«បវរកញ្ញាស្រុកស្រែ» ឆាកបង្ហាញសមត្ថភាពអ្នកប្ដូរយេនឌ័រនៅកម្ពុជា និងសិល្បៈវប្បធម៌
  • ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៥៩ នាទី យប់
«បវរកញ្ញាស្រុកស្រែ» ឆាកបង្ហាញសមត្ថភាពអ្នកប្ដូរយេនឌ័រនៅកម្ពុជា និងសិល្បៈវប្បធម៌
កម្មវិធីប្រកួត «បវរកញ្ញាស្រុកស្រែ» នៅខេត្តសៀមរាប។

សៀមរាប៖ «បវរកញ្ញាស្រុកស្រែ» ខេត្តសៀមរាប ជាកម្មវិធីប្រកួតសម្រស់ និងសមត្ថភាព សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរយេនឌ័រពីបុរស មកស្ត្រី នៅកម្ពុជា។ ស្ថាបនិក​កម្មវិធី លោក ដែន សុភ័ត្ត្រា  បានប្រាប់សារព័ត៌មានថ្មីៗថាវេទិកានេះ  មិនត្រឹមតែជាឆាក​បង្ហាញ​សមត្ថភាព អ្នកប្ដូរយេនឌ័រឡើយ តែក៏​ជាឱកាសបង្ហាញទម្រង់សិល្បៈនានា ទៅកាន់​សាធារណជនក្នុងស្រុក និងបរទេសផងដែរ។
TTN-Free-Banner-In-Article-PC


ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីប្រកួតប្រជែងសម្រស់នៅកម្ពុជាហាក់ទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋខ្មែរ ជាពិសេសយុវជន។ គេមើលឃើញកម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាពជាបន្តបន្ទាប់បង្ហាញខ្លួនតួយ៉ាង Miss Universe, Miss Grand, Miss Planet, Miss Queen ជាដើម ដែលសុទ្ធតែជាតិកម្មវិធីលំដាប់អន្តរជាតិ។ 
 
ដោយឡែកនៅខេត្តសៀមរាប ក៏មានកម្មវិធីប្រកួតប្រជែងសម្រស់ថ្នាក់ខេត្តដូច្នេះដែរ គឺកម្មវិធី «បវរកញ្ញាស្រុកស្រែ»។ កម្មវិធីប្រកួតត្រូវបានលេចជារូបរាងដំបូងក្នុងឆ្នាំ២០២៣ នៅលើទឹកដីសៀមរាប ដោយមានស្ថាបនិក លោក ដែន សុភ័ត្ត្រា។ ការប្រកួតប្រជែងនេះ ជាវេទិកាបង្ហាញសមត្ថភាព និងសម្រស់ សម្រាប់ក្រុមអ្នកស្រឡាញ់ភេទបុរស និងបុរស និងក្រុមអ្នកប្ដូរយេនឌ័រពីបុរសទៅស្ត្រី។ 
 
២០២៤ ជាឆ្នាំទី២ដែល លោក ដែន សុភ័ត្ត្រា និងក្រុមខ្លួនរៀបចំឡើង បន្ទាប់ពីទទួលបានការគាំទ្រ និងចូលទស្សនាច្រើន កាលពីឆ្នាំ២០២៣កន្លងទៀត។ 
 
 លោក ដែន សុភ័ត្ត្រា ស្ថាបនិក «បវរកញ្ញាស្រុកស្រែ»។ រូបភាពពីហ្វេសប៊ុក លោក ដែន សុភ័ត្ត្រា៕

ស្ថាបនិកវ័យក្មេងរូបនេះ ប្រាប់សារព័ត៌មានថ្មីៗថាគោលបំណងធំនៃកម្មវិធីនេះ គឺចង់ចូលរួមជំរុញសេដ្ឋកិច្ចក្នុងខេត្ត តាមរយៈទាក់ទាញអ្នកទស្សនាមកកាន់ខេត្តសៀមរាប, ការបង្ហាញសមត្ថភាព និងភាពស្រស់ស្អាត នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរយេនឌ័រ នៅកម្ពុជា និងជាវេទិកាបង្ហាញពីសិល្បៈវប្បធម៌ចម្រុះនានា ទៅកាន់សាធារណជនឱ្យស្គាល់ ជាពិសេសទេសចរបរទេស។ 

ជុំវិញសិល្បៈខ្មែរ ដែលនឹងបង្ហាញនៅថ្ងៃកម្មវិធីផ្ដាច់ព្រ័ត្រនៅថ្ងៃទី៧ ខែកក្កដានេះ រួមមានការសម្ដែងពីក្រុមស្គរស្ត្រី «មេធា» និងការសម្ដែងបទចម្រៀង លាយបញ្ចូលគ្នានូវទម្រង់សិល្បៈដូចជា ខោល, ស្បែកធំ, របាំអប្សរា និងល្បុក្កតោជាដើម។ 
 
បើតាម លោក ដែន សុភ័ត្ត្រា កម្មវិធីនេះដំបូង លោកនិងមិត្តភក្ដិឯទៀត គ្រាន់ចង់បង្កើតឡើងក្នុងទីវត្តអារាមប៉ុណ្ណោះ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជាការកម្សាន្តតាមមូលដ្ឋានអារាមខ្លួន នៅឯភូមិត្បែង នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តែដោយមានការចាប់អារម្មណ៍ និងគាំទ្រពីអ្នកឧបត្ថមកម្មវិធីនេះ ក៏ត្រូវបានធ្វើនៅកណ្ដាលក្រុងសៀមរាបវិញ ក្នុងផ្សារទំនើប The Heritage Walk។ 
 

រូបភាពផ្ដល់ដោយផ្សារ The Heritage Walk

លោក ដែន សុភ័ត្ត្រា«បវរកញ្ញាស្រុកស្រែ» ជាឱកាសមួយ ដើម្បីឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នាបុរស និងបុរស មានឱកាសក្នុងការចាប់យកក្ដីសម្រៃរបស់ពួកគេ និងបន្តទៅកាន់ឆាកអន្តរជាតិផ្សេងៗ។ លោកបន្ត៖«ពេលខ្ញុំបានបង្កើតកម្មវិធីនេះឡើង ពួកគាត់សប្បាយមែនទែន​ ព្រោះគាត់បានបង្ហាញសមត្ថភាព និងបំពេញក្ដីសម្រៃរបស់ពួកគេ»។ 
 
បើតាមលោកសុភ័ត្ត្រា ក្នុងឆ្នាំនេះការប្រកួតផ្ដាច់ព្រ័ត្រមានអ្នកប្រកួត២០នាក់ ដែលមកពីបណ្ដាខេត្តមួយចំនួនក្រៅពីខេត្តសៀមរាប និងរាជធានីភ្នំពេញ។ សម្រាប់លោកសុភ័ត្ត្រា​​ រំពឹងថា កម្មវិធីប្រកួតប្រជែងនេះ នឹងក្លាយជាកម្មវិធីប្រចាំឆ្នាំ សម្រាប់ខេត្តសៀមរាប ប្រសិនបើឆ្នាំបន្ទាប់នៅតែមានអ្នកឧបត្ថម្ភគាំទ្រកម្មវិធីទៀត។ 
 
​កម្មវិធីប្រកួតផ្ដាច់ព្រ័ត្រ ចាប់ផ្តើមពី​ម៉ោង៣រសៀលតទៅ ហើយសាធារណជនអាចចូលរួមទស្សនាដោយសេរី៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី