លោក រ៉ូឡង់ ឌុយម៉ាស តួអង្គសំខាន់ក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅកម្ពុជា ទទួលមរណភាពក្នុងអាយុ១០១ឆ្នាំ
- ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៣:២៨ នាទី រសៀល

អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោក Roland Dumas (កណ្តាល) ជួបជាមួយព្រះបរមរតនកោដ្ឋ និងសម្តេច ហ៊ុន សែន នៅមុនជំនួបក្រុងប៉ារីស។ រូបថត AFP
អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោក រ៉ូឡង់ ឌុយម៉ាស (Roland Dumas) សហប្រធាននៃកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសអំពីបញ្ហាកម្ពុជា បានទទួលមរណភាពក្នុងអាយុ១០១ឆ្នាំ កាលពីថ្ងៃទី៣ ខែកក្កដា។

អត្ថបទទាក់ទង
លោក រ៉ូឡង់ ឌុយម៉ាស ជារដ្ឋមន្ត្រីក្រសួងការបរទេសបារាំង ក្រោមរដ្ឋបាលលោក Francois Mitterant ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៣។ នាអំឡុងពេលនោះ លោកបានក្លាយជាតួអង្គដ៏សំខាន់មួយរូបក្នុងដំណើរនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់កម្ពុជា។
ក្រោយកិច្ចប្រជុំលើកទីមួយពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៨៩ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានបន្តកិច្ចប្រជុំលើកទី២របស់ខ្លួន ពីថ្ងៃទី២១ ដល់ទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយលោក រ៉ូឡង់ ឌុយម៉ាស រដ្ឋមន្ត្រីការបរទេសបារាំង និងលោក អាលី អាឡាតាស់ (Ali Alatas) រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ធ្វើជាសហប្រធាន។
ក្រៅតំណែងជារដ្ឋមន្ត្រីការបរទេស លោក រ៉ូឡង់ ឌុយម៉ាស មានប្រវត្តិកាន់តួនាទីជាច្រើនទៀតក្នុងនយោបាយបារាំងក្នុងនោះរួមមានដូចជា សមាជិកសភា, រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការអឺរ៉ុប, អ្នកនាំពាក្យរដ្ឋាភិបាល, រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ, ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាបារាំង និងចុងក្រោយលោកកាន់តំណែងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញបារាំងចន្លោះពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០០៕
© រក្សាសិទ្ធិដោយ thmeythmey.com