ ២០២៣ ចំនួនអ្នកទេសចរអន្តរជាតិទៅទស្សនាទូទាំងពិភពលោមានចំនួន ១,៣ពាន់លាននាក់។
 
ក្រាហ្វិកខាងក្រោមរួមមានប្រទេសដែលទទួលបានភ្ញៀវអន្តរជាតិច្រើនជាងគេក្នុងឆ្នាំ២០២៣ ដោយផ្អែកលើចំនួនសរុបនៃការទៅដល់របស់ភ្ញៀវទេសចរនៅក្នុងប្រទេសនីមួយៗ។ ទិន្នន័យ​ត្រូវ​បាន​យក​ចេញ​ពី​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ដែល​ជា​អង្គការ​របស់​អង្គការ​សហប្រជាជាតិ (UN) និង​រដ្ឋបាល​អន្តោប្រវេសន៍​ចិន នៅក្នុងខែមិថុនា។
 

រូបភាព ៖ Visual Capitalist 
 
អឺរ៉ុប ជាគោលដៅទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមានប្រទេសចំនួន ៧ ក្នុងចំណោមប្រទេសកំពូលទាំង១០ ។ ក្នុងនោះបារាំងបានស្វាគមន៍ភ្ញៀវអន្តរជាតិច្រើនជាងគេមានចំនួន ១០០លាននាក់កាលពីឆ្នាំមុន។ ប្រទេសនេះត្រូវបានព្យាករថា នឹងបន្តស្វាគមន៍ចំនួនអ្នកទេសចរប្រហាក់ប្រហែលគ្នានៅឆ្នាំនេះ ជាពិសេសដោយសារព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងខែកក្កដា និងសីហា។
 
តាមពីក្រោយបារាំង គឺអេស្ប៉ាញដែលមានភ្ញៀវទេសចរចំនួន ៨៥លាននាក់ និងអាម៉េរិកមានអ្នកដំណើរចំនួន ៦៧លាននាក់។
 
ទន្ទឹមនេះ ចិនក៏ស្ថិតក្នុងបញ្ជីគោលដៅកំពូលផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនភ្ញៀវអន្តរជាតិទៅកាន់ចិនបានថយចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែវិធានការការពារការរីករាលដាលនៃជំងឺកូវីដ-១៩។ ភ្ញៀវអន្តរជាតិទៅកាន់ប្រទេសនេះថយចុះពី ៦៥,៧លាននាក់ក្នុងឆ្នាំ២០១៩ មកត្រឹមតែ ៣៥,៥លាននាក់ក្នុងឆ្នាំ២០២៣ នៅពេលដែលវិធានការបង្ការជំងឺកូវីដត្រូវបានដកចេញ។
 
បន្ថែមពីនេះ នៅអាស៊ានមានថៃ ជាប្រទេសដែលទទួលបានចំនួនភ្ញៀវទេសចរច្រើនដល់ ២៨លាននាក់នៅឆ្នាំ២០២៣។ ដោយឡែក មិនមានប្រទេសអាហ្រ្វិក និងអាម៉េរិកខាងត្បូងក្នុងបញ្ជីនេះទេ៕ 
 


 បណ្តាប្រទេសមានចំនួនភ្ញៀវទេសចរអន្តរជាតិច្រើនប្រចាំឆ្នាំ២០២៣។ តារាង ៖ Visual Capitalist 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង