
អភិបាលខេត្តថ្មីទាំង៨រូប។
ភ្នំពេញ៖ មានការផ្លាស់ប្ដូរអភិបាលខេត្តជាច្រើនជាលើកដំបូងក្នុងអាណត្តិទី៧នេះ។ ខេត្តដែលផ្លាស់ប្ដូរ ក្បាលម៉ាស៊ីនដឹកនាំ រួមមានខេត្តកណ្ដាល, ព្រះសីហនុ, កំពង់ស្ពឺ, កំពង់ធំ, តាកែវ, ត្បូងឃ្មុំ, ស្ទឹងត្រែង និងឧត្តរមានជ័យ។

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់ផ្លាស់ប្ដូរអភិបាលខេត្ត៨រូប។ បើតាមព្រះរាជក្រឹត្យរបស់ព្រះអង្គ អភិបាលខេត្តដែលត្រូវផ្លាស់ប្ដូរ រួមមាន លោក ប៉ែន កុសល្យ ពីអភិបាលខេត្តឧត្តរមានជ័យ មកជាអភិបាលខេត្តត្បូងឃ្មុំ។ ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មកដឹកនាំខេត្តកំពង់ស្ពឺ។
សម្រាប់លោក វ៉ី សំណាង ពីអភិបាលខេត្តកំពង់ស្ពឺ មកជាអភិបាលខេត្តតាកែវ ជំនួសលោក អ៊ូច ភា។ ដោយឡែក លោក គួច ចំរើន ត្រូវបានផ្ទេរពីអភិបាលខេត្តព្រះសីហនុ មកជាអភិបាលខេត្តកណ្ដាល ជំនួសលោក គង់ សោភ័ណ។
រីឯលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលអភិបាលខេត្តកំពង់ធំ ជំនួសលោក ងួន រតនៈ។ អភិបាលរងរាជធានីភ្នំពេញម្នាក់ទៀត គឺលោក មាន ចាន់យ៉ាដា ត្រូវបានតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ។
បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ឡាយព្រះហស្តលេខានៅថ្ងៃទី២៤ មិថុនានេះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះសីហនុ។ ចំពោះលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺវិញ ក៏ត្រូវបានតែងតាំងជាអភិបាលខេត្តស្ទឹងត្រែងផងដែរ។
ក្រៅពីផ្ទេរ និងតែងតាំង ព្រះមហាក្សត្រកម្ពុជា ក៏បានតែងតាំងលោក គង់ សោភ័ណ អតីតអភិបាលខេត្តកណ្ដាល, លោក អ៊ូច ភា អតីតអភិបាលខេត្តតាកែវ, លោក ស្វាយ សំអ៊ាង អតីតអភិបាលខេត្តស្ទឹងត្រែង និងលោក ងួន រតនៈ អតីតអភិបាលខេត្តកំពង់ធំ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ