ជំងឺ​ក្អក​មាន់លេច​ឡើង​ជា​ថ្មី សម្លាប់​ក្មេង​ជា​ច្រើន​នាក់​នៅ​បារាំង
  • ថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៨:៥៩ នាទី យប់
ជំងឺ​ក្អក​មាន់លេច​ឡើង​ជា​ថ្មី សម្លាប់​ក្មេង​ជា​ច្រើន​នាក់​នៅ​បារាំង

ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១៧​នាក់ ក្នុង​នោះ​១៤នាក់​ជា​ទារក និង​បីនាក់​ជា​មនុស្ស​ចាស់ អាយុ​លើស​៨៥ឆ្នាំ នៅ​ឆ្នាំ​២០២៤​នេះ ដោយ​ជំងឺ​ក្អក​មាន់។ ជំងឺ​ក្អក​មាន់​តែ​គេ​សឹង​ភ្លេច​បាត់​ទៅ​ហើយ​ស្រាប់​តែ​ផ្ទុះ​កំរើក​ឡើង​នៅ​វិញ យ៉ាង​ខ្លាំង​ ​នៅ​ស្រុក​បារាំង​និង​អឺរ៉ុប​។ តើ​ក្អ​ក​មាន់​ជា​ជំងឺ​អ្វី? ហេតុ​មាន​ផ្ទុះ​ករណី​ក្អកមាន់​ច្រើន​នៅអឺរ៉ុប? តើ​ត្រូវ​ការពារ​ខ្លួន​ពី​ជំងឺ​ក្អកមាន់​នេះ​យ៉ាង​ដូចម្តេច?
TTN-Free-Banner-In-Article-PC
 
ក្អកមាន់​ ជំងឺ​ដែល​គេ​ភ្លេច​ ស្មាន​តែ​កម្ចាត់​បាន​ទាំង​ស្រុង​ហើយ បាន​វិល​មក​សម្លាប់​ជីវិត​មនុស្ស​ជា​ថ្មី ក្នុង​ល្បឿន​ក៏​គួរ​ឱ្យ​ព្រួយ​បារម្ភ នៅ​អឺរ៉ុប។ ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៤​នេះ មាន​កុមារ​១៤​នាក់​ មនុស្ស​ចាស់​អាយុ​លើស​៨៥​ឆ្នាំ​បីនាក់​ បាន​បាត់បង់​ជីវិត​ និង​ជាង​៦ពាន់​នាក់កំពុង​ទទួល​ការព្យាបាល​ជំងឺ​ក្អក​មាន់ នៅក្នុង​ប្រទេស​បារាំង​។ ក្នុង​កំរិត​អឺរ៉ុប ពីកើតទៅ​លិច​ ពី​​ប្រទេស​អង់គ្លេស​ដល់​សាធារណរដ្ឋ​ឆែក ករណី​កើត​ជំងឺ​ក្អក​មាន់​បាន​កើនឡើង​គួរ​ជា​កត់​សម្គាល់ដែរ។ ​៧៨៨៨​ករណី​នៅ​ប្រទេស​ឆែក ជាង​មួយពាន់​នាក់​នៅ​ប្រទេស​ក្រូអាស៊ី និង​ក៏​មាន​ច្រើន​ករណី​ដែរ នៅ​ប៊ែលហ្ស៊ិក ដាណឺម៉ាក អាល្លឺម៉ង់​ ​អេស្ប៉ាញ ឬហូឡង់ អង់គ្លេស​… ជាមួយ​នឹង​សេចក្តី​ជូន​ដំណឹង​នៃការ​ស្លាប់​ជា​បន្ត​បន្ទាប់​ទៀត។
 
ក្នុង​មួយ​ឆ្នាំៗ ជំងឺ​ក្អក​មាន់​មាន​កើត​ប្រមាណ​៤០លាន​ករណី​ និង​សម្លាប់​មនុស្ស​អស់​ប្រមាណ​បី​សែន​ នៅលើ​ពិភពលោក។ មាន​ន័យ​ថា​ជំងឺ​ក្អកមាន់ មិន​បាន​ផុត​រលត់​ពី​ភពផែន​ដី​ទេ។ ប៉ុន្តែ​ជំងឺ​នេះ​បាន​បំប្លែង​ទម្រង់ និង​លេច​ឡើង​ប្រៀប​ដូច​ជា​រលក យូរៗផ្ទុះ​ឆ្លង​ខ្លាំង​​ម្តង​ ទៅ​តាម​វដ្ត​របស់​វា។ ជា​ទូទៅ​ពពួក​ជំងឺ​ដែល​គេ​ភ្លេច​ទៅ​ហើយ​នេះ តែង​តែ​លេច​ឡើង​មក​វិញ​ជារៀង​បួន​-ប្រាំ​ឆ្នាំម្តង​​ ឬជួន​ដល់​​១០​ឆ្នាំ​ម្តង ជាមួយ​ការ​បំប្លែង​ខ្លួន​បន្តិច លិប​​បាត់ហើយ​​លេច​ឡើង​មក​វិញ​ដោយគ្មាន​ប្រាប់​ជា​មុន​ទេ។ តែ​នៅ​ពេល​ត្រលប់​មក​វិញ​ម្តងៗ ជំងឺ​នៅ​តែ​កំណាច​អាច​ផ្តាច់​ជីវិត​មនុស្ស​បាន​ជា​និច្ច។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ព្រឹទ្ធ​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​លោក ហ្វីលីព សានសូនេទី Philippe Sansonetti។
 
ការ​វិល​ត្រលប់​មក​វិញ​លើក​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​ផ្ទុះ​ជំងឺ​ក្អក​មាន់ដ៏​ខ្លាំង​មិន​ធ្លាប់​ប្រទះទេ គិត​ក្នុង​រយៈ​ពេល​ជាង​៤០​ឆ្នាំ​កន្លង​មក​នេះ ដែល​ពិភពលោក​ចាប់​​មាន​យុទ្ធនាការ​ចាក់ថ្នាំបង្ការ​ប្រឆាំង​នឹងជំងឺ​ក្អកមាន់​មក។
 
តើ​ក្អក​មាន់​ជា​ជំងឺ​អ្វី?

ក្អកមាន់​​ជា​ជំងឺផ្លូវ​ដង្ហើម ដ៏​មហា​ឆ្លង បង្ក​ឡើង​ដោយ​បាក់តេរី​ពពួក​Bordetella pertussis ឬ parapertussis និង​ផ្តល់​អាការៈ​រោគ​ពិសេស​ ប្លែក​ពីការ​ក្អក​ធម្មតា។ នៅ​ពេល​បាក់តេរី​បានចម្លង​​ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ​ វា​នឹង​សំងំ​នៅក្នុង​សរីរាង្គកាយ​យើង​រយៈ​ពេល​ប្រមាណ​១០​ថ្ងៃ​ ទើប​បញ្ចេញ​រោគ​សញ្ញា​ដំបូង។ មុន​ការ​រក​ឃើញ​ថ្នាំ​បង្ការ អ្នក​ផ្ទុក​មេរោគ​ជំងឺ​ក្អកមាន់ម្នាក់​មាន​សមត្ថភាព​​អាច​ចម្លង​ទៅ​អ្នក​ដទៃ​ជុំ​វិញ​ខ្លួន ប្រមាណ​ពី​១៥​ទៅ​១៧​នាក់​ជា​មធ្យម។​ ពោល​គឺ​ជា​ជំងឺ​ឆ្លង​ខ្លាំង-ខ្លាំង​ជាង​ជំងឺ​កូវីដ​ពេលផ្ទុះ​​ឡើង​ដំបូងដល់​១០​ដង​ឯណោះ។ ក្អកមាន់​​ពេញ​អំណាច​ចម្លង​បំផុត នៅ​សប្តាហ៍​ដំបូង​ ​ពេល​អ្នក​ជំងឺ​ចាប់​ផ្តើម​មាន​រោគ​សញ្ញាក្អក​ភ្លាម និង​រហូត​ដល់​បី​សប្តាហ៍។ បន្ទាប់​ពី​​ប្រើ​ថ្នាំ​ផ្សះ​អង់ទីប៊ីយូទីក​បាន​ពីរ​បី​ថ្ងៃ​ ជំងឺ​ចាប់ផ្តើម​ស្រាក សមត្ថភាព​ចម្លង​ទៅ​អ្នក​ដទៃ​ក៏​ចាប់​ចុះ​ថយ​ដែរ។
 
ការ​ចម្លង​ធ្វើ​ឡើង​តាមផ្លូវ​ដង្ហើម តាម​រយៈការ​ប៉ះពាល់ទឹក​សំបោរ​ តាម​​រយៈ​ការ​ខ្ទាត​ទឹក​មាត់ ពេល​ក្អក ពេល​និយាយ​។ តែ​នៅក្នុង​ប្រទេស​ដែល​មាន​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​លើគ្រប់​រូប​​កុមារជា​ចាំ​បាច់​នោះ ​ទារក​​ច្រើន​តែ​ឆ្លង​មេរោគ​ក្អក​មាន់​ពី​មនុស្ស​ធំ។
 
រោគ​សញ្ញា​សម្គាល់មាន​ដូច​គ្នា​មិនថា​សម្រាប់​ក្មេង​ឬមនុស្ស​ចាស់ទេ។ អ្នក​ជំងឺ​ចាប់​ផ្តើម​ដំបូង ដោយ​អាការៈ​ហៀ​សំបោរជាប់​ មួយ​អាទិត្យ​ពីរ អម​ដោយ​ការ​ក្តៅ​ខ្លួន​តិច​តួច។ បួន​ដប់​ថ្ងៃ​កន្លង​ទើប​លេច​អាការៈ​ក្អក​ឡើង។ ដំបូង​ក្អ​ក​តិចៗ តែ​ក្រោយ​មក​​​ ​អ្នក​ជំងឺ​ក្អក​យ៉ាង​ខ្លាំង ភ្លាមៗ ជាប់ៗ​គ្នា ស្ទើរ​ដក​ដង្ហើម​ អម​ដោយ​ស្នូរ​ដង្ហើម​ដង្ហក់​ឮ​ដូច​មាន់​ ហេតុ​ដូច្នេះហើយបា​ន​ជា​គេ​ហៅ​​ជំងឺ​នេះ​ថា​ក្អក​មាន់។ នេះ​បើ​តាម​ប្រសាសន៍​បំភ្លឺ​របស់​លោក​សាស្ត្រាចារ្យ​ Sylvain Brisse នាយក​មជ្ឈមណ្ឌលជាតិ​ទទួល​បន្ទុក​​ជំងឺ​ក្អក​មាន់​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដោយ​រំលឹក​ថា អាការៈក្អក​អាច​អូសបន្លាយ​ពេល​ជា​ច្រើន​សប្តាហ៍និង​ដល់​១០០ថ្ងៃ ប្រសិន​បើ​គ្មាន​ការព្យាបាល​។ អ្នក​ជំងឺ​អាច​ក្អក​ខ្លាំង​ ដោយ​គ្មានអាការៈ​ក្តៅ​ខ្លួន​ទេ និង​ក្អក​ជា​ពិសេស​នៅ​ពេល​យប់។
 
ថ្នាំបង្ការ​ជា​វិធី​ការពារ​​ជំងឺ​ក្អកមាន់ដ៏​មាន​ប្រសិទ្ធភាព

ជំងឺ​ក្អកមាន់ ជា​តំណាង​​គ្រោះថ្នាក់ខ្លាំង​​ជាពិសេសសម្រាប់​មនុស្ស​ចាស់ ស្ត្រី​មាន​គភ៌ និង​ទារក​ទើប​នឹង​កើត (ការ​ចាក់​ថ្នាំប​ង្ការក្អកមាន់​ ដូស​ទីមួយ នៅ​អាយុ​ពីរ​ខែ​ និង​ដូសទីពីរ​នៅ​អាយុ​បួន​ខែ)។ ទារក (ក្រោម​ពីរ​ខែ) ​តូច​ពេក​​មិន​ទាន់​អាច​ទទួល​ថ្នាំ​បង្ការ​បាន ឱ្យ​តែ​ឆ្លង​មេរោគ​ក្អក​មាន់​អាច​ស្លាប់ និង​ត្រូវ​តែ​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅក្នុង​មន្ទីរ​ពេទ្យ ដើម្បី​បាន​ទទួល​ព្យាបាលសមស្រប​ផង និង​បាន​ទទួល​ការ​តាមដានស្ថានភាព​សុខភាព​​ផ្លូវ​ដង្ហើម​ផង។ ក្នុង​វ័យ​ក្មេង​ខ្ចី​បែប​នេះ ​ជំងឺ​ផ្លូវ​ដង្ហើម​ក្អកមាន់អាច​បង្ក​ផលប៉ះពាល់​រំខាន​ជា​ច្រើន​ដូច​ជា ខ្សោះ​ជាតិ​ទឹក ខ្វះអាហារូបត្ថម្ភ ចុះ​គីឡូ មានជំងឺ​​បង្ករោគ​មួយហើយមួយទៀត ឬ​កាន់​តែធ្ងន់ធ្ងរ​នាំ​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​បេះដូង និង​ប្រព័ន្ធ​ប្រសាទករណី​ស្លាប់ដោយជំងឺក្អកមាន់​នៅប្រទេស​បារាំង​និងអឺរ៉ុប​ពេល​នេះ ៩០%​ជា​ទារក​ក្រោម​៦​ខែ​ ជា​ឧទាហរណ៍​ជាក់​ស្តែង។ ហេតុដូច្នេះ​ហើយ​បាន​ជាអាជ្ញាធរ​សុខភាព​បារាំង បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្នខ្លាំង​នឹង​ជំងឺ​ក្អកមាន់​នេះ និង​ផ្តល់​អនុសាសន៍​ឱ្យ​មនុស្ស​ធំពេញ​វ័យ​ មាន​គម្រោង​ចង់​បាន​កូន និង​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ ទៅ​ចាក់​ថ្នាំប​ង្ការ​ជំងឺ​ក្អក​មាន់។
 
បើ​តាម​អ្នក​ស្រី​សាស្តាចារ្យ​វេជ្ជបណ្ឌិត Anne-Claude Crémieux​ គ្រូពេទ្យ​ជំនាញផ្នែក​​ជំងឺ​ឆ្លង​ស្ត្រី​មានផ្ទៃពោះ​អាច​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ក្អក​មាន់ នៅ​ពេល​មាន​ទម្ងន់​បាន​៨​ខែ។ ការ​ចាក់​ថ្នាំបង្ការ​នៅ​ពេល​នេះ​ នឹង​ជួយ​បង្កើន​អត្រា​អង់ទីក័រ​របស់​ម្តាយ ឱ្យ​ឡើង​ខ្ពស់​ខ្លាំង។ ហើយ​ម្តាយ​អាច​ចែក​រំលែក​បញ្ជូ​ន​ទៅ​ឱ្យ​កូនទើប​កើត​ ឱ្យ​មាន​សមត្ថភាព​ទប់​ទល់​នឹង​មេរោគ​បាន​ ទម្រាំ​​ដល់​អាយុ​ដែល​ទារក​អាច​​ទទួល​វ៉ាក់សាំងដោយ​ខ្លួន​ឯងបាន។ ប្រការ​សំខាន់​មួយ​ទៀត គឺ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ទារក​ទើប​កើត ក៏​ត្រូវ​តែ​ធ្វើ​បច្ចុប្បន្នភាព​ថ្នាំ​បង្ការ​របស់​ខ្លួន​ដែរ។
 
បើ​មាន​លេចករណី​ក្អក​ហើយ ចាំបាច់​ទៅ​ទៅពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ភ្លាម ដើម្បីធ្វើ​ការ​វិភាគ​​ឱ្យ​បាន​ច្បាស់​លាស់​​ថាពិត​​ជា​ជំងឺ​ក្អកមាន់មែន​ឬ​យ៉ាងណា។ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឱ្យ​ធ្វើ​តេស្តPCR​ រុក​ច្រមុះ​ដូច​តេស្ត​កូវីដ។ ក្នុង​ករណី​មាន​ជំងឺ​ក្អក​មាន់ អ្នក​ជំងឺ​នឹង​ទទួល​បាន​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះសម្រាប់​មេរោគ (អង់ទីប៊ីយូទិក) ​រយៈពេល​​ខ្លី ពី​បី​ទៅ​៥​ថ្ងៃ​។ ជា​ទូទៅ​ថ្នាំ​ផ្សះ​បច្ចុប្បន្ន​មាន​ប្រសិទ្ធភាព​ខ្លាំង​គួរសម​ប្រឆាំង​នឹងជំងឺ​ក្អកមាន់។ ហើយ​ក្នុង​អំឡុង​ពេល​នោះ ត្រូវ​ចៀសវា​កុំ​ជួប​មនុស្ស​ចាស់​ជរា កុមារ និង​ពិសេសទារក​ ព្រមទាំង​ពាក់​ម៉ាស​ពេល​ដើរ​ហើរ​ឬ​ទៅធ្វើ​ការ។
 
ការការ​ពារ​ប្រសើរ​ជាងព្យាបាល ជា​សុភាសិត​ដ៏​ល្អ​​គ្មាន​អ្វីប្រៀប​បាន​ឡើយ។ ​ដើម្បី​ចៀស​វាង​កុំ​ធ្លាក់​ខ្លួន​កើត​ជំងឺ​ក្អក​មាន់​បាន គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ចាក់​ថ្នាំ​បង្ការ​ទេ។ ថ្នាំ​បង្ការ​ជំងឺ​ក្អក​មាន់ ដែល​បច្ចុប្បន្ន​ ដូច​ថ្នាំបង្ការប្រឆាំង​ជំងឺ​ខាន់ស្លាក់ តេតាណូស គ្រុន​ស្វិតដៃជើង  ​ជា​ថ្នាំ​បង្ការចាំបាច់ដាច់​ខាត​ត្រូវ​ចាក់​លើ​ក្មេង​ចាប់​ពី​អាយុ​ ២ -៤ និងនៅ​១១​ខែ។ បន្ទាប់​មក​កុមារ​ត្រូវ​ចាក់​វ៉ាក់សាំង​រំលឹក នៅ​អាយុ​៦​ឆ្នាំ​ម្តង​ទៀត និង​បន្ទាប់​មក​នៅ​ចន្លោះ​អាយុ​១១-១៣​ឆ្នាំ។ ដូច​បាន​ជម្រាប​ជូន​ខាង​លើ ដើម្បី​បង្កើនបរិមាណ​អង់ទីក័រ​សម្រាប់​ខ្លួន​ឯង​ផង ​និងបញ្ជូនឱ្យ​ទៅការពារ​​កូន​តាំងពី​នៅ​ក្នុង​ផ្ទៃផង​ ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ត្រូវ​អញ្ជើញ​ទៅ​ចាក់ថ្នាំបង្ការនេះ​ដែរ។ សម្រាប់​មនុស្សធំ​ពេញ​វ័យ​ទូទៅ សូម្បី​កុំ​ភ្លេច​ចាក់​ថ្នាំ​បង្ការ​រំលឹក​​ ជា​រៀង​រាល់​២០ឆ្នាំ​ម្តង ឧទាហរណ៍​នៅ​អាយុ​២៥​ឆ្នាំ ៤៥ឆ្នាំ និង​៦៥​ឆ្នាំ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

Other