ទីលានកែច្នៃ​ និងទុកដាក់សំរាមទំនើបរបស់ខេត្តកំពង់ចាម នឹ​ងសាង​សង់​រួចរាល់​មុន​ផែនការ​​កំណត់​
  • ថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ១២:២៩ នាទី រសៀល
ទីលានកែច្នៃ​ និងទុកដាក់សំរាមទំនើបរបស់ខេត្តកំពង់ចាម នឹ​ងសាង​សង់​រួចរាល់​មុន​ផែនការ​​កំណត់​
ទិដ្ឋភាពទីលានចាក់សំរាមនៅស្រុក​កំពង់សៀម ខេត្តកំពង់ចាម។ រូបភាពពី​រដ្ឋបាលខេត្តកំពង់ចាម

ភ្នំពេញ៖ រហូត​មក​ដល់​ខែ​កក្កដានេះ ការ​សាង​សង់​ទីលាន​កែច្នៃ និង​ទុក​ដាក់​សំរាម​ស្ដង់ដារ ​នៅក្នុង​ខេត្ត​កំពង់ចាម សម្រេច​បាន​ការ​ស្ថាបនាជាង ៨០​ភាគរយហើយ។ ទីលាន​កែច្នៃ និង​ទុក​ដាក់សំរាម នឹង​សាង​សង់​រួចរាល់​មុន​ផែន​ការ​គ្រោងទុក។
TTN-Free-Banner-In-Article-PC


ទីលានកែច្នៃ និង​​ទុកដាក់​សំរាម​ថ្មី​ ដែល​ស្ថិតនៅភូមិកោះរកាក្នុង ឃុំកោះរកា ​ស្រុកកំពង់សៀម មាន​ផ្ទៃដី ៨.១៥ហិកតា ក្នុងនោះ​ទីតាំង​ដាក់​សំរាម​ទំហំ ១.៣ហិកតា និង​មានអាងប្រព្រឹត្តិកម្មទឹករងៃចំនួន ៤អាង។ ទីលាន​ទុកដាក់សំរាមនេះ ក៏​មាន​អគារស្តុកទុកសំណល់ដែលគ្រោះថ្នាក់បណ្តោះអាសន្ន​ និង​​ រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ផងដែរ។
  
រូបភាពពី​រដ្ឋបាលខេត្តកំពង់ចាម

ក្នុងដំណើរ​ពិនិត្យ​ពី​ស្ថាន​ភាព​នៃ​ការ​សាង​សង់​ទីលានកែច្នៃ និងទុកដាក់សំរាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានជំរុញឱ្យ​មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន ឱ្យ​បានយល់ដឹងពីបញ្ហាសំរាម ពិសេសការ​វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ បើតាម​​រដ្ឋបាល​ខេត្ត​កំពង់ចាម ទីលាន​កែច្នៃ​សំរាមនេះ សាងសង់​បានជាង ៨០​ភាគរយ។ 
 
សូម​បញ្ជាក់ថា គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាម​នេះ បាន​ដំណើរការសាងសង់កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយ​ចំណាយ​​រយៈពេល​ ១៧ខែ​ ប៉ុន្តែ​ការងារ​​សាងសង់នេះ ​ត្រូវ​បាន​សម្រេច​មុន​ផែនការ​ដែល​បាន​គ្រោង​ទុក​​។ នេះបើតាម​រដ្ឋបាលខេត្ត​កំពង់ចាម៕
 
រូបភាពពី​រដ្ឋបាលខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម ចុះ​ពិនិត្យ​ស្ថានភាពការ​សាងសង់​ទីលាន​ដាក់សំរាម​នៅស្រុក​កំពង់សៀម។ រូបភាពពី​រដ្ឋបាលខេត្តកំពង់ចាម

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ