សារមន្ទីរជាតិ តាំងពិព័រណ៍វត្ថុបុរាណ៩៩វត្ថុ ដែលប្រទេសនានាប្រគល់មកកម្ពុជាវិញ
- ថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៤:៥៩ នាទី រសៀល

ភ្នំពេញ៖ សារមន្ទីរជាតិកំពុងតាំងពិព័រណ៍វត្ថុបុរាណ ៩៩វត្ថុមិនអចិន្ត្រៃយ៍ ផ្ដោតសំខាន់លើ រូបចម្លាក់ខ្មែរ និងគ្រឿងអលង្ការធ្វើពីមាស ដែលបណ្ដាប្រទេសនានា ប្រគល់មកឱ្យកម្ពុជាវិញ។ ពិព័រណ៍នេះ មានរយៈពេល៦ខែ ចាប់ផ្ដើមពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

ស្ថិតក្នុងអគារទទឹងថ្ងៃទិសខាងលិច និងអគារបណ្ដោយថ្ងៃ នៅទិសខាងជើងភាគខាងលិច នៃអគារសារមន្ទីរជាតិភ្នំពេញ វត្ថុបុរាណទាំង៩៩វត្ថុ ដែលតាំងបង្ហាញមិនអចិន្ត្រៃយ៍ទាំងនោះ សុទ្ធសឹងមានតម្លៃ មិនអាចកាត់ថ្លៃបាន សម្រាប់ការសិក្សាស្រាវជ្រាវ និងដើម្បីស្វែងយល់ពីប្រវត្តិសិល្បៈខ្មែរ។
គ្រប់វត្ថុបុរាណដែលបានដាក់តាំងពិព័រណ៍ មានរំលេចពីសារបាន នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ បន្ថែមពីនោះពិព័រណ៍នេះ ក៏បាននិយាយពីច្បាប់ផ្សេងៗ ដែលជាមូលដ្ឋាន សម្រាប់ការធ្វើការងារ ទាក់ទងនឹងប្រធានបទនីមួយៗផងដែរ។

លោក មួង ច័ន្ទរស្មី ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នៃនាយកដ្ឋានសារមន្ទីរ បានប្រាប់សារព័ត៌មានថ្មីៗថា វត្ថុសិល្បៈដែលប្រគល់ប្រឡប់មកវិញនេះ គឺជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចា ទាមទារត្រឡប់មកវិញ ក្រោយប្រទេសកម្ពុជា មានសន្តិភាពពេញលេញ។ វត្ថុបុរាណទាំងនោះ ត្រូវបាននាំចេញដោយខុសច្បាប់ ពីប្រទេសកម្ពុជា កាលសម័យសង្គ្រាម ហើយចរាចរក្នុងទីផ្សារអន្តរជាតិ ដែលកាន់កាប់ដោយឯកជនមួយចំនួន នៅស្ទើរទូទាំងពិភពលោក។
លោក ច័ន្ទរស្មី ពន្យល់៖ «ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចរចាទាមទារ យកវត្ថុបុរាណខ្មែរត្រឡប់មកវិញ ដ្បិតអីកាលពីសម័យសង្គ្រាម វត្ថុទាំងនោះត្រូវនាំចេញដោយខុសច្បាប់ ហើយចរាចរក្នុងទីផ្សារអន្តរជាតិ និងកាន់កាប់ដោយ អ្នកកាន់កាប់សមុច័្ចយឯកជនមួយចំនួន នៅស្ទើរទូទាំងពិភពលោក»។

លោក មួង ច័ន្ទរស្មី ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នៃនាយកដ្ឋានសារមន្ទីរ
ស្ថិតក្នុងសាលតាំងពិព័រណ៍ លោក មួង ច័ន្ទរស្មី ថាសាធារណជន មិនត្រឹមតែអាចទស្សនា វត្ថុបុរាណ ដែលបានចាកឆ្ងាយប្រទេសកំណើតយ៉ាងយូរមកហើយនោះទេ ប៉ុន្តែក៏នឹងទទួលបានចំណេះដឹងបន្ថែមទៀត ពីការតាំងពិព័រណ៍ ដោយសារក្រុមការងារ បានភ្ជាប់ឯកសារ ពីកិច្ចការទាមទារវត្ថុបុរាណខ្មែរទាំងនោះ យកមកវិញជាដើម។
«នៅតាមរូបនីមួយៗ ក្រុមការងារយើង រំលេចពីសារបាននៃការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល។ ទីពីររំលេចពីច្បាប់ផ្សេងៗ ដែលជាមូលដ្ឋានសម្រាប់ ធ្វើការទាក់ទងនឹងប្រធានបទនេះ។ ក៏ជាឱកាស សម្រាប់ប្អូនៗ សិស្សនិស្សិតជំនាន់ក្រោយដែល ពួកគាត់មិនត្រឹមតែបានមើលពិព័រណ៍ទេ ថែមទាំងបានស្វែងយល់ ចំណេះផ្សេងៗបន្ថែមទៀត»។ នេះ ជាការបន្ថែមរបស់លោក រស្មី។
លោក លាវ ពីអ៊ិ ជានិស្សិតប្រវត្តិវិទ្យា ឆ្នាំទី២ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ សប្បាយចិត្តពេលបានឃើញអរិយធម៌ខ្មែរដ៏ល្អផូរផង់ តាមរយៈវត្ថុបុរាណដែលបានកសាងតាំងពីសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។ បុរសសម្បុរស្រអែមស្រស់រូបនេះ ពិតជា ស្ងើចសរសើរ ទេពកោសល្យ និងភាពប៉ិនប្រសប់ របស់បុព្វបុរសខ្មែរ ដែលបានបង្កើតវត្ថុសិល្បៈ ទាំងអស់នេះឡើង។

លោក លាវ ពីអ៊ិ ជានិស្សិតប្រវត្តិវិទ្យា ឆ្នាំទី២នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ
លោក ពីអ៊ិ បន្ថែម៖«សប្បាយចិត្តខ្លាំងមែនទែន ដោយសារខ្ញុំបានឃើញពីអរិយធម៌ ពី វប្បធម៌ដ៏អស្ចារ្យដ៏អច្ឆរិយ របស់ដូនតាខ្មែរយើង តាំងពីសម័យមុនអង្គរ រហូតដល់សម័យ អង្គរ និងមកដល់សម័យចុងអង្គរ។ បន្ទាប់មកដល់សម័យថ្មីៗនេះ។ រូបចម្លាក់ដែលយើង បានឃើញ មានទាំងធ្វើពីសំរឹទ្ធិ ដែលមានរូបចម្លាក់តូចៗ។ ហើយបើរូបចម្លាក់ធំៗវិញ គឺ ឆ្លាក់ចេញពីផ្ទាំងថ្មដាច់ៗដោយឡែក។ គិតមើលទៅ សម័យនោះ អត់ទាន់ទំនើប អត់ទាន់ មានបច្ចេកវិទ្យាជឿនលឿន ដូចយើងសព្វថ្ងៃទេ។ ប៉ុន្តែពួកគាត់អាចធ្វើបាន គឺអស្ចារ្យខ្លាំង មែនទែន។ មានអារម្មណ៍ថា ស្ងើចសរសើរបុព្វបុរសរបស់យើង»។
មកទស្សនាក្នុងសារមន្ទីរជាតិជាច្រើនដងមកហើយ ពីអ៊ិ ចូលមកដើម្បីសិក្សាស្រាវជ្រាវ និងផ្ទៀងផ្ទាត់បន្ថែម លើអត្ថបទមេរៀន ដែលលោកបានរៀននៅក្នុងសាលា។ លោកថាការ សិក្សាតែទ្រឹស្ដី ធ្វើឱ្យលោកនៅមានភាពស្រពិចស្រពិល ប៉ុន្តែនៅពេលបានមកឃើញ ភស្ដុតាង ជារូបចម្លាក់ផ្ទាល់ នាំឱ្យលោកយល់ច្បាស់។
«ទាក់ទងនឹងសៀវភៅអរិយធម៌ វប្បធម៌ខ្មែរ ទាក់ទងនឹងចម្លាក់ ប្រាសាទ និងចរនាបថអី ហ្នឹង ដូចជាផ្ដែរ គេមានរៀបរាប់ជាទ្រឹស្ដី។ ប៉ុន្តែពេលចូលមកមើលក្នុងសារមន្ទីរ ខ្ញុំអាច មើលរូបភាពបន្ថែមបាន ដែលអាចផ្សារភ្ជាប់ជាមួយការសិក្សា ងាយស្រួលដល់ការចងចាំ របស់ខ្ញុំ។ ខ្ញុំទើបតែចាប់ផ្ដើមផ្ដោតទៅលើរចនាបថភ្នំដា ដែលជារចនាបថសម័យមុនអង្គរ។ ក្នុងអំឡុងសតវត្សរ៍ទី៦-៧ រូបចម្លាក់ព្រះពុទ្ធបដិមាផ្សេងៗ មានរាងកាច់ចង្កេះ។ អ៊ីចឹងពេល ខ្ញុំអានក្នុងទ្រឹស្ដី ខ្ញុំមិនដឹងថា កាច់ចង្កេះនោះបែបណាទេ ប៉ុន្តែពេលបានមកឃើញផ្ទាល់ ធ្វើឱ្យខ្ញុំបានចេះដឹងជាងមុន»។ នេះជាការបន្ថែមរបស់លោក លាវ ពីអ៊ិ។

ចំណែក កញ្ញា ព្រឹម ធីតា មកពីខេត្តកំពង់ធំ នេះជាលើកទីមួយ ដែលកញ្ញាបានចូលទស្សនាសារមន្ទីរជាតិភ្នំពេញ។ មិនត្រឹមតែទស្សនាវត្ថុបុរាណ នាងថែមទាំងបានអានសារបាន ដែលមានភ្ជាប់ជាមួយវត្ថុបុរាណនីមួយៗ យ៉ាងយកចិត្តទុកដាក់ផងដែរ។
កញ្ញា ព្រឹម ធីតា ពន្យល់៖«ឃើញមានរូបសំណាក របស់បុរាណៗជាច្រើន ខ្ញុំក៏បានអានអក្សរដែលគេសរសេរលើហ្នឹងខ្លះៗដែរ ធ្វើឱ្យខ្ញុំបានដឹងថា របស់ទាំងអស់នោះ មកពី សម័យណាខ្លះ ហើយបានយកមកពីខេត្តណាខ្លះ។ ជាពិសេសខ្ញុំបានឃើញវត្ថុបុរាណថ្មីៗ ដែលខ្ញុំមិនដែលបានឃើញពីមុន»។
មកសារមន្ទីរជាតិ ជាមួយមិត្ត២នាក់ផ្សេងទៀត និស្សិតរៀននៅមណ្ឌលសិក្សា បច្ចេកទេស ធនាគារ ឆ្នាំទី២រូបនេះអះអាងថា នាងនឹងណែនាំមិត្តភ័ក្ដិផ្សេងទៀត ឱ្យចូលមកទស្សនាវត្ថុបុរាណ ក្នុងសារមន្ទីរជាតិតាមលទ្ធភាពដែលអាចធ្វើបាន។

កញ្ញា ព្រឹម ធីតា មកពីខេត្តកំពង់ធំ
«សម្រាប់យុវជនដទៃទៀត ខ្ញុំចង់ឱ្យពួកគាត់ ងាកមកគាំទ្រ ងាកមកជួយថែរក្សាវត្ថុបុរាណរបស់យើង ព្យាយាមចំណាយពេលអាន ឬចំណាយពេលមើលថាតើ នៅខ្មែរយើងមានវត្ថុបុរាណអ្វីខ្លះ។ ពេលយើងស្គាល់របស់យើង គឺយើងអាចថែរក្សាវាបាន។ ពេលដែលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងព្យាយាមណែនាំទៅអ្នកនៅជុំវិញខ្លួន ឬក៏មិត្តភ័ក្ដិផ្សេងៗរបស់ខ្ញុំ ឱ្យ បានមកទស្សនានៅសារមន្ទីរឱ្យបានគ្រប់គ្នា តាមដែលអាចធ្វើទៅបាន»។ នេះជាការអះ អាង របស់កញ្ញា ធីតា។
ចំណែកយុវជន ឡាយ សំបូរ ក៏បានចូលសារមន្ទីរជាតិជាលើកទី១ដែរ។ ដ្បិតនៅក្មេង ប៉ុន្តែ សំបូរ ដើរទស្សនារូបចម្លាក់ ហាក់ដូចជាអ្នកសិក្សាស្រាវជ្រាវមួយរូបដែរ។ ដូចអ្នកសិក្សា ស្រាវជ្រាវ ក៏ព្រោះថាយុវជនវ័យ១៧ឆ្នាំរូបនេះ ពិនិត្យរូបចម្លាក់ដោយការយកចិត្តទុកដាក់ ខ្ពស់។ រូបចម្លាក់ណា ដែលមិនមានដាក់ផ្លាកហាមប៉ះ រូបគេបានយកដៃទៅអង្អែល និង ស្ទាបកាន់ ហាក់ដូចជាក្នុងចិត្ត កំពុងងឿងឆ្ងល់អ្វីម្យ៉ាង។
តាមពិតទៅយុវជន មកពីខេត្តព្រៃវែងរូបនេះ បានទទួលការអប់រំនៅក្នុងសាលា ត្រឹមថ្នាក់ បឋមសិក្សាប៉ុណ្ណោះ។ គេធ្លាប់បានស្ដាប់គ្រូរ៉ាយរ៉ាប់អំពីវត្ថុបុរាណ និងនិទានអំពី ប្រវត្តិសាស្ត្រខ្មែរខ្លះៗដែរ កាលសម័យនៅរៀន។ ដោយសារវិបត្តិគ្រួសារ រូបគេត្រូវបង្ខំចិត្ត ឈប់រៀន ហើយឡើងមករកការងារធ្វើ ឯរាជធានីភ្នំពេញ ទាំងមិនទាន់គ្រប់អាយុ។

យុវជន ឡាយ សំបូរ
នេះជាលើកទីមួយហើយ ដែលយុវជនសម្បុរស្រអែម មានមាត់ព្រែករូបនេះ បានឃើញវត្ថុបុរាណ ជាពិសេសរូបចម្លាក់មនុស្សធំៗ ធ្វើឱ្យគេនឹកឃើញដល់សម្ដីរបស់គ្រូ ដែល ធ្លាប់និទានប្រាប់ថា មនុស្សជំនាន់មុន មានមាឌធំៗជាងមនុស្សសម័យបច្ចុប្បន្ន។
«វត្ថុបុរាណខ្មែរយើងមានច្រើនម៉ូត ច្រើនក្បាច់ ធ្វើឱ្យយើងត្រជាក់ភ្នែក ធ្វើឱ្យយើងចាប់ អារម្មណ៍នឹងវត្ថុបុរាណ ហើយនឹងពេញចិត្តនឹងវប្បធម៌ខ្មែរយើង កាន់តែខ្លាំង។ ធ្លាប់ឮតាម លោកគ្រូតិចតួច ថាពីសម័យមុន ដូនតាយើងដៃជើងគាត់ធំៗ ហើយខ្ញុំចាប់អារម្មណ៍ថា អ៊ីចឹងបានគាត់ពូកែ អាចធ្វើអង្គរវត្តបាន។ គាត់ខ្លាំង គាត់ពូកែ ប្រសិនដូចក្មេងយើងជំនាន់ឥឡូវ ក៏មិនអាចកសាងបានដូចគាត់ដែរ»។ នេះជាការរៀបរាប់របស់ សំបូរ។
កញ្ញា ជឿន សូត្រសុជាតិ គឺជាមិត្តរួមសាលាជាមួយកញ្ញា ធីតា ដែលបានមកទស្សនាវត្ថុបុរាណ ក្នុងសារមន្ទីរជាតិជាមួយគ្នា។ ក៏ចូលសារមន្ទីរជាលើកទីមួយ អ្វីដែលនាងចាប់អារម្មណ៍ខ្លាំងគឺទូកកិង ព្រោះវត្ថុនេះមានភាពប្រណីត គួរជាទីទាក់ទាញចិត្ត។

កញ្ញា ជឿន សូត្រសុជាតិ
កញ្ញា សុជាតិ បង្ហាញពីអារម្មណ៍របស់ខ្លួន៖«មានអារម្មណ៍ថាសប្បាយចិត្ត ដែលបានមកទីនេះ បន្ទាប់ពីបានឃើញរូបចម្លាក់។ ឃើញអ្វីផ្សេងៗដែលបានតាំងនៅទីនេះ មានអារម្មណ៍ថាខ្ញុំត្រូវរៀនពីប្រវត្តិសាស្ត្រជាច្រើនទៀត ព្រោះមានរបស់ជាច្រើន ដែលខ្ញុំមិនស្គាល់។ ខ្ញុំបានដឹងថារូបចម្លាក់ហ្នឹង មានប្រភពមកពីណា នៅសម័យណា ហើយគេប្រើសម្រាប់ធ្វើអ្វី។ ខ្ញុំសង្ឃឹមថាយុវជនខ្មែរទាំងអស់ សម័យឥឡូវអាចសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រឱ្យបានច្រើន។ ជួយលើកតម្កើង ក៏ដូចជាបង្កើតអ្វីថ្មីៗ សម្រាប់ក្មេងជំនាន់ក្រោយ»។
ដោយដឹងច្បាស់ ពីសារសំខាន់នៃការសិក្សា ស្វែងយល់ពីប្រវត្តិសាស្ត្រ តាមរយៈការទស្សនាវត្ថុបុរាណ និស្សិតប្រវត្តិសាស្ត្រ ពីអ៊ិ លើកទឹកចិត្តយុវជនកម្ពុជាគ្រប់រូប ចូលទៅទស្សនាសារមន្ទីរជាតិ ឱ្យបានម្ដងក្នុងមួយជីវិត។
បុរសវ័យ១៩ឆ្នាំរូបនេះពន្យល់ ៖«ជា យុវជនខ្មែរមួយរូប គួរណាស់គាត់ចូលមកទស្សនា សារមន្ទីរជាតិយើងឱ្យបានម្ដង មិនថា នៅរាជធានីភ្នំពេញ ឬនៅសៀមរាប ឬនៅឯខេត្តនានាដែលមានសារមន្ទីរ។ យើងគួរតែចូល មើល ដើម្បីមើលពីវប្បធម៌ អរិយធម៌ ដ៏ត្រចះត្រចង់របស់ខ្មែរយើង ដែលដូនតាយើងគាត់ បានបន្សល់ទុក ឱ្យកូនចៅជំនាន់ក្រោយ។ ការទស្សនានេះល្អ ព្រោះយើងបានយល់ដឹងពី ប្រវត្តិសាស្ត្រ ប្រទេសខ្លួនឯងកាន់តែច្បាស់។ ការរៀនប្រវត្តិសាស្ត្រ មានសារសំខាន់ច្រើន និងមានអត្ថប្រយោជន៍ច្រើន»។

លោក មួង ច័ន្ទរស្មី ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នៃនាយកដ្ឋានសារមន្ទីរ ថាមកដល់ពេលនេះ មានប្រទេសជាដៃគូជាច្រើន ដែលធ្វើការងារលើការសហការ ប្រគល់វត្ថុបុរាណខ្មែរ ត្រឡប់មកវិញ ដោយសរុបប្រមាណជាង១០ប្រទេស។ លោក ច័ន្ទរស្មី អះអាងថា ប្រមាណ៥ឆ្នាំចុងក្រោយនេះ សម្ទុះនៃការប្រគល់វត្ថុបុរាណខ្មែរ ត្រឡប់មកវិញមានច្រើន។
លោក មួង ច័ន្ទរស្មី ពន្យល់ថា ៖ «នៅពេលយើងមានសន្តិភាពពេញលេញ យើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចរចារ និងទាមទារត្រឡប់មកវិញ។ មកដល់ពេលនេះយើងឃើញមាន ប្រទេសជាដៃគូជាច្រើន ដែលបានប្រគល់វត្ថុទាំងអស់នោះ ត្រឡប់មកវិញ។ មានដូចជាប្រទេសអង់គ្លេស សហរដ្ឋអាមេរិក ហើយនឹងប្រទេសមួយចំនួនទៀត មកដល់ពេលនេះប្រហែលជាជាង១០ប្រទេស»។

សូមបញ្ជាក់ថា ការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ ចំពោះវត្ថុបុរាណទាំង៩៩វត្ថុនោះ មាន៥វត្ថុ ធ្វើពីថ្ម ២២វត្ថុធ្វើពីសំរឹទ្ធិ និង៧២វត្ថុ ជាគ្រឿងអលង្ការធ្វើពីមាស។ ដោយឡែកគ្រឿងអង្ការ ធ្វើពីមាស បែងចែកជា៦ក្រុម សម្រាប់តាំងបង្ហាញពេញ៦ខែ ដោយក្នុងមួយក្រុម តាំង បង្ហាញមួយខែ។ គ្រឿងអលង្ការមាសនោះ មានជាឈុត មកុដ ខ្សែព័ទ្ធឆៀង ក្រវិល និង គ្រឿងលម្អផ្សេងៗ។ ការតាំងពិព័រណ៍វត្ថុបុរាណទាំង៩៩វត្ថុ រយៈពេល៦ខែនេះ នឹងបើកឱ្យសាធារណជន ចូលទស្សនាជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផងដែរ ៕

អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: