តើប្រទេសណាផលិតដែកថែបច្រើនជាងគេលើពិភពលោក?
  • ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ ​​ ម៉ោង ៩:០០ នាទី យប់
តើប្រទេសណាផលិតដែកថែបច្រើនជាងគេលើពិភពលោក?
ដែកថែបផលិតនៅក្រុមហ៊ុនចិនក្នុងខេត្ត Fujian។ រូបភាព ៖ Xinhua

ចិន ជាប្រទេសមានចំណែកផលិតដែកថែបច្រើនជាងគេលើលោកប្រហែល ១ពាន់លានតោនក្នុងឆ្នាំ២០២៣ តាមពីក្រោយដោយ ឥណ្ឌា ជប៉ុន អាម៉េរិក រុស្ស៊ី និងកូរ៉េខាងត្បូង។
TTN-Free-Banner-In-Article-PC
 
ដែកថែប ជាសម្ភារៈដ៏សំខាន់សម្រាប់សេដ្ឋកិច្ចក្នុងការប្រើប្រាស់នៅវិស័យជាច្រើនចាប់ពីវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ការផលិត និងការដឹកជញ្ជូនផ្សេងៗទៀត។
 
ក្រាហ្វិកខាងក្រោម បានបង្ហាញពីប្រទេសផលិតដែកថែបធំៗជាងគេបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៣ ដោយផ្អែកលើទិន្នន័យដែលបានចេញផ្សាយក្នុងខែមករា ឆ្នាំ២០២៤ ដោយទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រអាមេរិក (USGS)។
 

ប្រទេសផលិតដែកថែកធំៗប្រចាំឆ្នាំ២០២៣។ រូបភាព ៖ visualcapitalist 
 
តាមក្រាហ្វិកខាងលើ ចិនកំពុងនាំមុខគេជាមួយនឹងទិន្នផល ១ពាន់លានតោនក្នុងឆ្នាំ ២០២៣ ដែលស្មើនឹងជាង ៥០ភាគរយនៃទិន្នផលសកល។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មដែកសកលបាននឹងកំពុងប្រឈមមុខនឹងបញ្ហាធំមួយគឺ ភាពលើសចំណុះនៅចិន។ ទិន្នផលដែករបស់ប្រទេសនេះតែងតែខ្ពស់ជាងតម្រូវការ ដោយដាក់សម្ពាធដល់ថ្លៃដែក និងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតដែកជុំវិញពិភពលោក។
 
កាលពីមុន វិស័យអចលនទ្រព្យនៅចិនតែងតែប្រើប្រាស់ច្រើនជាង ៣០ភាគរយនៃទិន្នផលដែកក្នុងស្រុក។ យ៉ាងណាមិញ វិបត្តិអចលនទ្រព្យបានអូសបន្លាយ ៣ឆ្នាំកន្លងមកនេះ កំពុងធ្វើឱ្យតម្រូវការដែកនៅក្នុងប្រទេសនេះធ្លាក់ចុះ។ 
 
ដើម្បីដោះស្រាយជាមួយនឹងភាពលើសចំណុះ រដ្ឋាភិបាលចិនបានស្នើឱ្យរោងម៉ាស៊ីនកិនដែកកាត់បន្ថយការផលិតចាប់ពីឆ្នាំ ២០២១។ នេះក៏មានគោលបំណងកាត់បន្ថយការបំភាយកាបូនផងដែរ ដោយឆ្ពោះទៅរកគោលដៅនៃការបំភាយកាបូនសូន្យសុទ្ធរបស់ទីក្រុងប៉េកាំង។
 
ចំណាត់ថ្នាក់ទី២ និងទី៣ បន្ទាប់ពីចិនដែលមានគម្លាតធំ គឺឥណ្ឌាត្រឹម ១៤០លានតោន និងជប៉ុន ៨៧លានតោន។ 
 
ក្រៅពីនេះ មានអាម៉េរិកដែលផលិតដែកថែប ៨០លានតោន, រុស្ស៊ី (៧៥លានតោន), កូរ៉េខាងត្បូង (៦៨លានតោន) និងប្រទេសផ្សេងៗទៀតជុំវិញពិភពលោក (៤២០លានតោន)៕ 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង