Ronaldo ចង់លេងនៅ World Cup 2026 ទោះខ្សត់គ្រាប់បាល់នៅ Euro 2024
- ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:២៩ នាទី យប់

តារាបាល់ទាត់ Cristiano Ronaldo បង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តលេងនៅក្នុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2026 ដែលធ្វើឡើងនៅក្នុងប្រទេសអាម៉េរិក ម៉ិកស៊ិក និងកាណាដា ខណៈកីឡាករវ័យ ៣៩ឆ្នាំ មិនទាន់រកគ្រាប់បាល់បាន នៅការប្រកួត Euro 2024 នៅឡើយ។ ការប្តេជ្ញាចិត្តរបស់ Ronaldo បង្ហាញថារូបគេចង់បន្តបង្កើតកំណត់ត្រាជាច្រើនបន្ថែមទៀតក្នុងអាជីព។

ព្រឹត្តិការណ៍ Euro 2024 ត្រឹមវគ្គចែកពូល រហូតដល់វគ្គ ១៦ក្រុម បានក្លាយជាការប្រកួតលើកដំបូងសម្រាប់ Ronaldo ដែលមិនទាន់រកបានគ្រាប់បាល់។ Euro 2024 ជាការបង្ហាញខ្លួនលើកទី ៦ សម្រាប់ Ronaldo នឹងជាកីឡាករដំបូងគេបង្អស់ប្រចាំប្រវត្តិសាស្ត្រ ខណៈតារាបាល់ទាត់វ័យចាស់ ក៏ចិញ្ចឹមចិត្តចង់បំបែកកំណត់ត្រាជាកីឡាករដែលរកបានគ្រាប់បាល់នៅរាល់ការបង្ហាញខ្លួនគ្រប់កម្មវិធីផងដែរ។
កាលពីប្រកួតទល់នឹងក្រុមស្លូវេនី ប្រធានក្រុមព័រទុយហ្កាល់រូបនេះ ហៀបនឹងសម្រេចបានកំណត់ត្រា ប៉ុន្តែត្រូវបានខកខានទៅវិញ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូល ហើយតារាបាល់ទាត់វ័យចំណាស់បានសម្រក់ទឹកភ្នែកភ្លាមៗ។
ទោះជាបីជាមានវ័យ ៣៩ឆ្នាំ ទៅហើយ ប៉ុន្តែ Ronaldo នៅតែបង្ហាញខ្លួនលេងពេលម៉ោងឱ្យជម្រើសជាតិព័រទុយហ្កាល់នៅរាល់ការប្រកួតទាំងអស់ រូបគេបានលេងក្នុង Euro 2024។ ដំបូងឡើយព្រឹត្តិការណ៍ Euro 2024 នេះហើយ ត្រូវបានគេគិតថានឹងក្លាយជាការបង្ហាញខ្លួនលើកចុងក្រោយរបស់ Ronaldo ក្នុងព្រឹត្តិការណ៍ពានអន្តរជាតិ។

យ៉ាងណាមិញ Euro 2024 អាចនឹងក្លាយជាពានទ្វីបអឺរ៉ុប លើកចុងក្រោយដែល Ronaldo នឹងបង្ហាញខ្លួន។ កន្លងមកមុនការប្រកួតនៅក្នុងប្រទេសអាល្លឺម៉ង់ តារាបាល់ទាត់វ័យ ៣៩ឆ្នាំ បានបញ្ជាក់ថាព្រឹត្តិការណ៍ Euro 2024 ទំនងជាការបង្ហាញខ្លួនលើកចុងក្រោយបង្អស់។
មកដល់ពេលថ្មីៗនេះ តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់ ត្រូវបានកាសែត Relevo រាយការណ៍ថា គេនឹងអាចបន្តមានវត្តមាននៅ World Cup 2026 ថែមទៀត ដើម្បីប្រដេញតាមកំណត់ត្រាជាច្រើនបន្ថែមទៀត។ ការបង្ហាញអារម្មណ៍ចង់បន្តការប្រកួតប្រជែងនៅពានរង្វាន់លំដាប់ពិភពលោកបែបនេះ កើតឡើងក្រោយពេលដែល ក្រុមជម្រើសជាតិព័រទុយហ្កាល់បានឈ្នះការប្រកួតលើក្រុមស្លូវេនី ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៣-០ ក្រោយលទ្ធផលស្មើ ០-០ រយៈពេល ១២០នាទី។
ដោយឡែកសម្រាប់ការប្រកួត Euro 2024 ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ នឹងបន្តដំណើរប្រកួតវគ្គ ៨ក្រុម ចុងក្រោយ ទល់នឹងក្រុមម្ចាស់ជើងឯក World Cup 2018 របស់បារាំង ស្ថិតក្នុងទីក្រុង Blockbuster នៅថ្ងៃទី៥ ខែកក្កដា វេលាម៉ោង ២យប់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: