Messi មិនទាន់ប្រាកដ អាចជួយអាហ្សង់ទីន តទល់អេក្វាទ័រ វគ្គ៨ក្រុម Copa America
  • ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១:៥៩ នាទី រសៀល
Messi មិនទាន់ប្រាកដ អាចជួយអាហ្សង់ទីន តទល់អេក្វាទ័រ វគ្គ៨ក្រុម Copa America

លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន មិនទាន់ប្រាកដថា Lionel Messi អាចជួយក្រុមទល់អេក្វាទ័រ ក្នុងពានរង្វាន់ Copa America វគ្គ ៨ក្រុម ឬក៏អត់នោះទេ ដ្បិតប្រធានក្រុមរូបនេះនៅជាប់បញ្ហារបួសនៅឡើយ។
TTN-Free-Banner-In-Article-PC


Messi បានជួបបញ្ហារបួសសាច់ដុំខាងស្តាំ អំឡុងការប្រកួតទល់នឹងក្រុមស៊ីលី នៅការប្រកួតវគ្គចែកពូលពានរង្វាន់ Copa America នេះ។ កីឡាករបាល់ទាត់វ័យ ៣៧ឆ្នាំ ក៏ថែមទាំងខកខានលេងការប្រកួតចុងក្រោយវគ្គចែកពូល ដែលយកឈ្នះលើប៉េរូ ស្របពេលដែលលោក Scaloni ក្នុងការប្រកួតនោះក៏មិនបានដឹកនាំដោយផ្ទាល់ ព្រោះជាប់បម្រាម ១ប្រកួត ពីសហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង ​CONMEBOL។
 
យ៉ាងត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គ ៨ក្រុម ចុងក្រោយ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បានអះអាងថាលោកកំពុងតែស្ថិតក្នុងការសម្រេចចិត្តនៅឡើយ សម្រាប់វត្តមានរបស់កីឡាករប្រធានក្រុម Messi។
 
លោក Scaloni ដែលដឹកនាំក្រុមឈ្នះ World Cup 2022 កន្លងទៅ បាននិយាយដូច្នេះថា៖«យើងនឹងរង់ចាំមើលនៅប៉ុន្មានម៉ោងបន្ទាប់ទៀត សម្រាប់ការសម្រេចចិត្ត។ ថ្ងៃថ្មីគឺតែងតែល្អជានិច្ច យើងនឹងសម្រេចថាតើនឹងត្រូវឆ្លើយតបបែបណា ចំពោះរឿងដែលជួបនៅថ្ងៃនេះ។ យើងព្យាយាមជួយឱ្យគេត្រឡប់មកវិញ ហើយប្រសិនបើគេមិនទាន់អាចលេងបានទេ យើងនឹងព្យាយាមរកអ្វីដែលល្អបំផុតសម្រាប់ក្រុម ខ្ញុំនឹងទៅជជែកជាមួយគេថ្ងៃនេះ ខ្ញុំគិតថាគេត្រូវការពេលសមល្មមបន្ថែមទៀត​ ក៏ដូចការហ្វឹកហាត់តាមតែគេអាចធ្វើបាន។»។
 
ចំណែកសម្រាប់ការប្រជែងពានលើកនេះ ក្រុមការពារតំណែងជើងឯកកំពុងតែសម្លឹងមើលការឈ្នះពានរង្វាន់ Copa America លើកទី១៦ និងជាការឈ្នះពានរង្វាន់អន្តរជាតិលើកទី៣ ជាប់គ្នាផងដែរ។ ដៃគូវគ្គបន្ទាប់របស់អាហ្សង់ទីន ជាក្រុមអេក្វាទ័រ ដែលមានទេពកោសល្យល្អមួយក្នុងការប្រកួត ចេញពីតំណែងលេខ ២ ក្នុងពូល B ក្រោយពេលពួកគេប្រកួតស្មើនឹងក្រុមម៉ិកស៊ិក លទ្ធផល ០-០។
 
អាហ្សង់ទីនបានឈ្នះពានរង្វាន់ Copa America ចុងក្រោយបំផុតនៅក្នុងឆ្នាំ ២០២១ មុនពេលបន្តទៅដណ្តើមបានពានរង្វាន់ពិភពលោក​ FIFA World Cup ឆ្នាំ ២០២២ បន្ថែមទៀត។ យ៉ាងណានៅក្នុងការប្រកួតលើកនេះ លោក Scaloni បាននិយាយដោយបានដាក់ខ្លួនថា ស្ថិតក្នុងការប្រជែងពាន Copa America ឆ្នាំនេះ គឺសុទ្ធសឹងតែក្រុមមានកម្រិតខ្ពស់ ហើយគ្មានក្រុមណាមួយនោះទេ ដែលមានឈ្មោះជាបេក្ខភាពភាគរយឈ្នះពានច្រើនជាងគេ។
 
៨ក្រុមដែលឡើងទៅជួបគ្នាវគ្គ១/៤ផ្តាច់ព្រ័ត្រ Copa America ឆ្នាំ ២០២៤ មាន៖
 
- អាហ្សង់ទីន ជួបអេក្វាទ័រ 
- វេណេស៊ុយអេឡា ប៉ះ កាណាដា
- កូឡំប៊ី ជួប ប៉ាណាម៉ា
- ប្រេស៊ីល តទល់ អ៊ុយរូហ្គាយ៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង