UNHCR៖ ដំណើរជនភៀសខ្លួន​ឆ្លងកាត់ផ្លូវគោកនៅអាហ្វ្រិក គ្រោះថ្នាក់ខ្លាំង​ជាង​នៅសមុទ្រ​តំបន់​មេឌីទែរ៉ាណេ
  • ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៣៩ នាទី យប់
UNHCR៖ ដំណើរជនភៀសខ្លួន​ឆ្លងកាត់ផ្លូវគោកនៅអាហ្វ្រិក គ្រោះថ្នាក់ខ្លាំង​ជាង​នៅសមុទ្រ​តំបន់​មេឌីទែរ៉ាណេ
ជនភៀសខ្លួន​ម្នាក់នៅ​តំបន់សាហារ៉ា។ រូបថត​ឆ្នាំ២០០៥ AFP - SAMUEL ARANDA

ដោយ៖ហេង ឧត្តម/ RFI ខេមរភាសា

ជនភៀសខ្លួន​ ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​បាត់បង់​ជីវិត ​រងគ្រោះអំពើ​​ហិង្សា និងការ​រំលោភបំពាន​ផ្សេងៗ បាន​កើត​មា​នជាច្រើន​ហូរហែ​។ មន្ត្រីជាន់ខ្ពស់​ឧត្តម​ស្នងការ​ជនភៀសខ្លួន​ នៃអង្គការ​សហប្រជាជាតិ បាន​ក្រើន​រំឭក​ដល់​ថ្នាក់ដឹកនាំប្រទេស​អឺរ៉ុប​ ឲ្យ​គិត​គូរពិចារណា​​រក​ដំណោះស្រាយ​ជួយ​ជន​ភៀសខ្លួនជាបន្ទាន់​ ក្រោយ​ពីទទួល​បាន​សក្ខីកម្ម​ពី​ជនភៀសខ្លួនជាច្រើន​នាក់​។ ជនភៀសខ្លួន​​ទាំង​នោះ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់តំបន់​សាហារ៉ា​និង​ឆ្ពោះទៅសមុទ្រ​តំបន់​មេឌីទែរ៉ាណេ ​បានបញ្ជាក់ថា​ ពួក​គេ​បាន​ស្គាល់​អ្នក​ស្លាប់ និង​ឃើញសាកសព​ នៅតាម​ដំណើរ​ផ្លូវ​គោក​ គួរ​ឲ្យ​អាណោចអាធ័ម។
TTN-Free-Banner-In-Article-PC


បណ្តា​ជនភៀសខ្លួនដែល​រួច​ជីវិត​ពីស្លាប់ បាន​ប្រាប់​​ឧត្តម​ស្នងការ​ជនភៀសខ្លួនថា ពួក​គេ​បាន​ឃើញសាកសព​មនុស្ស​ និង​បាន​ស្គាល់​មនុស្ស​ដែល​ស្លាប់​ទៅហើយ នៅតាម​ដំណើរផ្លូវ​ភៀសខ្លួន​របស់​ពួក​គេ​។ ជនភៀសខ្លួនក៏លើកឡើងដែរ​ថា ដំណើរតាម​ផ្លូវ​គោក មា​នគ្រោះថ្នាក់ ប្រឈម​នឹង​ហានិភ័យ​បាត់​បង់​ជីវិត ឬ​គ្រោះថ្នាក់ហិង្សា​ផ្សេងៗ ច្រើន​ជាង​តាម​ផ្លូវ​ទឹក​ ទៅទៀត។

នេះបើតាមការ​រៀបរាប់​ពីសំណាក់​​លោក Vincent Cochetel ប្រេសិតពិសេស របស់​ឧត្តម​ស្នងការ​ជនភៀសខ្លួន​ នៃអង្គការ​សហប្រជា​ជាតិ​ ទទួល​បន្ទុក​នៅ​តំបន់អឺរ៉ុប​និង​​មេឌីទែរ៉ាណេ។  
 
មន្ត្រីជាន់ខ្ពស់ឧត្តម​ស្នងការ​ជនភៀសខ្លួន រូបនេះ​ ​សង្កត់ធ្ងន់ថា ​ ​ក្នុងចំណោម​ជនភៀសខ្លួន ៣១ ០០០ នាក់ ដែល​បាន​ផ្តល់​សម្ភាសន៍ មា​ន ១ ១៨០ នាក់ បានឃើញ​សាកសព​មនុស្ស​ ដេកដួល ត្រូវ​បំបរបង់​ចោល​​តាម​ផ្លូវ ជាក់ស្តែង​ដោយ​ផ្ទាល់​ភ្នែក នៅអំលុង​ពេល​ពួក​គេ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់វាល​​ខ្សាច់​សាហារ៉ា ចន្លោះ​ខែ​មករា ឆ្នាំ២០២០ និង​ឆ្នាំ២០២៤។ ហើយ​អ្ន​ក​ដែល​​ភៀសខ្លួន​តាម​ផ្លូវ​គោកទាំងនោះ​ សុទ្ធ​តែ​បាន​ឮបាន​ដឹង​​រឿង​ដ៏​សោកសង្រេង​នេះ។​
 
ជន​​ភៀសខ្លួនស្វែងរក​ជីវិត​ថ្មី នៅ​ដីទ្វីប​ថ្មី​ ក៏ព្រោះតែ​បញ្ហា​ជម្លោះ​នៅក្នុង​ប្រទេសរបស់​ពួក​គេ​ ឬរងគ្រោះ​ព្រោះតែ​បញ្ហាអាកាសធាតុ បញ្ហា​សេដ្ឋកិច្ច ឬក៏​ព្រោះតែ​រើស​អើង​ផ្សេងៗ។ ក្នុង​ដំណើរ​ឆ្លង​កាត់​តំបន់​អាហ្វ្រិក​ ជនភៀសខ្លួន​  ជាទូទៅ​ត្រូវប្រឈម​មុខ​នឹង​ការ​ធ្វើ​ទារុណកម្មហិង្សា​ ចាប់ជំរិត ចាប់ឃុំ​ឃាំង​ និង​រំលោភ​សេព​សន្ធវៈ​។ បើតាម​ទិន្នន័យ​សម្ភាសន៍​​របស់​ឧត្តម​ស្នងការ​ជនភៀសខ្លួន, មាន​៣៨% រងគ្រោះហិង្សារាងកាយ ហើយ​ ១៥% រងគ្រោះ​រំលោភផ្លូវ​ភេទ។ មិនតែប៉ុណ្ណោះ ការ​ជួញដូរ​សរីរាង្គកាយ ​ក៏​ជាការប្រឈម​ចំពោះ​ជនភៀសខ្លួន​ដែរ។​ ជនភៀសខ្លួន​ខ្លះត្រូវ​គេ​លួច​​វះក្រលៀនយកទៅបាត់ ទាំង​មិនដឹងខ្លួន ក្រោយពីត្រូវថ្នាំ​សណ្តំ។ លើសពីនេះ ក៏​មាន​ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​អូសទាញ ​ឲ្យ​លក់​ក្រលៀន ដើម្បី​បាន​លុយ​កាក់​ធ្វើ​ដំណើរ​ទៅមុខ​ទៀត។ ​
 
ជនភៀសខ្លួន ដែលត្រូវ​ចាញ់​បោក​ពីសំណាក់​ឈ្មួញ​អ្ន​កនាំផ្លូវ ជាបញ្ហា១ តែ​បញ្ហា​១ជាន់​ទៀត​ចំពោះ​អ្នក​ភៀសខ្លួន​តា​មផ្លូវគោក​ទាំងនោះ គឺ​ក្រុម​កម្លាំង​ប្រដាប់​អាវុធ ឬពួក​ភេរវជន​ជីហាត​ ឬក៏​ក្រុម​កម្លាំងអន្ធពាល។
 
បើតាមលោក Vincent Cochetel ប្រេសិតពិសេសរបស់​ឧត្តម​ស្នងការ​ជនភៀសខ្លួន​, ការ​ផ្សព្វផ្សាយទិន្នន័យ​និងព័ត៌មាន​ស្តីពី​ជនភៀសខ្លួន​នៅតំបន់​សាហារ៉ា​​នេះ ពុំ​មែន​ឲ្យ​ជន​ភៀសខ្លួន ជ្រើសរើស​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក ឬ​ក៏​ផ្លូវគោក​នោះទេ ក៏ប៉ុន្តែ ឧត្តម​ស្នងការ​ជនភៀសខ្លួន ចង់​​ក្រើន​រំឭកប្រាប់​​ដល់​ថ្នាក់ដឹកនាំប្រទេសនីមួយៗ​​ ឲ្យ​គិត​គូរពិចារណា​​ រក​ដំណោះ​ស្រាយ​​ជួយ​ជន​ភៀសខ្លួន ជាបន្ទាន់​​​៕

© រក្សាសិទ្ធិដោយ thmeythmey.com

Other