UN/ONU៖ ដរាបណាគ្មានការប្រសើរឡើងផ្នែកសិទ្ធិស្ត្រី អាហ្វហ្កានីស្ថាននឹងបន្តនៅក្រៅសហគមន៍អន្តរជាតិ
- ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៨:២៩ នាទី ព្រឹក

ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
អស់រយៈពេលប្រមាណជិត៣ឆ្នាំហើយ ដែលក្រុមតាលីបង់ បានត្រលប់មកគ្រប់គ្រងអំណាចវិញនៅអាហ្វហ្កានីស្ថាន។ សិទ្ធិសេរីភាពជាទូទៅ និងជាពិសេសគឺសិទ្ធិស្ត្រី បានរួញខើចកាន់តែខ្លាំង ក្រោមនឹមអំណាចនយោបាយអ៊ីស្លាមផ្តាច់ការតាលីបង់។ កាលពីពេលថ្មីៗនេះ អង្គការសហប្រជាជាតិ បានបញ្ជាក់ឲ្យដឹងថា អាហ្វហ្កានីស្ថាននឹងមិនអាចត្រឡប់ចូលសហគមន៍អន្តរជាតិវិញបានទេ ដរាបណាការគោរពសិទ្ធិស្ត្រី នៅតែមិនប្រសើរឡើងនៅអាហ្វហ្កានីស្ថាន។

ក្រុមតាលីបង់បានវិលត្រលប់មកកាន់អំណាចវិញនៅអាហ្វហ្កានីស្ថាន ជិត៣ឆ្នាំហើយ ហើយរហូតមកទល់ពេលនេះ គ្មានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការ នូវរបបដឹកនាំនេះទេ។ ចាប់តាំងពីចូលកាន់អំណាចវិញ របបដឹកនាំបែបអ៊ីស្លាមផ្តាច់ការនេះ បានចេញវិធានការជាច្រើនបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ ជាពិសេសគឺបំបិទសិទ្ធិសេរីភាពស្ត្រី។
អង្គការសហប្រជាជាតិ បានចាត់ទុកគោលនយោបាយរបស់ក្រុមតាលីបង់ ថាជាគោល “នយោបាយរើសអើង បែងចែក ភេទ”។ ការគោរពសិទ្ធិស្ត្រីគឺជាចំណុចដ៏សំខាន់មួយ ដែលអង្គការសហប្រជាជាតិ មានការខ្វែងគំនិតគ្នាជាមួយនឹងរដ្ឋាភិបាលរបស់ក្រុមតាលីបង់។ តំណាងអង្គទូតទាំងអស់ដែលជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានរួមគ្នាផ្ញើសារបញ្ជាក់ថា ដរាបណាការគោរពសិទ្ធិស្ត្រីនៅអាហ្វហ្កានីស្ថាន នៅតែមិនប្រសើរឡើងទេ គេមិនអាចទទួលឲ្យអាហ្វហ្កានីស្ថានត្រឡប់ចូលសហគមន៍អន្តរជាតិវិញបានទេ។
នៅក្រុមប្រឹក្សាសន្តិសុខ លោកស្រី Rosa Otounbaïeva ប្រធានបេសកកម្មអាហ្វហ្កានីស្ថាននៃអង្គការសហប្រជាជាតិ បានរៀបរាប់អំពីវិធានការទាំងឡាយ ដែលរដ្ឋអំណាចតាលីបង់បានដាក់ចុះ ហើយដែលមានខ្លឹមសារបំបិទសិទ្ធិសេរីភាពស្ត្រីអាហ្វហ្កានីស្ថាន។ ក្រៅពីគ្មានសិទ្ធិលេងកីឡា និងចូលក្នុងសួនសាធារណៈ ស្ត្រីអាហ្វហ្កានីស្ថាន មិនអាចមានសិទ្ធិទិញលេខទូរស័ព្ទប្រើប្រាស់ ប្រសិនបើគ្មានសមាជិកគ្រួសារភេទប្រុសជាអ្នកទិញឲ្យ។ បន្ថែមពីនេះ ស្ត្រីអាហ្វហ្កានីស្ថានមិនអាចធ្វើដំណើរឆ្លងកាត់ពីក្រុងមួយទៅក្រុងមួយទៀតបានទេ ប្រសិនបើគ្មានសមាជិកគ្រួសារភេទប្រុសម្នាក់ទៅជាមួយ។ ពោលគឺស្ត្រីអាហ្វហ្កានីស្ថាន ត្រូវដាក់ឲ្យស្ថិតនៅ ក្រោមរបបអំណាចអាណាព្យាបាលរបស់បុរសទាំងស្រុង។ កុមារីអាហ្វហ្កានីស្ថានអាចរៀនត្រឹមតែថ្នាក់បឋមសិក្សាប៉ុណ្ណោះ មិនអាចបន្តរហូតដល់ថ្នាក់មធ្យមសិក្សា ឬឧត្តមសិក្សាបានទេ។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំទៅមិញ សហគមន៍អន្តរជាតិបានចាប់ផ្តើមយន្តការដើម្បីជួយពង្រឹងការគោរពសិទ្ធិមនុស្សនៅអាហ្វហ្កានីស្ថាន។ ដោយមានការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ ការចរចាត្រូវបានរៀបចំឡើងនៅឯទីក្រុងដូហា និងដោយមានតំណាងអង្គការសង្គមស៊ីវីលអាហ្វហ្កានីស្ថានចូលរួមដែរ។ ការចរចានៅជុំទី១ កាលពីខែឧសភាឆ្នាំ២០២៣ ក្រុមតាលីបង់ត្រូវបានអង្គការសហប្រជាជាតិដកឈ្មោះចេញមិនឲ្យចូលរួម ហើយចំណែកការចរចានៅជុំទី២វិញ ក្រុមតាលីបង់បានបដិសេធមិនចូលរួម ដោយទាមទារថាមានតែសមាជិកក្រុមខ្លួនប៉ុណ្ណោះ ដែលអាចតំណាងអាហ្វហ្កានីស្ថាន។
សម្រាប់ការចរចានៅជុំទី៣ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០ខែមិថុនាខាងមុខ រដ្ឋាភិបាលក្រុមលីបង់បានអះអាងថា គេនឹងទៅចូលរួមតាមការគ្រោងទុក។ តែទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់ថា ទោះបីរដ្ឋាភិបាលរបស់ក្រុមតាលីបង់ នឹងមានវត្តមានចរចានៅទីក្រុងដូហាក៏ដោយ ក៏មិនមែនមានន័យថាសហគមន៍អន្តរជាតិ ទទួលស្គាល់នូវភាពស្របច្បាប់ របស់រដ្ឋាភិបាលនេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com