បើស្រលាញ់ជីវិតខ្លួនឯងកាត់បន្ថយខ្លះទៅ ! ផឹកស្រាមិនត្រឹមតែខូចថ្លើមទេ មានគ្រោះថ្នាក់ដល់បេះដូងទៀត
- ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:៥៩ នាទី ព្រឹក

ឈាមបញ្ជូនសារធាតុចិញ្ចឹម និងសារធាតុផ្សេងៗ រួមទាំងជាតិអាល់កុល ដែលត្រូវបានស្រូបចូលទៅក្នុងចរន្តឈាម តាមរយៈក្រពះ និងពោះវៀនតូចទៅគ្រប់ផ្នែកនៃរាងកាយ ហើយប្រព័ន្ធសរសៃឈាមបេះដូង ក៏រងការប៉ះពាល់ផងដែរ។

នៅពេលដែលយើងផឹកគ្រឿងស្រវឹង ចង្វាក់បេះដូង និងសម្ពាធឈាម អាចកើតឡើងជាបណ្ដោះអាសន្ន។ ជាទូទៅ ចំពោះស្ត្រី គួរផឹកគ្រឿងស្រវឹងចំនួន១កែវ រីឯបុរស អាចផឹកបានចំនួន២កែវ ក្នុងមួយថ្ងៃ ដែលបរិមាណនេះ ត្រូវបានចាត់ទុកថាជាកម្រិតសមល្មម។
យ៉ាងណាមិញ ប្រសិនបើយើងផឹកស្រាលើសកម្រិតជាប្រចាំ តើនឹងមានអ្វីកើតឡើងចំពោះសុខភាពបេះដូង?
ចង្វាក់បេះដូងកើនឡើង
ពិតណាស់ គ្រឿងស្រវឹងអាចបណ្ដាលឲ្យមានភាពប្រែប្រួលចំពោះចង្វាក់បេះដូង។ ការសិក្សាបានបង្ហាញថា ការផឹកស្រាច្រើនជាប្រចាំ អាចបង្កឲ្យកើតជំងឺបេះដូងដើរញាប់ ហើយផលវិបាកដែលកើតឡើងដោយសារបញ្ហាបេះដូងដើរញាប់នេះ មានភាពខុសគ្នា អាស្រ័យលើភាពញឹកញាប់ រយៈពេល និងភាពធ្ងន់ធ្ងរ។ បញ្ហានេះ ក៏អាចនាំឲ្យមានដុំកំណកឈាម ដែលបណ្ដាលឲ្យកើតមានអាការគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
សម្ពាធឈាមកើនឡើង
សូម្បីតែនៅពេលដែលយើងផឹកគ្រឿងស្រវឹងម្ដងម្កាល ក៏អាចធ្វើឲ្យសម្ពាធឈាមរបស់យើងឡើងខ្ពស់ដែរ។ ដូចនេះហើយ ប្រសិនបើយើងផឹកគ្រឿងស្រវឹងជាប្រចាំ និងលើសកម្រិត វាអាចបណ្ដាលឲ្យកើតមានជំងឺលើសឈាម។ យោងតាមការសិក្សាមួយចំនួន ការកាត់បន្ថយការញ៉ាំស្រា អាចធ្វើឲ្យសម្ពាធឈាមយើងថយចុះ។ យ៉ាងណាមិញ នៅពេលដែលសម្ពាធឈាមខ្ពស់ វាក៏អាចបណ្ដាលឲ្យសរសៃឈាមឡើងរឹង និងក្រាស់ ជាហេតុបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។
សាច់ដុំបេះដូងចុះខ្សោយ
បេះដូងមានសារសំខាន់ណាស់ ក្នុងការទទួលយកអុកស៊ីសែន និងសារធាតុចិញ្ចឹម ដោយបង្កើតសម្ពាធសម្រាប់ឈាមចរាចរពាសពេញរាងកាយ ដើម្បីធានាថា ឈាមហូរនៅក្នុងទិសដៅតែមួយ។ ភាពញឹកញាប់ និងកម្លាំងកន្ត្រាក់នៃបេះដូង ប្រែប្រួលទៅតាមតម្រូវការរាងកាយ។ ជាទូទៅ សាច់ដុំអាចកន្ត្រាក់ ដោយសារតែស្រទាប់សាច់ដុំនៅក្នុងជញ្ជាំងបេះដូង។ ប៉ុន្តែ នៅពេលដែលយើងផឹកគ្រឿងស្រវឹងច្រើនជ្រុល វានឹងអាចបំផ្លាញសាច់ដុំបេះដូង ក៏ដូចជាធ្វើឲ្យយើងកើតជំងឺសាច់ដុំបេះដូង ដោយមិនដឹងខ្លួន។ គ្រឿងស្រវឹង អាចបង្កឲ្យមានជំងឺសរសៃឈាមបេះដូងអ្វីខ្លះ?
១. គាំងបេះដូង
សាច់ដុំបេះដូង ត្រូវការអុកស៊ីសែន ដើម្បីដំណើរការ។ នៅពេលដែលសរសៃឈាម ដែលផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សាច់ដុំបេះដូង ត្រូវបានកាត់បន្ថយ ឬកាត់ផ្ដាច់ទាំងស្រុង សាច់ដុំបេះដូង មិនអាចទទួលបានអុកស៊ីសែន ជាហេតុបណ្ដាលឲ្យកើតមានអាការគាំងបេះដូង។ ការផឹកគ្រឿងស្រវឹង អាចបង្កើនកម្រិតជាតិខ្លាញ់ក្នុងឈាម ហើយអ្នកដែលមានជាតិខ្លាញ់ខ្ពស់ (high triglycerides) ច្រើនតែមានកូលេស្តេរ៉ូលអាក្រក់ខ្ពស់ និងកូលេស្តេរ៉ូលល្អតិចតួច។ នៅពេលដែលយើងមានកូលេស្តេរ៉ូលអាក្រក់ខ្ពស់ វាអាចបង្កឲ្យស្ទះសរសៃឈាម ក៏ដូចជាបង្កទៅជាជំងឺគាំងបេះដូង។
២. ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ជាមួយគ្នានេះដែរ ការផឹកគ្រឿងស្រវឹងក៏អាចបង្កើនហានិភ័យ នៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលចំនួន២ប្រភេទ ដែលបណ្ដាលឲ្យមានការរាំងស្ទះលំហូរឈាម ទៅកាន់ជាលិកាខួរក្បាល និងអាចធ្វើឲ្យយើងបាត់បង់ចលនា និងមុខងាររំញោច។ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនេះ ក៏អាចបំផ្លាញប្រព័ន្ធផ្សេងទៀតនៅក្នុងរាងកាយរបស់យើង រួមទាំងប្រព័ន្ធឆ្អឹង ប្រព័ន្ធសាច់ដុំ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធផ្លូវដង្ហើម និងប្រព័ន្ធទឹកនោមថែមទៀតផង៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com