លោក វ៉ាត់ ចំរើន ចង់ឃើញកីឡាយូដូកម្ពុជាឈ្នះមេដាយអូឡាំពិកឆ្នាំ ២០២៨ និង ២០៣២
  • ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ ​​ ម៉ោង ២:០០ នាទី រសៀល
លោក វ៉ាត់ ចំរើន ចង់ឃើញកីឡាយូដូកម្ពុជាឈ្នះមេដាយអូឡាំពិកឆ្នាំ ២០២៨ និង ២០៣២

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ចង់ឃើញអត្តពលិកកីឡាយូដូរបស់កម្ពុជា ឈ្នះមេដាយមាសអូឡាំពិក យ៉ាងតិច ១ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ​ ២០២៨ ឬនៅឆ្នាំ ២០៣២។
TTN-Free-Banner-In-Article-PC
 
លោក វ៉ាត់ ចំរើន បានបង្ហាញបំណងក្តីស្រមៃបែបនេះ នៅក្នុងកម្មវិធីបិទវគ្គសិក្សា សាមគ្គីអូឡាំពិក គ្រូបង្វឹកកីឡាយូដូ ដូច្នេះ​ ៖«អ៊ីចឹងក្តីស្រមៃរបស់ថ្នាក់ដឹកនាំកីឡា ក៏ដូចជាក្តីស្រមៃរបស់ខ្ញុំ គឺចង់ឃើញ​កីឡាណាមួយ ទៅយកមេដាយអូឡាំពិក ២០២៨ ឬ ២០៣២ បានមេដាយមួយពីអូឡាំពិកមក។ យើងសាកស្រមៃទៅមើលថាយើងទៅយកមេដាយនៅអូឡាំពិក ហើយយើងចង់ឱ្យកីឡាករយូដូយើងម្នាក់ទៅយកមេដាយនៅអូឡាំពិក។ មេដាយកម្រិតទ្វីបអាស៊ីយើងយកបានហើយ ប៉ុន្តែកម្រិតកីឡាអូឡាំពិកយើងមិនទាន់យកបាននៅឡើយទេ។»។



កាលពីថ្ងៃទី១៣ ខែមិថុនា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីបិទវគ្គសិក្សា សាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាយូដូកម្រិតថ្នាក់ជាតិ ដែលបង្ហាត់បង្រៀនពីសំណាក់គ្រូឧទ្ទេស មកពីសហព័ន្ធកីឡាយូដូអន្តរជាតិ។ វគ្គសិក្សាស្តីពីគ្រូបង្វឹកកីឡាយូដូ មានសិក្ខាកម្មចូលរួមសិក្សាចំនួន ២០រូប មកពីស្ថាប័នកីឡាក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងបណ្តាក្លិបមកពីតាមខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាយូដូកម្ពុជា។


 
សម្រាប់វគ្គសិក្សានេះទៀតសោត លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលត្រូវបានគេដឹងថា លោកមានជំនាញទៅលើប្រភេទកីឡាយូដូនេះផង បានផ្តាំផ្ញើរទៅកាន់សិក្ខាកម្ម ដែលសិក្សាវគ្គសាមគ្គីអូឡាំពិកទាំង ២០រូប ឱ្យជួយបង្ហាត់បង្រៀន និងព្យាយាមស្វែងរកធនធានកីឡាករថ្មីលើប្រភេទកីឡាយូដូ។ 
  


មួយវិញទៀត អគ្គលេខាធិការ NOCC ក៏បានក្រើនរំឮកទៅកាន់សិក្ខាកម្មទាំងអស់ ដែលកំពុងស្ថិតនៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល ឱ្យចែករំលែកពីការហ្វឹកហាត់កីឡាយូដូ តាមរយៈការថតវីដេអូបង្ហាត់បង្រៀន បង្ហោះនៅលើបណ្តាញសង្គមនានា ដើម្បីឱ្យមហាជនចាប់អារម្មណ៍ និងជួយផ្សព្វផ្សាយពីប្រភេទកីឡានេះ ឱ្យបានកាន់តែទូលំទូលាយថែមទៀត៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង