Messi វិលចូលហ្វឹកហាត់វិញ ត្រៀមជួយអាហ្សង់ទីន វគ្គ៨ក្រុម Copa America
- ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:២៩ នាទី យប់

ខ្សែប្រយុទ្ធ Lionel Messi បានវិលត្រឡប់ចូលហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីនឡើងវិញ ខណៈក្រុមការពារតំណែងជើងឯក កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គ ៨ក្រុម ចុងក្រោយ ប៉ះក្រុមអេក្វាទ័រ ក្នុងពានរង្វាន់ Copa America ដែលធ្វើឡើងក្នុងទីក្រុង Houston។

កីឡាករវ័យ ៣៧ឆ្នាំ បានខកខានការប្រកួតក្នុងជំនួបដែលអាហ្សង់ទីនយកឈ្នះលទ្ធផល ២-០ លើក្រុមប៉េរូ វគ្គចែកពូល A ចុងក្រោយ កាលពីថ្ងៃទី២៩ ខែមិថុនា។
មុនការប្រកួតនោះ Messi មិនបានទៅហ្វឹកហាត់ជាមួយក្រុមនោះទេ ព្រោះរូបគេជួបបញ្ហារបួសសាច់ដុំ អំឡុងពេលប្រកួតទល់នឹងក្រុមស៊ីលី។
យ៉ាងណាក្រោយការសម្រាករយៈពេលប៉ុន្មានថ្ងៃ របស់តារាបាល់ទាត់លំដាប់ពិភពលោក សហព័ន្ធបាល់ទាត់អាហ្សង់ទីន ក៏បានចេញសេចក្តីប្រកាសថា កីឡាករវ័យ ៣៧ឆ្នាំ បានវិលត្រឡប់ចូលការប្រកួត បន្ទាប់ពីរូបគេបានធ្វើតេស្តអំពីបញ្ហារបួស។

ដោយឡែកនៅក្នុងការប្រកួតពានរង្វាន់ Copa America ក្នុងឆ្នាំ ២០២៤ នេះ ខ្សែប្រយុទ្ធ Messi មិនទាន់រកបានគ្រាប់បាល់នៅឡើយសម្រាប់ក្រុមជម្រើសជាតិ ហើយក៏លើកដំបូងក្នុងការប្រកួតអន្តរជាតិសម្រាប់រូបគេ។ យ៉ាងក្រឡែកទៅកាន់ការប្រកួតនៅតំបន់អឺរ៉ុបវិញ Euro 2024 ដៃគូប្រជែងរបស់គេ Cristiano Ronaldo ក៏មិនទាន់រកបានគ្រាប់បាល់ស៊ុតបញ្ចូលដូចគ្នា ក្នុងវគ្គចែកពូល។
គូសបញ្ជាក់ថា អាហ្សង់ទីនក្រុមការពារជើងឯក និងត្រូវជួបតទល់នឹងក្រុមអេក្វាទ័រ នៅថ្ងៃទី៤ ខែកក្កដា ស្ថិតក្នុងទីក្រុង Houston រដ្ឋតិចសាស់ ប្រទេសអាម៉េរិក៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ