វត្ថុបុរាណខ្មែរចំនួន១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ MET មកដល់ទឹកដីកំណើតវិញ
- ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:១១ នាទី យប់

វត្ថុបុរាណខ្មែរចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET) ស្ថិតក្នុងក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក មកដល់សារមន្ទីរជាតិកម្ពុជា នារសៀលថ្ងៃទី៣កក្កដានេះ។ វត្ថុបុរាណ រួមទាំងរូបបដិមាទាំង១៤នេះ មានដូចជាបដិមាទេពស្រី(នាងឧមា) ធ្វើពីថ្មភក់ ក្នុសម័យអង្គរ តាមរចនាបថរាជធានីកោះកេរ មានតាំងពីសតវត្សរ៍ទី ១០។ បដិមាអឌ្ឍនារីស្វរ ធ្វើពីសំរឹទ្ធ មុនសម័យអង្គរ ក្នុងសតវត្សរ៍ទី៧ និងទី៨។ ព្រះកេសព្រះលោកេសូរ ធ្វើពីសំលោហៈ ក្នុងសម័យអង្គរ នាសតវត្សរ៍ទី១។ បដិមាព្រះលោកេសូរ ធ្វើពីសំលោហៈសម័យអង្គរ ចុងសតវត្សរ៍ទី១០ ដើមសតវត្សរ៍ទី១១។ មុខព្រះឥសូរ ធ្វើអំពីសំលោហៈ សម័យអង្គរ រចនាបថកោះកេរ ក្នុងសតវត្សរ៍ទី១០ និងវត្ថុបុរាណខ្មែរមួយចំនួនបន្ថែមទៀត។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើតាមក្រសួងវប្បធម៌ បដិមាទេពស្រី (នាងឧមា) ដែលប្រគល់មកកាន់កម្ពុជាវិញនេះ កាលពីឆ្នាំ ២០២១ ក្រសួង បានរកឃើញប្រអប់ជើងនៃបដិមា ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងផ្អែកលើសក្ខីកម្ម ពីអតីតបុគ្គលដែលបានលួចយកទៅថាបដិមារូបនេះ ត្រូវបានលួចចេញក្នុងឆ្នាំ១៩៩៧។ នេះបើតាម ក្រសួងវប្បធម៌បញ្ជាក់ទៀតថា ដែលបន្តទៀតថា ចំពោះបដិមាព្រះលោកេសូរ ត្រូវបានសារមន្ទីរ MET បានទិញយកពីលោក Douglas Latchford កាលពីឆ្នាំ១៩៩២ និងព្រះកេសព្រះលោកេសូរ ត្រូវបានលួចនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយដងខ្លួនបានរកឃើញនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ក្នុងខេត្តបាត់ដំបង។
សូមបញ្ជាក់ សារមន្ទីរ MET បានយល់ព្រមប្រគល់ រតនសម្បត្តិជាតិទាំង១៤នេះមកកម្ពុជា កាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ។ បើតាម ក្រសួងវប្បធម៌ ការបញ្ជូន ក៏ដូចជាប្រគល់ត្រឡប់មកវិញ នូវរតនសម្បត្តិវត្ថុបុរាណខ្មែរចំនួន ១៤នេះ ធ្វើឡើងក្រោយមានមានការចរចាអស់ជាច្រើនឆ្នាំ រវាងក្រុមការងារក្រសួងវប្បធម៌ ជាមួយការិយាល័យរដ្ឋអាជ្ញារដ្ឋអាម៉េរិក ប្រចាំសង្កាត់ភាគខាងត្បូង ទីក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (HIS) និងតំណាងសារមន្ទីរ (MET)។
សម្រាប់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការប្រគល់សម្បត្តិវប្បធម៌របស់កម្ពុជាត្រលប់មកវិញ ពីសារមន្ទីរ MET មានសារៈសំខាន់បំផុតសម្រាប់មនុស្សជាតិទាំងមូល មិនមែនត្រឹមតែប្រទេសកម្ពុជានោះទេ។ «ការបញ្ជូនមកវិញនៃសម្បត្តិវប្បធម៌ វត្ថុបុរាណខ្មែរដែលបានលួចទៅដោយខុសច្បាប់នោះ គឺជាសញ្ញានូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញនូវដួងព្រលឹងដូនតាខ្មែរ មកកាន់ទឹកដីកំណើត»។ លោកស្រី ភឿង សកុណា បញ្ជាក់ដូច្នេះ ដោយបន្តសង្ឃឹមថា សារមន្ទីរ MET នឹងបន្តប្រគល់ត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរជាច្រើនផ្សេងទៀត ដែលកំពុងស្ថិតក្នុងសារមន្ទីរ៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ