ចិនបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិពីររូបចេញពីបក្ស
- ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៥:៥៩ នាទី ល្ងាច

លោក Li Shangfu (ស្តាំ) និងលោក Wei Fenghe ។ រូបភាព ៖ AP
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) នៅថ្ងៃទី២៧ ខែមិថុនា បានសម្រេចបណ្តេញថ្នាក់ដឹកនាំជាន់ខ្ពស់២រូបចេញពីបក្ស គឺអតីតរដ្ឋមន្ត្រីការពារជាតិលោក Li Shangfu និងលោក Wei Fenghe ។

បក្សកុម្មុយនិស្តចិនបានលើកឡើងថា អតីតរដ្ឋមន្ត្រីទាំងពីររូបនេះបានបំពានលើវិន័យបក្ស និងច្បាប់។ ទន្ទឹមនេះ នាថ្ងៃដដែលគណៈកម្មាធិការមជ្ឈិមយោធា (CMC) របស់ចិនបានប្រកាសថា អតីតរដ្ឋមន្ត្រីការពារជាតិពីររូបគឺលោក Li Shangfu និងលោក Wei Fenghe បានបំពានយ៉ាងធ្ងន់ធ្ងរលើការងារបក្ស។
ភ្នាក់ងារត្រួតពិនិត្យ និងវិន័យរបស់ CMC បានបើកការស៊ើបអង្កេតលើលោក Wei Fenghe នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមលទ្ធផលនៃការស៊ើបអង្កេត លោក Wei Fenghe បានបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យនយោបាយ និងអង្គការ ដោយជួយបុគ្គលផ្សេងទៀតទទួលបានអត្ថប្រយោជន៍មិនសមហេតុផលក្នុងការរៀបចំបុគ្គលិក។ លើសពីនេះ លោកក៏បានបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យលើសុចរិតភាព ការទទួលយកប្រាក់ និងអំណោយខុសនឹងបទប្បញ្ញត្តិ។
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ ក៏បានឆ្លៀតយកតួនាទីរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកដ៏ទៃ ដោយទទួលបានប្រាក់ និងវត្ថុមានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាហេតុនាំឲ្យមានបទល្មើសទទួលសំណូក។ ការស៊ើបអង្កេតក៏បានរកឃើញតម្រុយអំពីការរំលោភផ្សេងទៀតដោយលោក Wei Fenghe ដែរ។
ភ្នាក់ងារត្រួតពិនិត្យ និងវិន័យរបស់ CMC បានបើកការស៊ើបអង្កេតលើលោក Ly Shengfu នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ យោងតាមលទ្ធផលស៊ើបអង្កេត លោក Li Shengfu បានបំពានយ៉ាងធ្ងន់ធ្ងរទៅលើវិន័យនយោបាយ និងអង្គការ។ លោកបានស្វែងរកផលប្រយោជន៍ខុសច្បាប់ក្នុងការរៀបចំបុគ្គលិកសម្រាប់ខ្លួន និងអ្នកដទៃ ឆ្លៀតយកតួនាទីដើម្បីទាញយកផលប្រយោជន៍ពីបុគ្គលដ៏ទៃ ហើយបន្ទាប់មកទទួលបានមកវិញនូវប្រាក់មួយចំនួនធំ និងវត្ថុមានតម្លៃ។
លោក Li Shengfu ក៏ត្រូវបានរកឃើញថាបានឲ្យលុយទៅអ្នកដទៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដែលជាបទឧក្រិដ្ឋសូកប៉ាន់។ ការស៊ើបអង្កេតក៏បានរកឃើញតម្រុយអំពីការរំលោភផ្សេងទៀតដោយលោក Li Shengfu។
ការិយាល័យនយោបាយចិន បានសម្រេចផ្ទេរសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងលោក Wei Fenghe និងលោក Li Shengfu ទៅកាន់អយ្យការយោធាដើម្បីធ្វើអធិការកិច្ច និងកាត់ទោស។ ពីមុន CMC បានបណ្តេញលោក Li Shangfu និង លោក Wei Fengheចេញពីជួរកងទ័ព ហើយដកហូតតំណែងមេទ័ពទាំងពីរនាក់នេះ។
លោក Wei Fenghe បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២៣ ខណៈលោក Li Shangfu ត្រូវបានបណ្តេញចេញពីតំណែងក្នុងខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីបំពេញភារកិច្ចបានត្រឹមតែ៧ ខែ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: