ក្រសួងសុខាភិបាល ឱ្យឈប់​បរិភោគ​ត្រី​ក្រពត ក្រោយ​​ពុលមនុស្ស​៧នាក់នៅ​កំពង់ឆ្នាំង
  • ថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៣:៥៩ នាទី រសៀល
ក្រសួងសុខាភិបាល ឱ្យឈប់​បរិភោគ​ត្រី​ក្រពត ក្រោយ​​ពុលមនុស្ស​៧នាក់នៅ​កំពង់ឆ្នាំង

ភ្នំពេញ៖ ក្រសួងសុខាភិបាល ក្រើនរម្លឹកកុំឱ្យប្រជាពលរដ្ឋបរិភោគត្រីក្រពត បន្ទាប់ពី​មនុស្ស​៧នាក់​ នៅ​ខេត្តកំពង់ឆ្នាំង បាន​ពុល ដែល​មានអាការៈធ្ងន់ធ្ងរ និង​ត្រូវ​បញ្ចូនទៅ​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។​ បើតាម​ក្រសួង​សុខាភិបាល​ ជាតិពុលក្នុងខ្លួនត្រីក្រពតនេះ មិនអាច​កម្ចាត់​ចោល​តាមរយៈ​ការ​ចម្អិន ឬ​ដាក់ឱ្យ​កក​ឡើយ​ ជាពិសេស​អាច​បណ្ដាលឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ និង​ស្លាប់បាន​។​
TTN-Free-Banner-In-Article-PC


​នៅ​កម្ពុជា មានត្រី​ក្រពត​៩​ប្រភេទ​ ​ក្នុងនោះ ​៥​ប្រភេទ​មាន​ជាតិពុល​ រួមមាន ត្រីក្រពតភ្នែកក្រហម , ត្រីក្រពត​អុច​ធំ, ត្រី​ក្រពត​កូសាំងស៊ីន, ត្រីក្រពត​អុច​បៃតង និងត្រីក្រពតហ្លូវៀធីលីស។ ជាតិពុល​ដែលមាន​ក្នុង​ត្រីទាំង​នេះ អាច​បណ្ដាល​ឱ្យមាន​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​ ក្រោយ​ជាតិ​ពុល​ជ្រាប​ប៉ះ​​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល។
  
រូបភាពពី៖ ក្រសួងសុខាភិបាល

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​៦ កក្កដានេះ ​បញ្ជាក់ថា​ បន្ទាប់ពី​បរិភោគ​ត្រី​ក្រពត​ទាំងនេះ ​បាន​ ២០​នាទី ទៅ ២​ម៉ោង នឹង​បង្ហាញ​រោគសញ្ញា​ដូចជា​ ​រមាស់​នៅ​បបូរមាត់ និង​មាត់ ឈឺក្បាល វិលមុខ ចុង​អវយវៈ ពិបាក​និយាយ បើ​ស្ថិតក្នុង​ស្ថានភាព​ពុល​ខ្លាំង គឺ​ធ្វើឱ្យ​ថប់ដង្ហើម​ស្លាប់​តែម្តង​។
 
​ទាក់ទង​នឹង​វិធីសង្រ្គោះវិញ ក្រសួងសុខាភិបាល ប្រាប់ឱ្យ​ថា ក្រោយ​ពុល ត្រូវ​ក្អួត​ ដើម្បី​​អាចជួយ​បញ្ចេញ​សារធាតុពុល​បាន​មួយចំណែក​ពី​ក្នុង​ខ្លួន​អ្នក​បរិភោគ​ បន្ទាប់មក ត្រូវ​ប្រញាប់​បញ្ជូន​​ទៅរក​ការជួយ​សង្គ្រោះ​ជាបន្ទាន់ នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​។ សូម​បញ្ជាក់ថា​ ជាតិ​ពុលខ្ពស់​បំផុត​របស់​ត្រី​ទាំង​៥​ប្រភេទនេះ មាន​នៅ​រដូវ​ត្រីពង ក្នុងខែកុម្ភៈ មីនា និង​ចន្លោះខែកក្កដា ទៅខែ​កញ្ញា៕​
 

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ