ចម្ការស្រ្តបឺរី ពង្រីកការដាំដុះដើម្បីបំពេញតម្រូវការទេសចរទៅកម្សាន្តនៅភ្នំបូកគោ
- ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៩:៣០ នាទី យប់

កំពត៖ ដំណាំស្រ្តបឺរី ជាដំណាំមួយប្រភេទដែលត្រូវការលូតលាស់ក្នុងអាកាសធាតុត្រជាក់ និងត្រូវការការថែទាំដោយបច្ចេកទេសខ្ពស់ ដើម្បីឱ្យដំណាំមួយនេះ ទទួលបានទិន្នផលល្អ ។ បើទោះតំបន់មួយចំនួននៅកម្ពុជា មានអាកាសធាតុត្រជាក់ក្តី ក៏ដំណាំមួយនេះមិនអាចលូតលាស់បានល្អឡើយ។ ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ២០២៣ វត្តមានចម្ការស្រ្តបឺរី ក៏បានលេចរូបរាងឡើង នៅលើកំពូលភ្នំបូកគោ នៃខេត្តកំពត ដែលមានអាកាសធាតុអំណោយផល អាចឱ្យដំណាំនេះដុះលូតលាស់បានល្អ។ បច្ចុប្បន្ន ចម្ការស្រ្តបឺរីនេះ បានក្លាយជាទី តាំងសក្តានុពលទេសចរណ៍ថ្មីមួយនៅលើភ្នំបូកគោ ក្រៅពីសំណង់បុរាណនានា។ ចម្ការស្រ្តបឺរីនេះ ក៏កំពុងពង្រីកខ្លួន ដើម្បីបំពេញតម្រូវការទេសចរដែលមានកំណើនជាបន្តបន្ទាប់ផងនោះ។

សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
ឧទ្យានជាតិព្រះមុនីវង្ស-បូកគោ ជាតំបន់ប្រវត្តិសាស្រ្តលេចធ្លោមួយ របស់ខេត្តកំពត។ ភ្នំបូកគោ មានទាំងតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ ជំនឿ និងជាទីដែលអំណោយផលល្អ មានទេសភាពព្រៃភ្នំ ជាមួយអ័ព្ទក្រាស់ៗរសាត់ទៅមក។ ភ្នំបូកគោ មានអាកាសធាតុត្រជាក់បង្គួរ ដោយសីតុណ្ហភាពប្រែប្រួលនៅរវាង ១៥អង្សាទៅ២៥អង្សា។ នៅលើភ្នំនេះ ជាទីតាំងល្អមួយសម្រាប់ដាំដំណាំច្រើនប្រភេទ ឯរុក្ខជាតិខ្លះក៏លូតលាស់បានតែនៅលើកំពូលភ្នំនេះដែរ។

តួយ៉ាង នៅពាក់កណ្តាលឆ្នាំ២០២៣ ចម្ការស្រ្តបឺរីទំហំ១ហិកតា ដែលបង្កើតឡើយដោយ ជនជាតិកូរ៉េ បានបង្ហាញខ្លួនលើកំពូលភ្នំបូកគោ។ ជាប្រភេទផ្លែឈើ ដែលមានទីផ្សារល្អ និងតម្លៃខ្ពស់ ប៉ុន្តែទាមទារការមើលថែខ្ពស់។ បើចម្ការនេះមានទំហំ ប្រមាណ១ហិកតាក្តី ប៉ុន្តែការដាំដុះគឺទើបធ្វើបានត្រឹម៣០ភាគរយប៉ុណ្ណោះ។ ទិន្នផលស្រ្តបឺរីពីចម្ការនេះ មិនទាន់អាចផ្គត់ផ្គង់ទីផ្សារបាននៅឡើយ។
លោក ដារ៉ា ប្រធានផ្នែកទេសចរណ៍នៃកសិដ្ឋានចម្ការស្រ្តបឺរី បានលើកឡើងថាដំណាំស្រ្តបឺរី ចូលចិត្តអាកាសធាតុត្រជាក់ និងទាមទារការថែទាំដិតដល់ណាស់។
នៅតំបន់ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ភាគច្រើនក្តៅ ឯតំបន់ត្រជាក់ខ្លះ ក៏មិនអាចដាំបាននោះទេ។ លោក ដារ៉ា អះអាងថា កន្លងមកក្រុមការងារលោក ធ្លាប់សាកល្បងដាំនៅខេត្តរតនគិរី និងមណ្ឌលគិរីដែរ ប៉ុន្តែមិនបានផលដូចដាំ នៅភ្នំបូកគោនេះឡើយ។

«ការថែទាំគឺសំខាន់ណាស់សម្រាប់ដំណាំនេះ មិនថាសត្វស្អិត ពេលប្រមូលទិន្នផលនោះឡើយ ជាពិសេសកសិដ្ឋាននេះ ត្រូវបានរៀបចំ ដោយបំពាក់ប្រព័ន្ធស្រោចស្រពឆ្លាតវៃផងដែរ»។ លោក ដារ៉ា បញ្ជាក់ដូច្នេះ មុននឹងបន្តថា បច្ចុប្បន្នកសិដ្ឋានស្រ្តបឺរី ជាង១០រង នៅលើភ្នំបូកគោនេះ ផ្តល់ទិន្នផលត្រឹម ១៥ ទៅ២០គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ និងផ្គត់ផ្គង់ហាងនៅភ្នំពេញ និងមួយចំនួនទៀតលក់ឱ្យសណ្ឋាគារសុខា អូតែល ភ្នំបូកគោ។
បើតាមប្រធានផ្នែកទេសចរណ៍នៃកសិដ្ឋានចម្ការស្រ្តបឺរីជនជាតិកូរ៉េរូបនេះ ផ្លែស្រ្តបឺរីនេះ អាចលក់បានតម្លៃ ២៥ដុល្លារ ក្នុង១គីឡូក្រាម។ ក្រៅពីមកទិញផ្ទាល់នៅចម្ការ អ្នកទេសចរ ក៏អាចទទួលបានបទពិសោធថ្មី ដោយអាចបេះផ្លែស្រ្តបឺរី ខ្លួនឯង ហើយភ្ញៀវដែលមកដល់ចម្ការនេះ ជាង៩០ភាគរយជាជនជាតិខ្មែរ។ ជនជាតិកូរ៉េវ័យ ៤០ឆ្នាំរូបនេះ បន្តថា៖«យើងមានលក់ ហើយយើងក៏មានទទួលភ្ញៀវ មកបេះខ្លួនឯងដែរ។ ភាគច្រើន ភ្ញៀវទេសចរចង់បេះខ្លួនឯងជាង ដែលនេះជាបទពិសោធរបស់ពួកគាត់មួយ និងកាន់តែមានភាពសប្បាយរីករាយជាងទិញ។ អ្នកដែលចង់បេះខ្លួនឯង ពួកគាត់ត្រូវកក់តាមរយៈហ្វេសប៊ុកផេក មុន១ថ្ងៃ ដើម្បីរៀបចំឧបករណ៍ដូចជាស្រោមដៃជាដើម និងបង្រៀនពីរបៀបបេះ។»។

លោក ដារ៉ា បានបន្ថែមថា ចាប់តាំងពីបើកដំណើរការមក កសិដ្ឋានចម្ការស្រ្តបឺរី ទទួលបានការគាំទ្រច្រើន ដែលនេះជាសក្តានុពលទេសចរណ៍មួយទៀតនៅភ្នំបូកគោនេះ។ បច្ចុប្បន្ន កសិដ្ឋាននេះ ក៏កំពុងពង្រីកខ្លួនបន្ថែមទៀត ដើម្បីបំពេញតម្រូវការទេសចរ និងមានភ្ញៀវមកកម្សាន្តកាន់តែច្រើន៕







© រក្សាសិទ្ធិដោយ thmeythmey.com
Tag: